ជាតិ
ស្ត្រី​ជោគជ័យ​ក្នុង​អាជីព​ចែករំលែក​បទពិសោធន៍​ជោគជ័យ​របស់ខ្លួន​
25, Dec 2017 , 9:19 pm        
រូបភាព
លោកស្រី អ៊ឹង កន្ថាផាវី
លោកស្រី អ៊ឹង កន្ថាផាវី
​ភ្នំពេញ​៖ ក្នុង​សិក្ខាសាលា​ដែលមាន​វត្តមាន​ស្ត្រី​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន រួមទាំង​ស្ត្រី​ជា​តារាចម្រៀង​ល្បីៗ បានមក​ចែក​បទពិសោធន៍ ជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន​ដល់​យុវជន​។ ការចែករំលែក​បទពិសោធ​ន៍​នេះ នឹងធ្វើ​ឲ្យ​យុវជន​មាន​ភាពក្លាហាន និង​រឹងមាំ​ជាង​មុន​។ ជាមួយគ្នានេះ​សិក្ខាសាលា​នេះ ផ្ដោត​សំខាន់​សម្រាប់​នារី គឺ​ធ្វើយ៉ាងណា​ឲ្យ​នារី​ក្លាយជា​នារី​រឹងមាំ មានគុណ​ភាព ដែល​សង្គម​ត្រូវការ​។​



​ស្ត្រី​មកពី​ផ្នែក​ជំនួញ ស្ត្រី​ជា​មន្ត្រីរាជការ និង​ស្ត្រី​ក្នុង​ផ្នែក​សិល្បៈ ចំនួន​៨​រូប បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន ដល់​យុវជន​ជំនាន់​ក្រោយ​។ វាគ្មិន​ជា​ស្ត្រី​ជោគជ័យ និង​ឆ្នើម​ទាំងនេះ បាន​បង្កើត​ទំនុកចិត្ត និង​បង្កើត​ភាពរឹងមាំ​ដល់​អ្នកចូលរួម ដែល​ភាគច្រើន​ជា​យុវវ័យ​។​

​សិក្ខាសាលា «​កសាង​ខ្លួន​ឲ្យ​ក្លាយជា​នារី​រឹងមាំ មានគុណ​ភាព លើសពី​នារី​ដែល​គ្រាន់តែ​ស្អាត​» ជា​សិក្ខាសាលា​មួយ ដែល​រៀបចំ​ដោយ YES I CAN​។ កញ្ញា ស្រេង ណៃ​ហ៊ុយ ប្រធាន​ក្រុមយុវជន YES I CAN បាន​ប្រាប់​ឲ្យ​ដឹងថា កម្មវិធី SUPER WOMEN នេះ រៀបចំឡើង​ក្នុង​គោលបំណង បង្កើន​ចំនួន​នារី​ដែលមាន​គុណភាព រឹងមាំ លើសពី​អ្វីដែល​ខ្លួន​មាន​ពី​កំណើត និង​ក្លាយជា​មនុស្ស​ស្រី​ដែល​មនុស្ស​គ្រប់រូប​ត្រូវការ សង្គម​ត្រូវការ និង​អាច​ពឹងពាក់​បាន​។

​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​លើកឡើងថា  ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី ធ្វើ​ឲ្យ​ស្ត្រី​ទទួលបាន​ភាពម្ចាស់ការ ដឹកនាំ​ជីវិត​របស់ខ្លួន និង​នាំ​ផល​ដល់​ក្រុមគ្រួសារ សង្គមជាតិ​។ លោក អ៊ឹង កន្ថាផាវី ក៏បាន​ក្រើនរំលឹក​ដល់​ស្ត្រី​គ្រប់រូប ត្រូវមាន​ក្ដីសង្ឃឹម និង​ក្ដី​សុបិន​ទៅមុន​បន្តទៀត និង​ត្រូវមាន​ជំនឿ​ទៅ​ខ្លួនឯង​។


                                                      លោកស្រី ស្រ៊ាត មុំសុភា

​ចំណែកឯ​ស្ត្រី​ក្នុង​វិស័យ​ជំនួញ​វិញ លោកស្រី ស្រ៊ា​ត មុំ​សុភា អគ្គលេខាធិការ​នៃ​សមាគមន៍​សហគ្រិន​នារី​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន SOPHIYA ក៏បាន​ចែករំលែក​នៃ​ជីវិត​តស៊ូ​ក្នុង​ការសិក្សា និង​ជីវិត​ជោគជ័យ​ក្នុង​អាជីព​ការងារ​ផងដែរ​។ លោកស្រី ស្រ៊ា​ត មុំ​សុខ​ភា បានផ្ដល់​ជា​គន្លឹះ​សំខាន់​សម្រាប់​ស្ត្រី​ជាច្រើន ដោយ​ជំរុញ​ឲ្យ​ស្ត្រី​មាន​ភាពក្លាហាន ហើយ​ជា​ស្ត្រី​ដែល​រឹងមាំ តែ​មិន​រឹងរូស​។

​សម្រាប់​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នេះ យុវតី ពុទ្ធិ​បញ្ញា បាន​និយាយថា សិក្ខាសាលា​នេះ ធ្វើ​ឲ្យ​នាង​មាន​ទំនុកចិត្ត និង​រឹងមាំ​ជាង​មុន ដោយ​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​នាង​។ យុវតី​រូបនេះ បន្ថែមថា នាង​ចាប់អារម្មណ៍​លើ​ស្ត្រី​ផ្នែក​ជំនួញ ដែល​បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ និង​បរាជ័យ​ក្នុង​វិស័យ​ជំនួញ ដែលជា​អាជីព​ក្នុង​ក្ដី​ស្រមៃ​របស់​នាង​។


                                                       ពុទ្ធិបញ្ញា (ខាងឆ្វេង)

​សូមបញ្ជាក់ថា សិក្ខាសាលា​នេះ មាន​វាគ្មិន​ជា​ស្ត្រី​ល្បីៗ​រួមមាន លោកស្រី អ៊ឹង កន្ថាផាវី លោកស្រី កែវ មុំ លោកស្រី ឈី វិ​ជ្ជ​រ៉ា លោកស្រី សំ លីន​ណា លោកស្រី ស្រ៊ា​ត មុំ​សុភា លោកស្រី គង់ សូ​រីតា អ្នកនាង ចាន់ កែវ​និមល និង​កញ្ញា ឱក សុគន្ធ​កញ្ញា​៕


                                                                ​កញ្ញា ឱក សុគន្ធកញ្ញា

Tag:
 ស្ត្រី​
  ជោគជ័យ​
  បទពិសោធន៍​
© រក្សាសិទ្ធិដោយ thmeythmey.com