ជាតិ
ក្រុម​អភិរក្ស​រួមគ្នា​ស្រាវជ្រាវ​ប្រភេទ​ថនិកសត្វ រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​
25, Dec 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​អ្នកស្រាវជ្រាវ​ពី​ក្រសួងបរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​(WCS) និង​ប្រជា​សហគមន៍ បានរួម​គា្ន បំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​ទីតាំង​ចំនួន​២៤​សំខាន់ៗ ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ខេត្តព្រះវិហារ ដើម្បី​សិក្សា​ស្រាវជ្រាវ ពពួក​ថនិកសត្វ​មាន​មាឌតូច និង​មធ្យម ដែល​កំពុង​រស់នៅ​តំបន់​នេះ​។ តាម​អង្គការ WCS  សត្វព្រៃ​ជាច្រើន​ប្រភេទ​ដូចជា ទោច​ម្កុដ ខ្លាឃ្មុំ និង​ស្វា​ព្រាម ក៏មាន​វត្តមាន​រស់នៅ​ក្នុង​តំបន់​នេះដែរ ហើយ​លទ្ធផល​ពី​ការស្រាវជ្រាវ​នេះ ផ្តល់​សារៈសំខាន់​សម្រាប់​ក្រុម​អភិរក្ស ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង និង​អភិរក្ស​សត្វព្រៃ​សំខាន់ៗ​ទាំងអស់នោះ​ឲ្យ​នៅ​គង់វង្ស​។



​ក្រុម​អភិរក្ស​ស្រាវជ្រាវ​មកពី​ក្រសួងបរិស្ថាន អង្គការ​WCS  និង​ប្រជា​សហគមន៍ បានរួម​គា្ន​បំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​ទីតាំង​សំខាន់ៗ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពពួក​ថនិកសត្វ​មាន​មាឌតូច និង​មធ្យម ដែល​កំពុង​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ខេត្តព្រះវិហារ​។​

​តាម​ប្រកាស​ព័ត៌មាន​របស់​អង្គការ WCS  តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង មាននៅ​សេសសល់​ទីជម្រក​ប្រភេទ​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដែលមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វព្រៃ​សំខាន់ៗ និង​ផ្តល់​សេវាកម្ម​អេកូឡូស៊ី​ផងដែរ ហើយ​ព្រៃឈើ​នៅ​តំបន់​នេះ ក៏​ជួយ​ផ្គត់ផ្គង់​ទឹកសាប​ដល់​ប្រជា​សហគមន៍ ដែល​រស់នៅ​ជុំវិញ និង​ការពារ​កុំ​ឲ្យ​មាន​ការហូរ​ច្រោះ​ដី​ពី​តំបន់​ខ្ពស់​។



​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដូចជា ទោច​ម្កុដ ខ្លាឃ្មុំ និង​ស្វា​ព្រាម ក៏មាន​វត្តមាន​រស់នៅ​ក្នុង​តំបន់​នេះដែរ ប៉ុន្តែ​សកម្មភាព​បរបាញ់ និង​ការកាប់​ឈើ​ខុសច្បាប់​ដែល​នៅតែ​បន្ត​កើតមាន កំពុង​គំរាមកំហែង​ដល់​ធនធាន​ព្រៃឈើ និង​ជីវចម្រុះ​នៅ​តំបន់​នេះ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​ដដែល​។

​ក្រុម​ស្រាវជ្រាវ​បាន​ចំណាយពេល​៤​ថ្ងៃ និង​បែង​ចែកគ្នា​ជា​៣​ក្រុម ដើម្បី បំពាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន​២៤​គ្រឿង​តាម​ទីតាំង​ដែល​បានកំណត់​។ នេះ​បើតាម​លោក ម៉ៅ ឃៀន អ្នកសម្របសម្រួល​គម្រោង​ស្រាវជ្រាវ​សត្វព្រៃ ប្រចាំ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​អង្គការ​WCS​។ លោក ឃៀន បន្តទៀតថា លទ្ធផល​ដែល​បាន​ពី​ការសិក្សា​ស្រាវជ្រាវ​នេះ មាន​សារៈសំខាន់​សម្រាប់​ក្រុម​អភិរក្ស ដើម្បី​រៀបចំ​ផែនការ​គ្រប់គ្រង និង​អភិរក្ស​សត្វព្រៃ​សំខាន់ៗ​ទាំងអស់នោះ​ឲ្យ​នៅ​គង់វង្ស​។

​ភ្នំ​ត្បែង ត្រូវបាន​បង្កើតជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នៅក្នុង​ឆ្នាំ​២០១៦ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​អាង​ស្តុក​ទឹក​ផ្នែក​ខាងលើ​ស្ទឹងសែន​ដែលជា​ដៃ​របស់​បឹង​ទន្លេសាប​។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​២,៥២៩ ហិកតា និង​មាន​កម្ពស់​រហូតដល់ ៤០០​ម៉ែត្រ​៕


Tag:
 WCS
  ថនិកសត្វ​
 ​ ភ្នំ​ត្បែង​
 ​ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com