អន្តរជាតិ
បន្ទាប់ពី​ក្វា​តេ​ម៉ា​ឡា ប្រទេស​ដប់​ទៀត​កំពុង​ពិចារណា​រើ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​
26, Dec 2017 , 11:08 am        
រូបភាព
​ក្រោយ​ក្វា​តេ​ម៉ា​ឡា​ប្រកាស​ប្ដូរ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​រួចមក ប្រទេស​ដប់​ទៀត​កំពុង​ពិចារណា​រើ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ទីក្រុង​ចម្រូងចម្រាស់​នេះ​ដូចគ្នា​។ នេះ​បើតាម​ការប្រកាស​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​អរគុណ​ប្រធានាធិបតី​ក្វា​តេ​ម៉ា​ឡា​ដោយផ្ទាល់​ចំពោះ​ការសម្រេចចិត្ត​នេះ​។​



​ដំបូង​គឺ​អាមេរិក បន្ទាប់មក​ក្វា​តេ​ម៉ា​ឡា ដែល​បានប្រកាស​ប្ដូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ពី​ទីក្រុង​តែ​ល អា​វីវ ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ នៅ​ថ្ងៃទី​២៥ ខែធ្នូ អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល Tzipi Hotovely ក៏​និយាយថា ប្រទេស​ចំនួប​ដប់​ទៀត​អាច​ដើរ​តាម​អាមេរិក និង​ក្វា​តេ​ម៉ា​ឡា​ក្នុងការ​រើ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដូចគ្នា​ដែរ​។ ប៉ុន្តែ​មន្ត្រី​អ៊ីស្រាអែល​ដដែល​នេះ មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​ដប់​នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​

​កា្វ​តេ​ម៉ា​ឡា​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន ៩ ដែល​បាន​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​របស់​មហាសន្និបាត​ស្ដីពី​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មរ​បស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខណៈ​១២៨​ប្រទេស​ផ្សេង​គាំទ្រ​។ ក្រៅពី​ប្រទេស​ចំនួន​៩ ប្រទេស​៣៥​នាំគ្នា​បោះ​អនុប្បវាទ ប្រទេស​នៅ​សេសសល់​គឺ​អវត្តមាន​។ បើតាម​ការប្រកាស​ខាងលើ ប្រទេស​ចំនួន​១០ ដែល​ប្រុង​ប្ដូរ​ស្ថានទូត អាច​ស្ថិត​ក្នុងចំណោម​ប្រទេស​ជាង​៦០​នេះ​។

​ជុំវិញ​រឿងនេះ លោកស្រី Tzipi Hotovely បាន​បង្ហើប​ដែរ​ថា ភាគច្រើន​នៃ​ប្រទេស​ទាំង​ដប់​នោះ​ជា​រដ្ឋ​គោរព​គ្រិស្តសាសនា​ខ្ជាប់ខ្ជួន​។ ហ្វីលីពីន ឆែក និង​រូ​ម៉ា​នី ជា​ប្រទេស​មាន​មូលដ្ឋាន​គ្រិស្តសាសនា​រឹងមាំ និង​បាន​បោះឆ្នោត​អនុប្បវាទ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​។ ប្រធានាធិបតី​ឆែក Milos Zeman បានបង្ហាញ​ជំហរ​គាំទ្រ​ការផ្លាស់ប្ដូរ​ស្ថានទូត​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ទោះជា​សហភាព​អឺរ៉ុប​ប្រកាន់​ជំហរ​ទទួល​ហ្ស៊េ​រុយ​សា​ឡិ​មខាង​កើតជា​របស់​ប៉ា​ឡេ​ស្ទី​ន​ក្ដី​។

​អ៊ីស្រាអែល​ទំនងជា​សប្បាយ​ចិត្តខ្លាំង ក្រោយ​ការប្រកាស​ផ្លាស់ប្ដូរ​ស្ថានទូត​បរទេស​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែល​ខ្លួន​កាន់កាប់​ដោយ​ខុសច្បាប់ ស្រប​ពេលដែល​សហគម​ន៍​អន្តរជាតិ​ប្រឆាំង​ដាច់ខាត​នោះ​។ លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណា​តាន់​យ៉ា​ហ៊ូ បាន​អរគុណ​លោក Jimmy Morales ប្រធានាធិបតី​ក្វា​តេ​ម៉ា​ឡា​ដោយផ្ទាល់​ចំពោះ​ការ​រើ​ស្ថានទូត​ពេលនេះ​។

​ប្រធានាធិបតី​អាមេរិក​លោក ត្រាំ បានប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​កាលពី​ថ្ងៃទី ៦ ខែធ្នូ ដោយ​បង្ហាញ​ការទទួលស្គាល់​ជា​ផ្លូវការ​ថា ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​ផ្លូវការ​របស់​អ៊ីស្រាអែល តែ​ទទួលរង​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​។ តាមច្បាប់​អន្តរជាតិ ទឹកដី​ភាគ​ខាងកើត​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែល​ត្រូវបាន​កាន់កាប់​ជាក់ស្តែង​ដោយ​អ៊ីស្រាអែល​នោះ​ជា​រដ្ឋធានី​នាពេល​អនាគត​របស់​ប៉ា​ឡេ​ស្ទី​ន​៕
អត្ថបទទាក់ទង


Tag:
 អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  ក្វា​តេ​ម៉ា​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com