អន្តរជាតិ
ចិន​កាត់ទោស​សកម្មជន​សិទ្ធិមនុស្ស​ជាប់គុក​៨​ឆ្នាំ​ពីបទ​វិ​ទ្ធង្សនា
27, Dec 2017 , 9:19 am        
រូបភាព
សកម្មជនសិទ្ធិមនុស្ស Wu Gan ដែលតុលាការចិនកាត់ទោសជាប់ពន្ធនាគារ៨ឆ្នាំ (រូបភាព៖ South China Morning Post)
សកម្មជនសិទ្ធិមនុស្ស Wu Gan ដែលតុលាការចិនកាត់ទោសជាប់ពន្ធនាគារ៨ឆ្នាំ (រូបភាព៖ South China Morning Post)
​តុលាការ​ចិន​បាន​ដាក់ទោស​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ ក្រោម​បទ​ចោទ​វិទ្ធង្សនា​។ នេះ​ជាការ​ដាក់ទោស​យូរ​បំផុត ចាប់តាំងពី​ការចាប់ផ្ដើម​ការបង្ក្រាប​លើ​សកម្មជន​សិទ្ធិមនុស្ស​អស់​រយៈពេល​ពីរ​ឆ្នាំ​របស់​អាជ្ញាធរ​ចិន​។



​សកម្មជន​សិទ្ធិមនុស្ស​ល្បីល្បាញ​ឈ្មោះ Wu Gan ត្រូវ​តុលាការក្រុង​ធាន​ជីន នៅ​ថ្ងៃទី​២៦ ខែធ្នូ កាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល​៨​ឆ្នាំ​លើ​សំណុំរឿង​វិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល​។ នេះ​បើតាម​លើកឡើង​របស់លោក Yan Xin ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ទោស​ជាប់ពន្ធនាគារ​៨​ឆ្នាំនេះ គឺជា​ទោស​យូរ​បំផុត​មិន​ធ្លាប់មាន​ពីមុន​ឡើយ ចាប់តាំងពី​អាជ្ញាធរ​ចិន​បោសសម្អាត​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មេធាវី​មក​។​

​មាន​រហស្សនាម Super Vulgar Butcher លោក Wu Gan ត្រូវបានគេទទួលស្គាល់​ជា​ចំពោះ​ការ​បកអាក្រាត​ទង្វើ​រំលោភ​អំណាច​របស់​មន្ត្រី​ចិន មិន​ថា​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​នៅតាម​ដងផ្លូវ​ឡើយ​។ សកម្មជន​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ខែឧសភា ឆ្នាំ​២០១៥ និង​ចោទ​ពីបទ​វិទ្ធង្សនា​តែម្ដង បន្ទាប់ពី​បាន​ប្រើប្រាស់​វេទិកា​អន​ឡាញ​ផ្សព្វផ្សាយ​ពី​ករណី​ប៉ូលិស​បាញ់​អ្នក​ដាក់​ញ្ញត្តិ​ម្នាក់​នៅឯ​ខេត្ត Heilongjiang កាលពីដើម​ខែឧសភា ឆ្នាំ​ដដែល​។​

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​តុលាការ លោក Wu បាន​រិះគន់​ប្រព័ន្ធ​នយោបាយ​ចិន ប្រើប្រាស់​សិល្បៈ​ដើម្បី​រំខាន ក៏ដូចជា​ចែកចាយ​ព័ត៌មាន​មិន​ពិត​ផង​។ « លោក Wu Gan បាន​អនុវត្ត​ទោសឧក្រិដ្ឋ​ជាច្រើន សំដៅ​ផ្ដួលរំលំ​អំណាច​រដ្ឋ និង​ប្រព័ន្ធ​សង្គមនិយម ក៏ដូចជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ស្ថិរភាព​សង្គម​»​។ នេះ​ជាការ​បញ្ជាក់​របស់​តុលាការ​ចិន​។ លោក Yan Xin អះអាងថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ដើម្បី​តវ៉ា​ការកាត់ទោស​នេះ​។​

​ដោយឡែក នៅ​ថ្ងៃទី​២៦ ខែធ្នូ​ដដែល​នេះ មេធាវី​ការពារ​សិទ្ធិមនុស្ស​ម្នាក់​ក៏ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​លើ​សំណុំរឿង​វិទ្ធង្សនា​នេះ​ដូចគ្នា​។ តុលាការក្រុង Changsha បាន​កាត់ទោស Xie Yang ដែល​ចេញមុខ​ការពារ​អ្នក​តវ៉ា​នៅ​ហុងកុង​។ យ៉ាងណាមិញ ទោស​នេះ​ត្រូវបាន​ព្យួរ​វិញ ដោយសារ​លោក Xie Yang សារភាព​កំហុស និង​មិន​តវ៉ា​អ្វី​ឡើយ​។ សកម្មជន​រូបនេះ ថែមទាំង​អរគុណ​អាជ្ញាធរ​ចិន និង​សន្យា​ធ្វើជា​ពលរដ្ឋ​គោរព​ច្បាប់​ផង​។

​អាជ្ញាធរ​ចិន​ចាប់ផ្ដើម​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា «​ការបង្ក្រាប​៧០៩» ។ យុទ្ធនាការ​នេះ​កាន់តែ​ត្រូវបាន​ពង្រឹង​ខ្លាំងៗ រហូតដល់​សកម្មភាព​សិទ្ធិមនុស្ស​ជាច្រើន​ត្រូវបាន​ជាប់ពន្ធនាគារ​ក្រោម​បទ​ចោទ​ផ្សេងៗ​។ មកដល់​អាណត្តិ​ទី​ពីរ របស់លោក ស៊ី ជិន​ភីង យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​នេះ​នៅតែ​បន្ត​រហូត ដោយ​គ្មាន​ការ​បន្ធូរដៃ​អ្វី​ឡើយ​៕

Tag:
 ចិន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com