អន្តរជាតិ
តៃវ៉ាន់​មិន​ស្រណុកចិត្ត​ព្រោះ​ចិន​ធ្វើ​សមយុទ្ធ​ច្រើនពេក តែ​ចិន​ថា យូរ​ទៅ​ស៊ាំ​ហើយ​
27, Dec 2017 , 8:39 pm        
រូបភាព
​កោះ​តៃវ៉ាន់​មិន​ស្រណុកចិត្ត​ឡើយ​ចំពោះ​សមយុទ្ធ​ជា​ញឹកញយ​របស់​កងទ័ព​ចិន​នៅ​តំបន់​ក្បែរ​ដែន​កោះ​របស់ខ្លួន​។ ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​អាណាខេត្ត​របស់ខ្លួន តែង​បញ្ជូន​យន្តហោះ​ចម្បាំង​ឆ្វែល​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់ ក្រោម​ហេតុផល​ធ្វើ​សមយុទ្ធ​។ តៃវ៉ាន់​ព្រមាន​ថា ការធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​របស់​ចិន​នៅ​កន្លងមកនេះ​កំពុង​គំរាមកំហែង​សន្តិសុខ​របស់ខ្លួន​ខ្លាំង​។ ប៉ុន្តែ​ក្រុង​ប៉េកាំង​ឆ្លើយ​វិញ​ថា តៃវ៉ាន់​នឹង​ស៊ាំ​ទៅនឹង​សមយុទ្ធ​នេះ​មិន​ខាន​។​



​បន្ទាប់ពី​លោកស្រី Tsai Ing-wen អ្នកនយោបាយ​មាន​និន្នាការ​ប្រកាស​ឯករាជ្យ ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ឆ្នាំ ២០១៦ មហា​យក្ស​ចិន​ចាប់ផ្តើម​បង្កើន​សមយុទ្ធ​យោធា​នៅក្បែរៗ​កោះ​តៃវ៉ាន់ ជាពិសេស​សមយុទ្ធ​ជើង​អាកាស​តែម្ដង​។ បើតាម​របាយការណ៍​ក្រសួងការពារជាតិ​តៃវ៉ាន់ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៧ នេះ សមយុទ្ធ​យោធា​ចិន​កើតឡើង​យ៉ាងហោចណាស់ ១៦​ដង​ឯណោះ​។ តៃវ៉ាន់​ពិតជា​ដេក​មិន​លក់ បក់​មិន​ល្ហើយ​ឡើយ​ចំពោះ​រឿងនេះ​។​

​កាលពី​សប្ដាហ៍​មុន យោធា​ចិន​ទើប​ចាប់ផ្ដើម​សមយុទ្ធ​ចោម​ព័ទ្ធ​នៅក្បែរ​តៃវ៉ាន់ ដោយមាន​ការចូលរួម​ពី​សព្វាវុធ​ទំនើបៗ​ជាច្រើន​។ សារព័ត៌មាន​រដ្ឋ​ចិន​បាន​ផ្សាយ​ពី​សមយុទ្ធ​នេះ ដោយ​ក្នុងនោះ​ក៏​បង្ហាញ​ពី​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក H-6 ហោះ​លើ​សមុទ្រ​ជុំវិញ​តៃវ៉ាន់​ទៅទៀត​។ ជុំវិញ​សមយុទ្ធ​ឥតឈប់ឈរ​នេះ ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​តៃវ៉ាន់​របស់​ចិនដីគោក​អះអាងថា វា​គ្រាន់តែ​ជា​លំ​ហាត់​យោធា​ធម្មតា​ប៉ុណ្ណោះ​។​

​ក្នុងន័យ​ការពារ​សមយុទ្ធ​របស់​ខ្លួន លោក An Fengshan អ្នកនាំពាក្យ​ការិយាល័យ​ខាងលើ​និយាយ​ដោយ​មិន​និយាយ​ចំឈ្មោះ​តៃវ៉ាន់ ថា មនុស្ស​គ្រប់គ្នា​នឹង​ស៊ាំ​ទៅនឹង​សមយុទ្ធ​នេះ​បន្តិច​ម្ដងៗ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​តាំងពីដើម​កមក​នោះ ចិន​មិនដែល​រាថយ​ក្នុងការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ដណ្ដើម​គ្រប់គ្រង​កោះ​តៃវ៉ាន់​ឡើយ ហើយ​ជារឿយៗ​គំរាមថា ខ្លួន​នឹង​វាយ​សង្គ្រប់ បើ​រដ្ឋាភិបាល​ហ៊ាន​ប្រកាស​ផ្ដាច់ខ្លួន​ជា​ចំហ​នោះ​។ តៃវ៉ាន់​ដែល​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​នោះ គ្មាន​បំណង​ចូលរួម​ជាមួយ​ចិន​កុម្មុយនីស្ត​ឡើយ ហើយ​ការឡើង​អំណាច​របស់លោក​ស្រី Tsai ធ្វើ​ឲ្យ​គំនិត​ប្រកាស​ឯករាជ្យ​ពុះកញ្ជ្រោល​ឡើង​ដែរ រហូតដល់​ចិនដីគោក​បារម្ភ​ខ្លាំង​។

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ប្រកាសថា ខ្លួន​ចង់បាន​សន្តិភាព​ជាមួយ​ចិន​។ ក្នុង​សន្និសីទកាសែត​ចុងឆ្នាំ ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់​លោក William Lai និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​អនុវត្តតាម​សេចក្ដីសម្រេច​របស់លោក​ស្រី​ប្រធានាធិបតី Tsai ដើម្បី​រក្សា​ស្ថិរភាព​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ សំដៅ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​៕


Tag:
 ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com