អន្តរជាតិ
មេដឹកនាំរបបសឹកថៃ ថា ២០១៨ ជាឆ្នាំនៃការផ្លាស់ប្ដូរ មេដឹកនាំរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព៖ South China Morning Post)
× មេដឹកនាំរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា បានបង្ហាញក្ដីសង្ឃឹមថា ឆ្នាំ២០១៨ នឹងក្លាយជាឆ្នាំសម្រាប់ការផ្លាស់ប្ដូរនៅក្នុងប្រទេសដើម្បីឈានទៅរកអភិបាលកិច្ចល្អ។ នេះក៏ព្រោះតែក្នុងឆ្នាំ២០១៨ ការបោះឆ្នោតជាទូទៅត្រូវធ្វើឡើងជាលើកដំបូង ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ របស់យោធាដែលដឹកនាំដោយលោក ប្រាយុទ្ធ ផ្ទាល់។ លោក ប្រាយុទ្ធ ក៏សន្យាផ្លាស់ប្ដូរអាកប្បកិរិយាឆាប់មួម៉ៅរបស់លោកដើម្បីបំពេញចិត្តប្រជាជនផង។
«ខ្ញុំជូនពរឲ្យឆ្នាំ២០១៨ ជាឆ្នាំជោគជ័យ ឆ្នាំនៃការផ្លាស់ប្ដូរ និងជាឆ្នាំសម្រាប់ការរៀបចំដំណើការប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ។» នេះជាសម្ដីរបស់នាយករដ្ឋមន្ត្រីថៃឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តនៅខេត្តសុខោទ័យ នៅថ្ងៃទី២៦ ខែធ្នូ។ លោក ប្រាយុទ្ធ ក៏បានស្នើឲ្យមានការចូលរួមគ្រប់ភាគីទាំងអស់ប្រឹងប្រែងដោះស្រាយជម្លោះក្នុងស្រុក និងការផ្សះផ្សាជាតិ ដ្បិតលោកមិនចង់ប្រើអំណាចច្រើនពេកឡើយ។
២០១៨ គឺជាឆ្នាំសំខាន់ក្នុងនយោបាយថៃ។ ការបោះឆ្នោតថ្នាក់ជាតិនឹងរៀបចំឡើងតាមការសន្យារបស់លោក ប្រាយុទ្ធ បន្ទាប់ពីពន្យារពេលជាច្រើនដងរួចមក។ ព្រឹត្តិការណ៍នេះស្ថិតក្នុងផែនទីចង្អុលផ្លូវដែលដាក់ចេញដោយរបបយោធា ក្រោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរួចមក។ ការពន្យារពេលបោះឆ្នោតម្ដងហើយម្ដងទៀតនេះ ធ្វើឲ្យរបបសឹកថៃរងការរិះគន់ខ្លាំងពីរបរទេសដែលចង់ឲ្យថៃវិលទៅរកប្រជាធិបតេយ្យឲ្យបានលឿន។
ជុំវិញផែនការបោះឆ្នោតនេះ សភានីតិបញ្ញត្តិថៃកំពុងសស្រាក់សស្រាំក្នុងការអនុម័តច្បាប់សំខាន់ឲ្យទាន់កាលបរិច្ឆេទប្រកាសដោយរដ្ឋាភិបាល។ សេចក្ដីព្រាងច្បាប់ជ្រើសរើសតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ដើម្បីឲ្យមានភាពទាក់ទងគ្នា។ ពេលសល់មិនយូរឡើយសម្រាប់ការអនុម័តច្បាប់គ្រឹះសំខាន់ទាំងនេះ ខណៈដែលការបោះឆ្នោតរំពឹងថានឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០១៨ ។
ជាមួយនឹងការសន្យាពាំនាំជោគជ័យសម្រាប់ប្រទេស មេដឹកនាំរបបយោធារូបនេះក៏នឹងកែប្រែអត្តចរិតមួម៉ៅរបស់លោកដែរ។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ បញ្ជាក់ថា ប្រជាជនចង់ឃើញលោកញញឹម និងចង់ឮលោកនិយាយពាក្យល្អច្រើន។ «ខ្ញុំនឹងកំប្លែងច្រើននៅឆ្នាំក្រោយ ទោះជាមានអ្នកខ្លះធ្វើខ្ញុំមួម៉ៅក្ដី។ ខ្ញុំក្ដៅក្រហាយទៀតហើយ។» នេះជាការសន្យារបស់ប្រមុខរដ្ឋាភិបាលថៃសម្រាប់ឆ្នាំ២០១៨ ។
ទោះជាលោកមិនបញ្ចេញឈ្មោះអ្នកដែលបង្ករឿងក្ដៅក្រហាយក្ដី គេអាចយល់បានថា លោក ប្រាយុទ្ធ ចង់សំដៅអ្នកនយោបាយក្នុងស្រុកទាំងអស់ ដែលជារឿយៗរិះគន់ការដឹកនាំរបស់លោក និងទាមទារឲ្យលោកឆាប់រៀបចំការបោះឆ្នោត ខណៈអ្នកខ្លះចោទថាលោកចង់បន្តអំណាចទៅទៀត។ ការទាមទារទំនងជាធ្វើឲ្យលោកឈឺក្បាលខ្លាំង ទោះជាលោកបកស្រាយម្ដងហើយម្ដងទៀតថា អ្វីៗត្រូវដើរតាមផែនទីចង្អុលផ្លូវទាំងអស់។
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com