ជាតិ
សុខភាព
CDC ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺផ្ដាសាយបក្សី​ផ្ទុះឡើង​ជាថ្មី នៅ​ខេត្តកំពង់ចាម និង​កំពង់ធំ​
28, Dec 2017 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រកាស​ពី​ជំងឺផ្ដាសាយបក្សី (H5N1) ដែល​កំពុង​ផ្ទុះឡើង នៅក្នុង​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ ។ ក្រសួង​ស្នើ​ឲ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​សត្វ​បក្សី​ឈឺ ឬ​ងាប់ ។​



​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ជំងឺផ្ដាសាយបក្សី (H5N1) ដែល​បានកើត​លើ​សត្វ​បក្សី ដូចជា មាន់ ទា នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ប៉ុន្តែ​ករណីនេះ មិនទាន់មាន​ការឆ្លង​មកលើ​មនុស្ស​នៅឡើយ​ទេ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង បាន​សរសេរ​ដូច្នេះ​៖« មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខភាព​មនុស្ស​។ សូម​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការចំលង​ជំងឺ​នេះ ។​ជាពិសេស​ក្នុង​ពិធីបុណ្យ​ផ្សេង ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។ សូម​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជានិច្ច​អំពី​ការចម្លង​ជំងឺផ្តាសាយបក្សី »​។​

​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ កុំ​យក​សត្វ​មាន់ ទា និង​សត្វ​បក្សី​ឈឺ ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឫ​លក់​បន្ត​ឡើយ​។ ជាពិសេស​មុន​បរិភោគ​សត្វ​បក្សី​ទាំងនោះ ពលរដ្ឋ​ត្រូវអនុវត្ត​អនាម័យ​ក្នុងការ​បោចរោម និង ចំអិន​ឲ្យ​ឆ្អិន​ល្អជា​ប់​ជានិច្ច ហើយ​បើ​មាន​ករណី​ដែល​សង្ស័យថា មាន​សត្វ​ផ្ទុក​វិ​រុស​ផ្ដាសាយ​បក្សី ត្រូវ​រាយ​ការ​ណ៏​ជាបន្ទាន់​ទៅ​មន្ត្រី​ជំនាញ​ផងដែរ ។​

«​បុគ្គល​ដែលមាន​រោគសញ្ញា​គ្រុនក្តៅ លើសពី ៣៨.៥ អង្សារ​សេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុន​ចេញ​រោគសញ្ញា ចាត់ទុកថា​ជា​ករណី​សង្ស័យ ដែល​ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល យើង​មាន​ឱសថ​សំរាប់​ព្យាបាល​ជំងឺ​នេះ​»​។ នេះ​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​។

​សូម​រម្លឹកថា ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់ ២០១៤ ប្រទេស​កម្ពុជា​ធ្លាប់​កើតមាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពីស​ត្វ​បក្សី​មក​មនុស្ស​ចំនួន​៥៦​ករណី ក្នុងនោះ ៣៧ ករណី​បាន​ស្លាប់ ។ ដោយឡែក​គ្រាន់តែ​ឆ្នាំ ២០១៣ មាន​ករណី​ជំងឺផ្ដាសាយបក្សី​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់ ៕

​ពត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ មកកាន់​អ្នកជំនាញ​ក្រសួងសុខាភិបាល ។​


Tag:
 សុខាភិបាល​
  H5N1
© រក្សាសិទ្ធិដោយ thmeythmey.com