អន្តរជាតិ
លោ​កណេ​តាន់​យ៉ា​ហ៊ូ ៖ អ៊ីស្រាអែល​មាន​ទ័ពអាកាស​ខ្លាំង​បំផុត អាច​កម្ទេច​ការ​គំរាម​គ្រប់យ៉ាង​
28, Dec 2017 , 2:21 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃទី​២៧ ខែធ្នូ បាន​អួតអាង​ពី​សមត្ថភាព​កងទ័ព​ជើង​អាកាស​របស់​អ៊ីស្រាអែល ដែល​អាច​កម្ចាត់​រាល់​ការគំរាមកំហែង​ទាំងអស់​។ លោក ណេ​តាន់​យ៉ា​ហ៊ូ ទំនងជា​ចង់​ឆ្លើយតប​នឹង​ការ​គំរាម​របស់​អ៊ីរ៉ង់​នាពេល​កន្លងមក ដែល​ចង់​កម្ទេច​អ៊ីស្រាអែល​ឲ្យ​បាត់​ពី​ផែនទី​ពិភពលោក​។ អ៊ីស្រាអែល និង​អ៊ីរ៉ង់ ដែលជា​សត្រូវ​ស៊ីសាច់ហុតឈាម​នោះ តែង​គំរាម​គ្នា​ទៅវិញទៅមក​តាមរយៈ​ការ​អួត​ពី​សមត្ថភាព​យោធា​រៀងៗ​ខ្លួន​។​



​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគខាងត្បូង​ប្រទេស នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និយាយថា សមត្ថភាព​កងទ័ពអាកាស​អ៊ីស្រាអែល​ស្ថិតនៅ​ចំណុចកំពូល ព្រោះ​មា​នស​ញ្វ​វុ​ធ​ទំនើប​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ មាន​អ្នកបើកបរ​យន្តហោះ​ចំណាន ក៏ដូចជា​សមត្ថភាព​ការពារ និង​ប្រយុទ្ធ​ល្អ​ទៅទៀត​។ ជាមួយនឹង​សមត្ថភាព​ខ្ពស់​បែបនេះ លោក ណេ​តាន់​យ៉ា​ហ៊ូ អួតថា យោធា​អ៊ីស្រាអែល អាច​វាយប្រហារ​គោលដៅ​ជិត ឬ​ឆ្ងាយ​បាន​ទាំងអស់​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លើកឡើង​បែបនេះ ខណៈដែល​ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​កំពុង​រំជើបរំជួល​ខ្លាំង ក្រោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ប្ដូរ​ទីតាំង​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម និង​ជាការ​វាយបក​លើ​ការ​គំរាម​របស់​អ៊ីរ៉ង់ ដែលជា​សត្រូវ​ចាស់​ផង​។ អ៊ីស្រាអែល​មិន​សប្បាយចិត្ត​ឡើយ ពេល​អ៊ីរ៉ង់​ចង់​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅ​ស៊ី​រី ព្រោះនេះ​មានន័យថា អ៊ីរ៉ង់​ចូលកាន់​តែ​កៀក​ទឹកដី​អ៊ីស្រាអែល​ហើយ​។​

​ជុំវិញ​រឿងនេះ អ៊ីស្រាអែល​បានលើកឡើង​ច្រើនដង​ហើយ​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​បង្កើត​វត្តមាន​យោធា​នៅលើ​ទឹកដី​ស៊ី​រី​ឡើយ​។ ស្ថានការណ៍​នៅ​ស៊ី​រី​សព្វថ្ងៃ​ដែល​កម្លាំង​រដ្ឋាភិបាល​ស៊ី​រី​ដណ្ដើម​ទឹកដី​បាន​មកវិញ​យ៉ាងច្រើន​ដោយមាន​ការ​ជ្រោមជ្រែង​របស់​អ៊ីរ៉ង់​ដែរនោះ កំពុង​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ជោគជ័យ​របស់​ប្រធានាធិបតី Bashar al-Assad ធ្វើ​ឲ្យ​អ៊ីរ៉ង់​ជា​គូប្រជែង​របស់​អ៊ីស្រាអែល​ពង្រីក​ឥទ្ធិពល​យ៉ាងរឹងមាំ​ក្នុង​តំបន់​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏បាន​ប្រកាស​ជា​ចំហ​ថា អ៊ីស្រាអែល​នឹង​រារាំង​អ៊ីរ៉ង់​ឲ្យ​បាន និង​មិន​ទុក​ផ្លូវ​ឲ្យ​កងទ័ព​អ៊ីរ៉ង់​បង្កបញ្ហា​បានទេ​។ ដោយ​សំដៅ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នាយករដ្ឋមន្ត្រី​ដដែល​នេះ​បញ្ជាក់ថា អ៊ីស្រាអែល​នឹង​ចាត់វិធានការ​មិន​ឲ្យ​អាវុធ​ប្រល័យ​លោក​លេច​រូបរាង ហើយ​ប្រើ​នៅ​អ៊ីស្រាអែល​ឡើយ​។​

​កងទ័ពអាកាស​អ៊ីស្រាអែល ជា​អង្គភាព​ទ័ព​ខ្លាំង​ក្នុងចំណោម​អង្គភាព​នានា​របស់​យោធា​អ៊ីស្រាអែល​។ អង្គភាព​មួយ​នេះ​ត្រូវបាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ និង​សព្វាវុធ​ទំនើប​ច្រើន​មុខ ដែលជា​ភាគច្រើន​ផលិត​នៅ​អាមេរិក និង​ខ្លះទៀត​អភិវឌ្ឍ​ដោយ​អ៊ីស្រាអែល​ផ្ទាល់​។ នៅក្នុង​ខែធ្នូ យន្តហោះ​ចម្បាំង F-35 របស់​ក្រុមហ៊ុន Lockheed ទើប​ចូល​បម្រើការ​ផ្លូវការ បន្ថែម​ពីលើ​យន្តហោះ​ស៊េរី​ចុងក្រោយ​រាប់សិប​គ្រឿង​នោះ​៕ 

Tag:
 អ៊ីស្រាអែល​
  អ៊ីរ៉ង់​
  ប៉ា​ឡេ​ស្ទី​ន​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​
© រក្សាសិទ្ធិដោយ thmeythmey.com