អន្តរជាតិ
កូរ៉េខាងត្បូង​ថា កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ មិនអាច​ដោះស្រាយ​បញ្ហា​ទាសករ​ផ្លូវភេទ​បានទេ​
28, Dec 2017 , 7:39 pm        
រូបភាព
​សំណុំរឿង​ស្ត្រី​ទាសករ​ផ្លូវភេទ ដែល​បន្សល់ទុក​តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​នោះ គឺជា​ឧបសគ្គ​រារាំង​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​ជប៉ុន​។ ក្នុង​ឆ្នាំ​២០១៥ កូរ៉េខាងត្បូង​ក្រោម​ការដឹកនាំ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ ឈានដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ជប៉ុន​ដើម្បី​បញ្ចប់​បញ្ហា​ឈឺចាប់​នេះ​។ ប៉ុន្តែ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា មិន​គ្រប់​ជ្រុងជ្រោយ និង​មិនអាច​ព្យាបាល​របួស​ផ្លូវចិត្ត​បានឡើយ ហើយ​បានស្នើ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​។​



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៨ ខែធ្នូ បាន​និយាយ​រិះគន់​ចំៗ​កិច្ចព្រមព្រៀង​ស្ដីពី​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៥ ។ លោក មូ​ន ចេ​អ៊ី​ន ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ថា នៅមាន​ចន្លោះប្រហោង មាន​ចរិត​នយោបាយ ដែល​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។ លោក​ក៏បាន​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ដើម្បី​បំពេញ​ចន្លោះប្រហោង​នេះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ បាន​មើលឃើញ​ពី​បញ្ហា​ក្នុងពេល​ចរចា ក៏ដូចជា​ព័ត៌មាន​លម្អិត​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ ដោយ​ចាត់ទុកជា​រឿង​គួរ​ឲ្យ​សោកស្ដាយ លោក មូ​ន ចេ​អ៊ី​ន អះអាងថា កិច្ចព្រមព្រៀង​នេះ​មិនបាន​ស្ដាប់​យោបល់​ជនរងគ្រោះ និង​សាធារណៈមតិ​នៅ​កូរ៉េខាងត្បូង​ឡើយ ហើយ​ផ្ទុយ​ពី​គោលការណ៍​អន្តរជាតិ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ប្រវត្តិសាស្ត្រ​ទៅទៀត​។​

​ការរិះគន់​របស់លោក មូ​ន ចេ​អ៊ី​ន ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ចេញផ្សាយ​លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​ប្រាំ​ខែ​លើ​កិច្ចព្រមព្រៀង​នេះ​។ លទ្ធផល​បង្ហាញថា រដ្ឋបាល​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បាន​បិទបាំង​ព័ត៌មាន​ខ្លះ​នៃ​សម្បទាន​របស់​កូរ៉េខាងត្បូង​ទៅ​ឲ្យ​ជប៉ុន​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​លេច​ជា​រូបរាង​។ ក្រោម​កិច្ចព្រមព្រៀង​នេះ ជប៉ុន​សុខចិត្ត​សុំទោស និង​ផ្ដល់​សំណង​ចំនួន​៨,៩​លាន​ដុល្លារ​ដល់​ជនរងគ្រោះ​ទាំងអស់ ហើយ​បញ្ហា​នេះ​មិនអាច​សើរើ​ទៀតឡើយ​។ 

​យ៉ាងណាមិញ លោក មូ​ន ចេ​អ៊ី​ន មិនទាន់​ច្បាស់​ថា ត្រូវ​ហែក​កិច្ចព្រមព្រៀង​នេះ​ចោល ឬក៏​ត្រូវ​ចរចា​ម្ដង​ទៀតឡើយ​។ មន្ត្រី​វិមាន​ប្រធានាធិបតី Cheong Wa Dae និយាយថា ឥឡូវនេះ ការសម្រេចចិត្ត​យ៉ាងណា​មិនទាន់​ទេ តែ​រដ្ឋាភិបាល​នឹង​ស្ដាប់​យោបល់​ពី​ស្ត្រី​រងគ្រោះ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​សិន មុននឹង​សម្រេចចិត្ត​តាម​ក្រោយ​។ ប៉ុន្តែ​លោក មូ​ន លើកឡើង​ដែរ​ថា លោក​នឹង​ចែក​ឲ្យ​ដាច់​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ជប៉ុន​។​

​ឯ​ជប៉ុន​វិញ បាន​ចេញមុខ​ព្រមាន​ដែរ​ថា កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ មិនអាច​បក​ក្រោយ​ឡើយ ហើយ​បញ្ហា​ទាំង​អម្បាលម៉ាន​ជុំវិញ​ស្ត្រី​ទាសករ​ផ្លូវភេទ​នោះ ក៏​ចប់​ស្រេចបាច់​អស់ហើយ​ដែរ​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន Taro Kono និយាយថា ការប៉ុនប៉ង​របស់​កូរ៉េខាងត្បូង​ក្នុងការ​សើរើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ពិបាក​គ្រប់គ្រង ហើយ​កិច្ចព្រមព្រៀង​នេះ​កើតចេញពី​ការចរចា​ស្របច្បាប់​៕


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com