អន្តរជាតិ
បង់​ក្លា​ដែ​ស​គ្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​១​សែន​នាក់​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​
30, Dec 2017 , 9:39 pm        
រូបភាព
​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​គ្រោង​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាង​ចំនួន​មួយ​សែន​នាក់​ត្រឡប់​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ដែលជា​ការធ្វើ​មាតុភូមិនិវត្តន៍​ដំណាក់កាល​ទីមួយ​។ ក្រោម​កិច្ចព្រមព្រៀង​ខែវិច្ឆិកា មី​យ៉ាន់​ម៉ា​យល់ព្រម​ទទួលយក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​រត់គេច​ពី​អំពើហិង្សា​បង្កដោយ​ក្រុម​យោធា​នៅ​រដ្ឋ Rakhine  និង​កំពុង​ស្នាក់​យ៉ាង​ត្រដាបត្រដួស​នៅ​ជំរំ​ភៀសខ្លួន​នានា​តាម​បណ្ដោយ​ព្រំដែន​នៅក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​។



​មន្ត្រីជាន់ខ្ពស់​បង់​ក្លា​ដែ​ស Obaidul Quader និយាយថា បញ្ជី​ឈ្មោះ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​មួយ​សែន​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​រួចហើយ​ដើម្បី​ចាប់ផ្ដើម​ការធ្វើ​មាតុភូមិនិវត្តន៍​លើកទីមួយ​។ ការធ្វើ​មាតុភូមិនិវត្តន៍​នេះ នឹង​ចាប់ផ្ដើម​នៅ​ដំណាច់​ខែមករា ឆ្នាំ​២០១៨ ក្រោម​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ដែល​ចរចា​នៅ​ខែវិច្ឆិកា​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា ជន​រ៉ូ​ហ៊ីង​យ៉ា​យល់ព្រម​ត្រឡប់​ទៅវិញ​ឬ​អត់​ឡើយ​។​

​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង​៦​សែន​នាក់​បាន​ភៀសខ្លួន​ចូល​ជំរំ​នៅលើ​ទឹកដី​បង់​ក្លា​ដែ​ស បន្ទាប់​យោធា​មី​យ៉ាន់​ម៉ា​ចាប់ផ្ដើម​យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរ​ជន​ដែល​វាយប្រហារ​ទីតាំង​យោធា​នៅក្នុង​រដ្ឋ Rakhine កាលពី​ចុងខែ​សីហា​។ អាមេរិក និង​អង្គការសហប្រជាជាតិ​ចាត់ទុក​វិបត្តិ​មនុស្សធម៌​នេះ​ជាការ​បោសសម្អាត​ពូជសាសន៍​រ៉ូ​ហ៊ីង​យ៉ា ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទាត់ចោល​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Quader បញ្ជាក់ថា ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​នឹង​ចាប់ផ្ដើម នៅពេល​ក្រុមការងារ​រួម​ប្រទេស​ទាំងពីរ​រៀបចំ​បញ្ជី​ឈ្មោះ​ជនភៀសខ្លួន​រួចរាល់​។ ភាគី​ទាំងពីរ​នឹង​ជួបប្រជុំ​ម្ដងទៀត​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​ដើម្បី​រៀបចំ​ដំណើការ​បញ្ជូន​ជនភៀសខ្លួន​លើកដំបូង​នេះ​។ លោក Abul Kalam Azad មន្ត្រី​បង់​ក្លា​ដែ​ស​ទទួលបន្ទុក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​និយាយថា បង់​ក្លា​ដែ​ស​ជា​អ្នកសម្រេចចិត្ត​លើ​ចំនួន​ជនភៀសខ្លួន​លើក​នេះ​។​

​បន្ទាប់ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​រួចរាល់ ហើយ​បង់​ក្លា​ដែ​ស​ទទួលបាន​ការយល់ព្រម​ពី​សំណាក់​ជនភៀសខ្លួន​ផ្ទាល់​នោះ ដំណើការ​ធ្វើ​មាតុភូមិ​ន​និវត្តន៍​នឹង​ចាប់ផ្ដើម​តែម្ដង​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ភាគច្រើន​មិន​ចង់​ត្រឡប់​ទៅកាន់​រដ្ឋ Rakhine ដែល​ពួកគេ​ខំ​រត់គេច​ឡើយ​។ ខណៈ​ផ្ទះសម្បែង​ភាគច្រើន​ត្រូវបាន​ដុត​កម្ទេច ជនភាគតិច​មួយ​នេះ​យល់ថា ពួកគេ​នឹងរង​ទុក្ខវេទនា​ជាថ្មីទៀត​មិន​ខាន​។

​ដូច​បានដឹង​ស្រាប់ ប្រជាជន​មី​យ៉ាន់​ម៉ា ដែល​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា​នោះ នៅតែមាន​គំនិត​គុំកួន និង​រើស​អើ​ស​សហគមន៍​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​យ៉ាងខ្លាំង​។ ឯ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទៀតសោត​ក៏​មិនបាន​ចាត់ទុក​ពូជសាសន៍​ជា​ជនភាគតិច​ស្របច្បាប់​ដែរ​។ ប្រតិបត្តិការ​របស់​ក្រុម​យោធា​ក៏​ត្រូវបាន​សង្ស័យថា ជាការ​បោសសម្អាត​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​អស់ពី​ទឹកដី​មី​យ៉ាន់​ម៉ា​តែម្ដង​៕


Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com