ជាតិ
«​សិលាចារឹក​ព្រះ​គោ​» ដែលមាន​ផ្ទាំង​តួអក្សរ​ស្អាត​ជាងគេ​
31, Dec 2017 , 9:59 pm        
រូបភាព
​សៀមរាប​៖ នៅក្នុង​បន្ទប់​សិលាចារឹក​នៃ​សារមន្ទីរ​ជាតិ​អង្គរ មាន​ផ្ទាំង​សិលាចារឹក​ជាច្រើន​ផ្ទាំង ដែល​ដាក់តាំង​បង្ហាញ​ឱ្យ​ភ្ញៀវ​ទស្សនា​។ ក្នុងចំណោម​នោះ មាន​ផ្ទាំង​សិលាចារឹក​មួយ​មាន​ឈ្មោះថា ព្រះ​គោ ដែលមាន​ទំហំ​ធំ និង​មាន​តួអក្សរ​ស្អាត និង​ច្បាស់​ជាងគេ​។



​សិលាចារឹក​ប្រាសាទ​ព្រះ​គោ មាន​រចនាបថ​ព្រះ​គោ ចារ​នៅ​ស​.​វ​ទី​៩​។ ផ្ទាំងសិលា​នេះ ធ្វើ​ពី​ថ្មភក់ ហើយ​ត្រូវបាន​គេ​ឆ្លាក់​ជា​២​ភាសា​ផ្សេងគ្នា​នៅ​សងខាង​។ នៅ​ផ្នែក​ម្ខាង គេ​ចារ​ជា​ភាសា​ខ្មែរ និង​ម្ខាង​ទៀត ជា​ភាសាសំស្ក្រឹត ហើយ​ផ្នែក​ខាងលើ​បាន​ប្រាប់​ពី​កាលបរិច្ឆេទ នា​ឆ្នាំ ៨៧៩ នៃ​គ​.​ស ក្នុង​រាជ្យ​ព្រះបាទ ឥន្ទ្រ​វរ្ម័នទី​១​។

​លោក សេង កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​អង្គរ បានឱ្យដឹងថា ចំណុច​ពិសេស​នៃ​សិលាចារឹក​ព្រះ​គោ គឺមាន​ផ្ទាំង​ធំ និង​មាន​អក្សរ​សា្អ​ត​ជាងគេ​។ សិលាចារឹក​នេះ មាន​ចារ​ជា ២​ភាសា គឺ​ភាសា​ខ្មែរ សរសេរ​ជា​ព្យាង្គ​រាយ ចំណែក​ភាសាសំស្ក្រឹត សរសេរ​ជា​កំណាព្យ​។ តួអក្សរ សរសេរ​ជ្រៅ ច្បាស់ មូល ព្រោះថា​គេ​បានជ្រើសរើស​ថ្ម​ដែលមាន​គុណភាព​ល្អ​យកមក​ចារ ឬ​សរសេរ​។​

​សារមន្ទីរ​ជាតិ​អង្គរ បាន​សង្ខេប​ខ្លឹមសារ​ក្នុង​សិលាចារឹក​នោះ ហើយ​សារព័ត៌មាន​ថ្មីៗ សុំ​ដង​ស្រង់​យកបាន​ចុះផ្សាយ ដូចខាងក្រោម​នេះ​៖











«​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ ឥន្ទ្រ​វរ្ម័នទី​១ ក៏បាន​ចារ​បំពេញបន្ថែម​នា ឆ្នាំ​៨៩៨ នៃ​គ្រឹ​ស្ត​សករាជ ស្តីពី​ការកសាង​របស់​ព្រះរាជ​បិតា ពី​ការគ្រប់គ្រង​រាជ្យ​នា​ឆ្នាំ ៨៧៧ នៃ​គ្រឹ​ស្ត​សករាជ ពី​រាជរ​វង្សានុវង្ស ពី​ការគោរព​ដល់​ល​ទិ្ធ​ទេវរាជ និង​ព្រះរាជ​ទ្រព្យ ដូចជា​ប្រាសាទ​នានា រា​ជប​ល្ល័​ង និង​ព្រះ​រាជរថ​។ អត្ថបទ​ក៏បាន​ប្រាប់​ឱ្យដឹងពី​ការកសាង​បដិមា ព្រះ​សិវៈ​ចំនួន ៣​អង្គ និង​ព្រះ​នាងទេវី ចំនួន​៣​អង្គ នា​ឆ្នាំ ៨៧៩​នៃ​គ​.​ស ព្រះ​ពរ និង​បណ្តាសារ​របស់​ព្រះរាជា​។ នៅ​ឆ្នាំ​៨៩៣ នៃ​គ​.​ស ព្រះបាទ​យ​សោ​វរ្ម័នទី​១ បានដាក់​ព្រះរាជអាជ្ញា​សម្រាប់​ការធ្វើ​ដ​ង្វា​យ​ដល់​ទេព ព្រះនាម​បរម​ស្វរៈ (​ជ័យ​វរ្ម័នទី​២) និង​ប្រ​ថិ​វិ​ន្ទ្រ​សេ្វ​រៈ ដែល​តម្កល់​ក្នុង​ទី​ប្រាសាទ​ព្រះ​គោ​។ ព្រះរាជ​ដ​ង្វា​យ​មាន​ជាអាទិ៍ គ្រឿង​សក្ការៈបូជា និង​ខ្ញុំកំដរ​»៕


Tag:
 សារមន្ទីរ​ជាតិ​អង្គរ​
  សិលាចារឹក​ព្រះ​គោ
© រក្សាសិទ្ធិដោយ thmeythmey.com