អន្តរជាតិ
បាតុកម្ម​ដ៏​កម្រ​នៅ​អ៊ីរ៉ង់​ទាមទារ​ឲ្យ​មេដឹកនាំ​កំពូល Khamenei លាលែង​ពី​តំណែង​
01, Jan 2018 , 9:19 pm        
រូបភាព
​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​អ៊ីរ៉ង់​បាន​បន្ត​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ទោះជា​អាជ្ញាធរ​អ៊ីរ៉ង់​​ព្រមាន​បោសសម្អាត​ក្ដី​។ នៅ​ថ្ងៃ​ដដែល លោក​ប្រធានាធិបតី ហាសាន់ រូ​ហា​នី បាន​អំពាវនាវ​ឲ្យ​មានការ​ស្ងប់ស្ងាត់ និង​បាន​ធានា​ពី​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាជន ប៉ុន្តែ​លោក​ក៏​ព្រមាន​ចាត់វិធានការ​ប្រឆាំង​បាតុករ​ដែល​បង្កបញ្ហា​ដល់​ស្ថិរភាព​សង្គម​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្រុមបាតុករ​ប្រឆាំង​ក៏​ទាមទារ​ឲ្យ​មេដឹកនាំ​កំពូល Ayatollah Ali Khamenei លាលែង​ពី​តំណែង​ដែរ​។



​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​ក្រុម​ដឹកនាំ​សាសនា​ជាន់ខ្ពស់ បានអូសបន្លាយ​ដល់​ថ្ងៃទី​៤​ហើយ​នៅ​ថ្ងៃទី​៣១ ខែធ្នូ បន្ទាប់ពី​ផ្ទុះឡើង​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន ដែល​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ រហូតដល់ ១២​នាក់ និង​របួស​ជាច្រើន​នាក់​។ ជាការ​ងើបឡើង​ដ៏​ធំ​ចាប់តាំងពី​ឆ្នាំ​២០០៩ មក ក្រុមបាតុករ​មិន​ពេញចិត្ត​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន អំពើពុករលួយ និង​ការកើនឡើង​អត្រា​នៃ​អ្នក​អត់​ការងារ​ធ្វើ ជាពិសេស​ក្នុងចំណោម​យុវវ័យ​។

​បាតុកម្ម​បាន​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស ខណៈដែល​អាជ្ញាធរ​ហាក់​បង្ហាញ​ការអត់ធ្មត់​ខ្លាំង​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ធ្ងន់ធ្ងរ​។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ លោក​ប្រធានាធិបតី ហាសាន់ រូ​ហា​នី បាន​ការពារ​សិទ្ធិ​បញ្ចេញមតិ និង​ការប្រមូលផ្ដុំ​របស់​ប្រជាជន​អ៊ីរ៉ង់ តែ​អំពើហិង្សា​ជា​រឿង​មិនអាច​ទទួលបាន​ដាច់ខាត​។ រដ្ឋាភិបាល​នឹងមិន​អត់ធ្មត់​ចំពោះ​អ្នកណា​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ បំពាន​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្កចលាចល​ក្នុងសង្គម​។ នេះ​ជាស​ម្ដី​ព្រមាន​របស់លោក រូ​ហា​នី ។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ក្រុមបាតុករ​ហាក់​បាន​ផ្លាស់ប្ដូរ​គោលដៅ​របស់ខ្លួន​ពី​ការតវ៉ា​ប្រឆាំង​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក រូ​ហា​នី ទៅជា​រឿង​នយោបាយ​វិញ​។ ក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង់ និង​នៅឯ Khorramabad ភាគ​ខាងលិច​ប្រទេស ក្រុមបាតុករ​បាន​ស្រែក​ទាមទារ​ដោយ​កម្រ​ឲ្យ​មេដឹកនាំ​កំពូល Ayatollah Ali Khamenei ចាក​ចេញពី​តំណែង​។ ដើម្បី​ចៀសវាង​បង្កបញ្ហា​ជាមួយ​បាតុករ កម្លាំង​សន្តិសុខ​អ៊ីរ៉ង់​បាន​ប្រើ​កាណុង​បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​តវ៉ា​ទាំងនោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាជ្ញាធរ​អ៊ីរ៉ង់​ក៏​រឹតបន្តឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា Instagram និង Telegram ក៏ដូចជា​បិទ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅតាម​តំបន់​មួយចំនួន ដើម្បី​បង្អាក់​ការទាក់ទង​គ្នា​រវាង​ក្រុមអ្នកតវ៉ា​ផងដែរ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ឆ្លៀតឱកាស​នេះ​វាយប្រហារ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​បិទ​សិទ្ធិ​ប្រជាជន​ខ្លួនឯង និង​ថា របប​ឃោរឃៅ​មិនអាច​រស់​បានយូរ​ឡើយ​។​

​ឆ្លើយតប​នឹង​សារ​នៅ​នៅ​បណ្ដាញ​សង្គម Twitter របស់លោក ត្រាំ លោក រូ​ហា​នី បាន​ពន្លះ​មេដឹកនាំ​អាមេរិក​រូបនេះ​ធ្ងន់ៗ និង​បាន​ប្រាប់​វិញ​ថា អាមេរិក​គ្មាន​សិទ្ធិ​អ្វី​ដើម្បី​ដើរតួ​ជា​អ្នកការពារ​សិទ្ធិ​ប្រជាជន​អ៊ីរ៉ង់​ទេ ព្រោះ​លោក ត្រាំ ផ្ទាល់​ធ្លាប់​ហៅ​ពួកគេ​ជា​ក្រុម​ភេរ​វករ​។ មេដឹកនាំ​អ៊ីរ៉ង់​ក៏​ប្រាប់​ឲ្យ​អាមេរិក មិនត្រូវ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​អ៊ីរ៉ង់​ឡើយ ហើយ​ប្រជាជន​អ៊ីរ៉ង់​ក៏​មិន​ត្រូវការ​អាមេរិក​ដែរ​។​
 

Tag:
 អ៊ីរ៉ង់​
  ​ហាសាន់ រូ​ហា​នី​
  Ayatollah Ali Khamenei
© រក្សាសិទ្ធិដោយ thmeythmey.com