ជាតិ
ក្រោយ​ឈប់​ធ្វើ​នយោបាយ លោក ម៉ម សូណង់ដូ វ័យ​៧៥​ឆ្នាំ លាលែង​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​
02, Jan 2018 , 11:03 am        
រូបភាព
លោក ម៉ម សូណង់ដូ នាអំឡុង​បាតុកម្មមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤។ រូបថត AFP
លោក ម៉ម សូណង់ដូ នាអំឡុង​បាតុកម្មមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​ឈប់​ធ្វើ​នយោបាយ​ហើយ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បច្ចុប្បន្ន​មាន​វ័យ​៧៥​ឆ្នាំ ក៏​លាលែង​ពី​តួនាទី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ដែរ​។



​លោក ម៉ម សូណង់ដូ បាន​លើកយក​ហេតុផល​ថា ការលាលែង​ពី​តំណែង​ប្រធាន​គណបក្ស​នេះ ដោយសារតែ​លោក​ចង់ទុក​ឱកាស​ឲ្យ​អ្នកនយោបាយ​វ័យក្មេង បំពេញ​កាតព្វកិច្ច​ស្នេហា​ជាតិ តាម​គន្លង​ដែល​លោក​ធ្លាប់​អនុវត្ត​ក្នុង​កិច្ចការ​សង្គម រយៈពេល​២២​ឆ្នាំ​មកនេះ​។ ចំណែក​តួនាទី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក សូណង់ដូ ផ្ទេរ​ឲ្យ​ទៅ​លោកស្រី ឌិន ផា​ណា​រ៉ា ប្រធានស្តីទី​វិទ្យុ​សំបុក​ឃ្មុំ​។

​បើទោះជា​លាលែង​ពី​តួនាទី​ប្រធាន​បក្ស និង​ប្រធាន​វិទ្យុ​ក្តី ប៉ុន្តែ​លោក ម៉ម សូណង់ដូ នៅ​រក្សា​ការងារ​សកម្មភាព​មួយ គឺ​កិច្ចការ​មនុស្សធម៌ មិន​ប្រកាន់​និន្នាការ​នយោបាយ​។ នេះ​បើតាម​លិខិត​របស់លោក ម៉ម សូ​ណង់ ដែល​កំពុងស្នាក់នៅ​ប្រទេស​បារាំង​។

​លោក ម៉ម សូណង់ដូ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ មករា​ខាងមុខនេះ ជុំវិញ​រឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ទោស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ក្រោម​បទ​ចោទ ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស (​ស​ន្ទិ​ដ្ឋិ​ភាព​) ។ ប៉ុន្តែ​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បដិសេធ​ចូល​បំភ្លឺ​ក្រោម​ហេតុផល​ថា ខ្លួន​កំពុង​សម្រាក​ពិនិត្យ​តាមដាន​ជំងឺ​នៅ​មន្ទី​ពេទ្យ ប្រទេស​បារាំង​៕



Tag:
 ម៉ម សូណង់ដូ​
  ​សំបុក​ឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com