អន្តរជាតិ
ប្រា​យុទ្ធ គំរាម​ផ្អាក​ការបោះឆ្នោត​ខែវិច្ឆិកា បើ​ប្រទេស​មិនមាន​សណ្ដាប់ធ្នាប់​ទេនោះ​
02, Jan 2018 , 7:39 pm        
រូបភាព
រូបភាព៖ The Nation
រូបភាព៖ The Nation
​មេដឹកនាំ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​គំរាម​មិន​រៀបចំ​ការបោះឆ្នោត​ទូទៅ​ខែវិច្ឆិកា​ឡើយ បើ​ស្ថានការណ៍​ក្នុងស្រុក​មិនល្អ​ប្រសើរ ហើយ​សង្គម​គ្មាន​សណ្ដាប់ធ្នាប់​ទេនោះ​។ លោក ប្រា​យុទ្ធ និយាយ​បែបនេះ ដោយ​ចង់​សំដៅ​ដល់​អ្នកនយោបាយ​ក្នុងស្រុក​ដែល​នៅមាន​គំនិត​រករឿង​គ្នា រួច​បង្កបញ្ហា​ក្នុងប្រទេស​។ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ក៏​ទាត់ចោល​ព័ត៌មាន​ថា លោក​ចង់​បង្កើត​បក្ស​ដើម្បី​ចូលរួម​ការបោះឆ្នោត​ពេលខាងមុខ​ដែរ​។​



​ខណៈដែល​ស្ថានការណ៍​ទូទៅ​នៅក្នុង​ប្រទេស​ថៃ មាន​ភាពល្អប្រសើរ ហើយ​អាជ្ញាធរ​អះអាងថា ប្រទេស​មាន​សន្តិភាព​នោះ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បែរជា​គំរាម​លុបចោល​ការបោះឆ្នោត​ខែវិច្ឆិកា​ទៅវិញ​។ លោក ប្រា​យុទ្ធ អះអាងថា បើ​ប្រទេស​មិនមាន​សណ្ដាប់ធ្នាប់​ទេ នោះ​ការបោះឆ្នោត​ក៏​មិនអាច​កើតឡើង​បានដែរ​។ ប៉ុន្តែ​លោក​មិនមាន​និយាយ​ឲ្យ​ចំឈ្មោះ​អ្នកណា​ដែលមាន​បំណង​បង្កបញ្ហា​ក្នុងប្រទេស​ឡើយ​។​

​បើតាម​កាសែត​ថៃ The Nation មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ រូបនេះ​បញ្ជាក់ថា​៖ «​បើ​ចង់បាន​ការបោះឆ្នោត អ្នក​ត្រូវ​រក្សា​សណ្ដាប់​ឲ្យ​រៀបរយ​។ ខ្ញុំ​មិនអាច​រៀបចំ​ការបោះឆ្នោត​បានទេ បើ​បញ្ហា​នៅតែមាន ហើយ​ខ្ញុំ​មិនអាច​ទទួលខុសត្រូវ​លើ​បញ្ហា​ទាំង​នោះឡើយ​»​។ លោក​បន្តថា សម្ដី​ព្រមាន​របស់លោក​មិនមែន​មានន័យថា លោក​ចង់​ពន្យារពេល​បោះឆ្នោត​ឡើយ តែ​ចង់​ប្រាប់​ឲ្យ​មនុស្ស​ទាំងអស់ កុំ​បង្កបញ្ហា ព្រោះ​ប្រជាជន​មិន​គាំទ្រ​មនុស្ស​បង្ករឿង​ឡើយ​។​

​ទោះជា​មិន​និយាយ​ឲ្យ​ចំឈ្មោះ គេ​អាច​យល់បាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចង់​ណែនាំ​ទៅកាន់​បក្សនយោបាយ​ធំ​ទាំងពីរ​របស់​ថៃ គឺ​បក្ស​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ​។ កន្លងមក លោក ប្រា​យុទ្ធ ធ្លាប់​រិះគន់​បក្ស​ទាំងពីរ​នេះ​ខ្លាំងៗ ដោយ​ថា បក្ស​ទាំងពីរ​នេះ​ស្នើ​ឲ្យ​អ្នកគាំទ្រ​ប្រមូលផ្ដុំ​តាមផ្លូវ​ប្រឆាំង​គ្នា​ទៅវិញទៅមក​អស់​ពេល​រាប់សិប​ឆ្នាំ​មកហើយ​។ ដោយសារ​ជម្លោះ​រវាង​អ្នកនយោបាយ​នេះ ទើប​លោក ប្រា​យុទ្ធ ដែល​ចាត់ទុក​ខ្លួនឯង​ជា​កម្លាំង​អព្យាក្រឹត ធ្វើ​រដ្ឋប្រហារ​បញ្ចប់​ប​ញ្ហា​តែម្ដង​។​

​ជុំវិញ​បញ្ហា​នេះ ប្រមុខ​របប​សឹក​ថៃ​បាន​ចោទ​ជា​សំណួរ​ថា តើ​មាន​ចាំ​ទេ​ថា បក្ស​ទាំងពីរ​នេះ​បានធ្វើ​អ្វីខ្លះ​ពី​អតីតកាល​? ខ្ញុំ​មិន​យល់​ហេតុអ្វី​ពេលនេះ​ពួកគេ​បែរជា​វាយប្រហារ​ខ្ញុំ​ទៅវិញ​។ លោក ប្រា​យុទ្ធ ចង់​រិះគន់​អ្នកនយោបាយ​បក្ស​ទាំងពីរ​ដែល​មិន​ពេញចិត្ត​ការកែប្រែ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ត្រង់ចំណុច​ដែល​ឲ្យ​បក្សនយោបាយ​បញ្ជាក់​ពី​សមាជិកភាព​របស់​ស​មា​ជិ​ក​ចំនួន​៥០០​នាក់​ចាំ​ចាច់​ក្នុង​បង្កើត​បក្ស​ថ្មី​។​

​ជាមួយនឹង​ការទាត់ចោល​ពាក្យ​រិះគន់ថា​លោក​បង្កើត​ឧបសគ្គ​បក្សនយោបាយ​ផ្សេង លោក ប្រា​យុទ្ធ ក៏​បដិសេធ​ព័ត៌មាន​ថា លោក​បាន​បង្កើត​បក្សនយោបាយ​ដើម្បី​រក្សា​អំណាច ក្រោយ​ការបោះឆ្នោត​ខែវិច្ឆិកា​។ បើតាម​នាយករដ្ឋមន្ត្រី​រូបនេះ ប្រជាជន​ទាំងអស់​សុទ្ធតែ​អាចបង្កើត​បក្សនយោបាយ​បាន ហើយ​បើ​បក្ស​នោះ​មាន​បេក្ខជន​ល្អ អ្នកបោះឆ្នោត​ជ្រើសរើស​បក្ស​នោះ​។ ហេតុអ្វី​បានជា​ចេះតែ​ខ្លាច​លោក​មួយ​ដូច្នេះ​?  


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com