កីឡាជាតិ
ជាតិ
បឹងកេត​អាចឈាន​ដល់​កិច្ចព្រមព្រៀង​យក​កីឡដ្ឋាន​ខេត្តកំពត​ធ្វើជា​ផ្ទះ​សម្រាប់​រដូវ​កាល​ថ្មី​
02, Jan 2018 , 4:54 pm        
រូបភាព
ដោយ:
​ក្លិប​បឹងកេត​បាននិងកំពុង​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​កីឡដ្ឋាន​ខេត្តកំពត ដើម្បី​យក​ទីតាំង​នេះ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ដែល​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ពាក់ព័ន្ធ​ការចរចា​នេះ លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​បញ្ជាក់ថា កំពុងស្ថិត​ទៅរក​ការព្រមព្រៀង​ស្ទើរ​១០០​ភាគរយ​។​



​ដោយមាន​លក្ខខណ្ឌ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដែល​តម្រូវ​ឲ្យ​ក្លិប​នីមួយៗ​ត្រូវមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ក្លិប​បឹងកេត​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៧ ដែល​តែងតែ​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើជា​ម្ចាស់ផ្ទះ បាននិងកំពុង​ចែវ​ចូ​វ​កីឡដ្ឋាន​ខេត្តកំពត​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​រដូវ​ក្រោយ​។   

«​ពួកយើង​កំពុង​រៀបចំ​លើ​គម្រោង​នេះ ជាការ​ពិតណាស់​យើង​និង​ខេត្តកំពត​កំពុងតែ​ពិភាក្សា​លើ​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​ឈានទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ទីនោះ​។ ដាច់ខាត​យើង​ត្រូវតែមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​មួយ​សម្រាប់ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៨ ព្រោះ​វា​ជា​លក្ខខណ្ឌ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដូច្នេះ​យើង​មិនអាច​បន្ត​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ទៀត​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត ហើយ​លោក​បាន​បន្ថែមថា ការពិភាក្សា​កំពុងដំណើរការ​ទៅរក​កិច្ចព្រមព្រៀង​ស្ទើរ​១០០​ភាគរយ​។​

​ទន្ទឹមនឹងនេះ លោក ចាន់ ចេស្តា អភិបាលខេត្ត​កំពត​បា​ន​បញ្ជាក់ថា លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ក្លិប​ដែល​ចង់​ប្រើ​កីឡដ្ឋាន​ខេត្តកំពត​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ផ្សេងៗ​។ ការអះអាង​បែបនេះ​ដោយសារ​លោក​យល់ថា តាមរយៈ​ការរៀបចំ​ការប្រកួត​នៅ​ទីនោះ​នឹងធ្វើ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​នៅ​ខេត្តកំពត​កាន់តែ​រីកចម្រើន ព្រោះ​បច្ចុប្បន្ន​មាន​យុវជន​ជាច្រើន​លេង​កីឡា​នេះ​។

​លោក បែ មករា បានបញ្ជាក់​បន្ថែមថា ប្រសិនបើ​ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ក្លិប និង​ខេត្តកំពត​ឈានដល់​កិច្ចព្រមព្រៀង ក្លិប​នឹង​ជួសជុល​កែលម្អ​ចំណុច​មួយចំនួន​នៃ​កីឡដ្ឋាន​នេះ​ឲ្យ​ក្លាយជា​កីឡដ្ឋាន​មាន​ស្តង់ដា​មួយ​សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៨​។ ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ នឹង​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។ ចំណែក​ពានរង្វាន់​សម្តេច ហ៊ុន សែន បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​៧ កុម្ភៈ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៦ តុលា ឆ្នាំ​២០១៨៕   


Tag:
 បែ មករា​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com