កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​១១៦​លាន​រៀល​ដែលជា​ទឹកប្រាក់​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៧
03, Jan 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ច្រើនជាងគេ​នៅ​ឆ្នាំ​២០១៧ ក្រោយ​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។ ណាហ្គា​វើ​ល បឹងកេត ក្រសួងការពារជាតិ និង​អគ្គិសនី​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ជា​បន្តបន្ទាប់​ជា​ក្រុម​ទទួលបាន​ថវិកា​លើកទឹកចិត្ត​នៅ​ឆ្នាំនេះ​។ ចំនួន​ថវិកា​នេះ​មិន​រាប់បញ្ចូល​ប្រាក់រង្វាន់​លក្ខណៈ​បុគ្គល​ដែល​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នោះទេ​។​



​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ជា​ក្រុម​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ច្រើនជាង​នៅ​ឆ្នាំ​២០១៧ ដែលមាន​ចំនួន​១១៦​លាន​រៀល​(​ជិត​៣​ម៉ឺន​ដុល្លារ​)​។ ថវិកា​លើកទឹកចិត្ត​ទាំងនេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​ពី​ការ​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ចំនួន​៨០​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ចំនួន​៣៦​លាន​រៀល​។​

​ក្រោយ​ទទួលបាន​៤០​លាន​រៀល​ពី​ការ​គ្រង​ជើងឯក​រង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​៣០​លាន​រៀល​ពី​ការ​ឈរ​ចំណាត់ថ្នាក់​លេខ​៤​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នាំ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ក្លាយជា​ក្រុម​លេខ​២​ដែល​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ច្រើនជាងគេ​នៅ​ឆ្នាំនេះ ដែលមាន​ចំនួន​៧០​លាន​រៀល​។ ចំណែក​ក្រុម​បឹងកេត​ក្រោយ​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ ជា​ក្រុម​លេខ​៣​ក្រោយ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​៦០​លាន​រៀល​។

​ដោយឡែក ក្រុម​ជើងឯក​រង​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ក្រសួងការពារជាតិ និង​ក្រុម​លេខ​៣​ពានរង្វាន់​សម្តេច ហ៊ុន សែន អគ្គិសនី​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ជា​បន្តបន្ទាប់​ជាមួយ​ថវិកា​លើកទឹកចិត្ត​៤៦​លាន​រៀល និង​២០​លាន​រៀល​។ តែ​យ៉ាងណា ថវិកា​ទាំងនេះ​មិន​បូក​បញ្ចូល​ប្រាក់រង្វាន់​លក្ខណៈ​បុគ្គល​ដែល​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ ឡើយ​៕  
 

Tag:
 បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  បឹងកេត​
  ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com