កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រតិកម្ម​នឹង Scholes ដែល​រិះគន់ Pogba
02, Jan 2018 , 9:59 pm        
រូបភាព
​លោក Jose Mourinho បាន​ប្រតិកម្ម​នឹង​អតីត​វីរបុរស Manchester United លោក Paul Scholes ដែល​រិះគន់​មកលើ​ក្រុម​របស់លោក និង​បុគ្គល​មួយចំនួន​នៅ Old Trafford​។
Goal.com បាន​ផ្សាយ​ថា អតីត​ខ្សែបម្រើ​ឆ្នើម​របស់​បិសាច​ក្រហម Paul Scholes បាន​រិះគន់ Paul Pogba ថា​មិនទាន់​បានបង្ហាញ​អ្វី​ជា​ដំ​កំ​ផួន​ឲ្យ​ក្រុម​សម​នឹង​តម្លៃ​ខ្លួន ៨៩​លាន​ផោន ប្រហែល ១២០​លាន​ដុល្លារ​នៅឡើយ​នោះទេ​។



​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៤៣​ឆ្នាំ​លើកឡើង​ដូច្នេះ​នៅមុន​ជំនួប​រវាង​ក្រុម Manchester United និង Everton ក្នុង​ក្របខណ្ឌ Premier League នៅ​យប់​ថ្ងៃ​ចន្ទ​ទី​១ ខែមករា​នេះ ក្នុងន័យ​ដាក់​កំហិត​ដល់​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​២៥​ឆ្នាំ​រូបនេះ​ដែល​មិន​អាចជួយ​ក្រុម​យកឈ្នះ Southampton កាលពី​សប្តាហ៍​មុន​។​

​ប៉ុន្តែ​ក្រោយ​ជ័យជម្នះ​លើ​ក្រុម​រហស្សនាម​ស្ក​គ្រាប់ ២-០ នៅ​ទឹកដី Goodison Park អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Mourinho បាន​វាយបក​ទៅកាន់ Scholes វិញ​ថា​៖«​ខ្ញុំ​គិតថា​រឿង​តែមួយគត់​ដែល Paul Scholes ធ្វើ​គឺ​រិះគន់​។ ខ្ញុំ​មិន​គិតថា​គាត់​ផ្តល់យោបល់​ឲ្យ​ខ្ញុំ​ទេ តែ​នេះ​ជាការ​រិះគន់​ប៉ុណ្ណោះ​។ មិនមែន​គ្រប់ៗ​គ្នា​ទាំងអស់​ត្រូវតែមាន​ភាព​អស្ចារ្យ​ដូចជា​គាត់ កាល​នៅ​ជា​កីឡាករ​នោះទេ​។ គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​មិន​មានន័យថា​យើងទាំងអស់គ្នា​ត្រូវតែមាន​ភាព​អស្ចារ្យ​ដូច​គាត់​ឡើយ​»​។​

​អតីត​អ្នកចាត់ការ Real Madrid និង Chelsea បាន​បន្ថែមថា​៖« Pogba បាន​ព្យាយាម​ធ្វើ​បានល្អ​បំផុត​ស្ទើ​គ្រប់​ការប្រកួត​។ ជួនកាល​គាត់​លេង​ល្អ ជួនកាល​ក៏​មិនសូវ​បានល្អ​ហើយ​វា​មិនមែនជា​កំហុស​របស់គាត់​ទេ តែ​ខុស​ត្រង់​ថា​គាត់​រកប្រាក់​បាន​ច្រើនជាង Paul Scholes ប៉ុណ្ណោះ​»៕


Tag:
 បាល់ទាត់​
  រិះគន់​
  Jose Mourinho
  Paul Scholes
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com