ជាតិ
សំណុំរឿង​អតីត​អ្នកកាសែត​នៃ​អាស៊ីសេរី ឡើងដល់​តុលាការ​កំពូល
03, Jan 2018 , 10:45 am        
រូបភាព
លោក អ៊ួន ឈិន (ខាងឆ្វេងដៃ) និងលោក យាង សុជាមេត្តា (ខាងស្តាំដៃ)។  រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា
លោក អ៊ួន ឈិន (ខាងឆ្វេងដៃ) និងលោក យាង សុជាមេត្តា (ខាងស្តាំដៃ)។ រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​មេធាវី កែវ វ៉ា​ន្នី បាន​យក​សំណុំរឿង​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ទៅ​ដា​ក់នៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​អ្នក​ទាំងពីរ រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ នេះ​បើតាម​ពាក្យបណ្តឹង​សាទុក្ខ​របស់​លោក​មេធាវី កែវ វ៉ា​ន្នី ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២0១៨​។

 


​ការដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល គឺ​ដោយសារតែ​លោក​មេធាវី កែវ វ៉ា​ន្នី មិនអាច​ទទួលយកបាន ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ  និង​សាលាឧទ្ធរណ៍ មិន​ព្រម​ឲ្យ​កូនក្តី​ទាំងពីរ​របស់លោក បានរស់នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដោយ​សង្ស័យថា បាន​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផលិត​ព័ត៌មាន​ដោយ​ខុសច្បាប់ ហើយ​បញ្ចូនទៅ​ឲ្យ​ស្ថាប័ន​របស់ខ្លួន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន​នៃ​សហរដ្ឋអាមេរិក​។

​បច្ចុប្បន្ន សំណុំរឿង​របស់​អ្នក​ទាំងពីរ កំពុង​សិ្ថ​ត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ខណៈ​សំណុំ​រឿងនេះ កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ លោក​មេធាវី ក៏​ព្យាយាម​សុំ​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន ជា​បណ្តោះអាសន្ន​។ ដោយសារតែ​សាលាដំបូង​រាជធានី​ភ្នំពេញនិង​សាលាឧទ្ធរណ៍ សុទ្ធតែ​ប​ដិសេធ​នឹង​សំណើ​នេះ លោក​មេធាវី ក៏​បន្ត​ដាក់សំណើ​ទៅកាន់​តុលាការ​កំពូល​៕


Tag:
 អាស៊ីសេរី​
  អ៊ួ​ន ឈិន​
  យាង សុជា​មេត្តា​
  តុលាការ​
  សុំ​នៅក្រៅ​ឃុំ​
© រក្សាសិទ្ធិដោយ thmeythmey.com