ជាតិ
លោក លី ធុជ ឡើងជា​អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​មីន​ជំនួស​លោក សេរី កុសល​
03, Jan 2018 , 8:19 pm        
រូបភាព
លោក លី ធុជ (ឆ្វេង) ឡើងកាន់តំណែងអនុប្រធានទីមួយអាជ្ញាធរមីនជំនួសលោក សេរី កុសល
លោក លី ធុជ (ឆ្វេង) ឡើងកាន់តំណែងអនុប្រធានទីមួយអាជ្ញាធរមីនជំនួសលោក សេរី កុសល
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហា​ក​ក្សត្រ ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២0១៨ ដោយ​បញ្ចប់​តំណែង​លោក សេរី កុសល ពី​អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។ បន្ទាប់ពីបញ្ចប់តំណែងលោក សេរី កុសល ដែលមាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី ត្រូវ​បានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​។



​បើតាម​ព្រះរាជក្រឹត្យ លោក លី ធុជ ដែលជា​អគ្គលេខាធិការ និង​ជា​អនុប្រធាន​ទី​២ នៃ​អាជ្ញាធរ​កម្ចាត់មីន ត្រូវបានតែងតាំង​ជា​អនុប្រធាន​ទី​១ ជំនួស​លោក សេរី កុសល​។

​ក្រៅពី​តំណែង​អនុប្រធាន​ទី​១​និង​អនុប្រធាន​ទី​២ ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​ផ្លាស់ប្តូរ​តំណែង​ក្នុង​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​កម្ចាត់មីន​ដែរ​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​ឲ្យ​ដឹងថា លោក ប្រាក់ សុខ​យូរ និង​លោក ទូច ភាព ត្រូវបាន​បញ្ចប់​តំណែង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​កម្ចាត់មីន ហើយ​ផ្ទេរ​អ្នក​ទាំងពីរ ឲ្យ​ទៅធ្វើជា​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​វិញ​។ 

​ផ្អែកលើ​ព្រះរាជក្រឹត្យ​ដដែល លោក ព្រំ សុភមង្គល អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅកាន់​តំណែង​អគ្គលេខាធិការ​នៃ​អជ្ញាធរ​កម្ចាត់មីន ជំនួស​លោក លី ធុជ​។ រីឯ​លោក ទេព កល្យាណ ដែលជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​ដែរនោះ ត្រូវបាន​ផ្ទេរ​ឲ្យ​ទៅកាន់​តំណែង​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​កម្ចាត់មីន​៕


Tag:
 លី ធុជ​
  សេរី កុសល​
  អាជ្ញាធរ​មីន
© រក្សាសិទ្ធិដោយ thmeythmey.com