ជាតិ
លោក ង៉ាន់ ភិ​រុណ ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត សៀមរាប ជា​ផ្លូវការ​
04, Jan 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ លោក ង៉ាន់ ភិ​រុណ មន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ទើបនឹង​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​ជា​អភិបាលរង​ខេត្ត សៀមរាប ជំនួស​អភិបាលរង​មួយរូប ដែល​ដល់​អណ​ត្តិ​ការងារ​។ ពិធី​ប្រកាស​តែងតាំង​ជា​ផ្លូវការ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ ២០១៨ នៅ​រដ្ឋបាលខេត្ត សៀមរាប​។​



​លោក ង៉ាន់ ភិ​រុណ ឡើងជា​អភិបាលរង​ខេត្ត សៀមរាប ជំនួស​លោក សង់ រី​ហា ដែល​ដល់​អាណត្តិ​ការងារ​ជា​អភិបាលរង​រយៈពេល ៨​ឆ្នាំ​។ ក្នុង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល បានសម្រេច​ឱ្យ​លោក សង់ រី​ហា ត្រឡប់​ទៅ​បំពេញការងារ​នៅ​ក្រសួងសុខាភិបាលវិញ​។

​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ បានឱ្យដឹងថា លោក ង៉ាន់ ភិ​រុណ មាន​ឋានន្ដរ​ស័​ក្ត​ជា​មន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ក្នុងពេល​មក​បំពេញការងា​រ​ថ្មី​នេះ លោក​ត្រូវដាក់​ពាក្យស្នើសុំ​នៅក្រៅ​ក្របខណ្ឌ​ដើម​។​

​សូមបញ្ជាក់ថា ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាលរង​ខេត្ត សៀមរាប ធ្វើឡើង​ក្រម​វត្តមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អភិបាលខេត្ត សៀមរាប លោក ឃឹម ប៊ុន​សុង ព្រមទាំង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​៕


Tag:
 ង៉ាន់ ភិ​រុណ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com