អន្តរជាតិ
ម៉ា​ក្រុង នឹង​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​
04, Jan 2018 , 11:20 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលជាមួយបណ្ដាសារព័ត៌មាន (រូបភាព៖ Reuters)
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលជាមួយបណ្ដាសារព័ត៌មាន (រូបភាព៖ Reuters)
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​នៅ​ថ្ងៃទី​៣ ខែមករា ថា លោក​នឹង​កែប្រែ​ច្បាប់​គ្រប់គ្រង​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៨ នេះ ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​សាយភាយ​ព័ត៌មាន​មិន​ពិត​។ បើតាម​លោក ម៉ា​ក្រុង ការកែប្រែ​ច្បាប់​នេះ មាន​គោលដៅ​ការពារ​ប្រជាធិបតេយ្យ ដែល​រង​ការគំរាមកំហែង​ពី​សំណាក់​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​។ លោក​ក៏​ណែនាំ​មន្ត្រី​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​។​



​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​នៅ​វិមាន Elysee នៅ​ថ្ងៃទី​៣ ខែមករា ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​ជំហរ​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ព័ត៌មាន​មិន​ពិត ជាពិសេស​អំឡុងពេល​បោះ​ឆ្នោត​។ លោក ម៉ា​ក្រុង និយាយថា លោក និង​ក្រុមការងារ​របស់លោក ក្លាយជា​ជនរងគ្រោះ​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​លួច Hack ដ៏​ធំ​មួយ​កាលពី​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៧ ។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក ម៉ា​ក្រុង បញ្ជាក់ថា លោក​បានសម្រេច​ចិត្ត​កែប្រែ​ប្រព័ន្ធ​ច្បាប់​ដើម្បី​ការពារ​ប្រជាធិបតេយ្យ​ពី​ព័ត៌មាន​មិន​ពិត ហើយ​អំឡុងពេល​បោះឆ្នោត មាតិកា​នៅលើ​អ៊ីនធឺណិត នឹងមិន​អនុវត្ត​ច្បាប់​ដូចគ្នា​ឡើយ​។ លោក ម៉ា​ក្រុង ដែល​ចាត់ទុក​ព័ត៌មាន​មិន​ពិតជា​ការគំរាមកំហែង និង​បង្កើតជា​ការសង្ស័យ​ក្នុងចំណោម​ប្រជាជន​លើ​អ្នកនយោបាយ និង​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ច្បាប់​ថ្មី​ដែល​លោក ម៉ា​ក្រុង អះអាងថា​នឹង​លេច​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៨ នឹង​បង្កើត​តម្លាភាព​របស់​មាតិកា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ទាំងអស់​ដើម្បី​ផ្សាយ​ជា​សាធារណៈ​នូវ​អត្តសញ្ញាណ​ម្ចាស់​ឧបត្ថម្ភ និង​អ្នក​នៅ​ពីក្រោយ ក៏ដូចជា​កម្រិត​ចំនួន​អត្ថបទ​បែបនេះ​ផងដែរ​។ ម្យ៉ាងទៀត ច្បាប់​ដដែល​នេះ​នឹង​បន្ថែម​អំណាច​ឲ្យ​ស្ថាប័ន​ត្រួតពិនិត្យ​សារព័ត៌មាន CAS សំដៅ​ទប់ស្កាត់​ការប៉ុនប៉ង​បង្ក​អស្ថិរភាព​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​។

​ក្នុងពេល​អនុវត្ត​ភារកិច្ច​របស់ខ្លួន CAS នឹង​ទទួល​សិទ្ធិ​ក្នុង​បដិសេធ ផ្អាក ឬក៏​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះបាន ក្រោយ​ត្រួតពិនិត្យ​លើ​មាតិការឿង​រាប់ទាំង​ការបោះ​ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​។ ប្រព័ន្ធ​អន​ឡាញ នឹង​ក្លាយជា​គោលដៅ​ដំបូង​គេ​នៃ​ច្បាប់​ថ្មី​នេះ​។ ក្នុងករណី​បន្ទាន់​នៃ​ការកើតឡើង​ព័ត៌មាន​ក្លែងក្លាយ ចៅក្រម​អាច​លុបចោល​មាតិកា​នោះ លុបចោល​គណនី​អ្នកប្រើប្រាស់ ឬក៏​ឈានដល់​ការ​រឹតត្បិត​ការចូល​មើល​គេហទំព័រ​តែម្ដង​។​

​ទន្ទឹមនឹង​ការ​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះដែរ លោក ម៉ា​ក្រុង ក៏​ប្រាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល នៅ​ឲ្យ​ឆ្ងាយ​ពី​សារព័ត៌មាន ព្រោះ​មិនមែនជា​រឿង​ល្អ​សម្រាប់​ភាគី​ទាំងសងខាង​ឡើយ​។ លោក​ពន្យល់ថា ការ​កៀក​កិត​គ្នា​នាពេល​កន្លងមក មិនមែនជា​រឿង​ត្រឹមត្រូវ​ឡើយ តែ​លោក​ចង់​ឲ្យ​មានការ​និយាយ​គ្នា​បែប​ស្ងាត់ៗ ជាង​ការអធិប្បាយ​ផ្លូវការ​៕


Tag:
 បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com