អន្តរជាតិ
លោក​ប្រា​យុទ្ធ ៖ ខ្ញុំ​លែង​ជា​ទាហាន​ហើយ តែ​ជា​អ្នកនយោបាយ​
04, Jan 2018 , 7:39 pm        
រូបភាព
​ប្រមុខ​របប​សឹក​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៣ ខែមករា បាន​សារ​ភាពជា​សាធារណៈ​ថា លោក​លែង​ជា​ទាហាន​ទៀតហើយ តែ​ជា​អ្នកនយោបាយ​វិញ​ម្ដង​។ លោក​ក៏​ទម្លាយ​ដែរ​ថា លោក​មិនដែល​ចង់​ធ្វើ​អ្នកនយោបាយ​ឡើយ តែ​ចូល​ពាក់ព័ន្ធ​នយោបាយ​ដើម្បី​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ជាតិ​ប៉ុណ្ណោះ​។ ការសារភាព​នេះ​ធ្វើឡើង ខណៈដែល​របប​សឹក​ថៃ​សន្យា​រៀបចំ​ការបោះឆ្នោត​ទូទៅ​នៅ​ខែវិច្ឆិកា​ខាងមុខ ហើយ​អ្នកវិភាគ​យល់ថា លោក ប្រា​យុទ្ធ អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​ថ្មី​។​



«​ខ្ញុំ​មិន​លែង​ជា​ទាហាន​ទៀតហើយ​។ ខ្ញុំ​ជា​អ្នកនយោបាយ​ធ្លាប់​បម្រើកងទ័ព​ម្នាក់​ប៉ុណ្ណោះ​។​» នេះ​ជាស​ម្ដី​សារភាព​របស់​មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ នេះ​ជា​លើកដំបូង​ដែល​លោក ប្រា​យុទ្ធ និយាយ​ត្រង់ៗ​ចំពោះ​តួនាទី​នយោបាយ​របស់លោក បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ឆ្នាំ​២០១៤ ក្នុងនាម​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​នោះ​។

​បើតាម​សារព័ត៌មាន The Nation អតីត​មេទ័ព​រូបនេះ​ក៏​អះអាងថា លោក​មិន​ចង់​ធ្វើជា​អ្នកនយោបាយ​ឡើយ​សូម្បីតែ​មួយថ្ងៃ ដ្បិត​លោក​មិន​ចង់​ធ្វើ​នយោបាយ​តាំងពី​ដំបូង​ម្ល៉េះ​។ ប៉ុន្តែ​លោក​មានការ​ចាំបាច់​ដែល​ត្រូវ​ប្រឡូក​ក្នុង​វិស័យនេះ​។ តាមពិតទៅ អាជីព​នយោបាយ​នេះហើយ​ដែល​លោក ប្រា​យុទ្ធ មិន​ចូលចិត្ត ព្រោះ​លោក​តែង​រិះគន់​អ្នកនយោបាយ​ដែល​បង្កបញ្ហា​ក្នុងប្រទេស រហូតដល់​មាន​រដ្ឋប្រហារ​កើតឡើង​។​

​ការសារភាព​របស់លោក ប្រា​យុទ្ធ គឺជា​រឿង​កម្រ និង​មិន​នឹកស្មាន​ដល់ ព្រោះ​លោក​តែង​នៅ​ឆ្ងាយ​ពី​អ្នកនយោបាយ​។ ប៉ុន្តែ​វា​កើតឡើង​ចំពេល​នៃ​កា​រវិ​វ​ដ្ឋ​នៃ​ដំណើការ​នយោបាយ​ក្នុងប្រទេស​ថៃ​។ ច្បាប់​សំខាន់ៗ​ទាក់ទង​នឹង​បោះឆ្នោត​កំពុង​លេច​ជា​រូបរាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ទាន់​ផែនការ​បោះឆ្នោត​ខែវិច្ឆិកា ដែល​លោក ប្រា​យុទ្ធ ជា​អ្នក​ប្រកាស​ផ្ទាល់​។ ច្បាប់​ថ្មី និង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ត្រូវបាន​អ្នកវិភាគ​នយោបាយ​ថៃ​យល់ថា ជា​យន្ត​ការដែល​របប​សឹក​អាច​បន្តអំណាច​ក្រោយ​ការបោះឆ្នោត​។​

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ថៃ​មើលឃើញថា ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ដែល​ដឹកនាំ​របប​យោធា​ថៃ​តាំងពី​ខែឧសភា ឆ្នាំ​២០១៤ ជា​អ្នកនយោបាយ​ឈានមុខ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ខណៈដែល​បក្សនយោបាយ​ដទៃទៀត​កំពុង​ប្រឹងប្រែង​បំពេញ​លក្ខខណ្ឌ​ចាំបាច់​តាមច្បាប់​ស្ដីពី​បក្សនយោបាយ​។ បក្ស​ធំៗ​ពីរ គឺ​បក្ស​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ ចោទ​របប​សឹក​ថា ប្រើ​ច្បាប់​ថ្មី​ដើម្បី​បង្កើត​ឧបសគ្គ​ឲ្យ​បក្ស​ផ្សេងទៀត សំដៅ​កាត់បន្ថយ​គូប្រជែង​ក្នុងការ​បោះឆ្នោត​។​

​ពីរ​ថ្ងៃ​មុននេះ លោក ប្រា​យុទ្ធ ក៏​ទើបបាន​គំរាម​មិន​រៀបចំ​ការបោះឆ្នោត​ទូទៅ​ខែវិច្ឆិកា​ឡើយ បើ​ស្ថានការណ៍​ក្នុងស្រុក​មិនល្អ​ប្រសើរ ហើយ​សង្គម​គ្មាន​សណ្ដាប់ធ្នាប់​ទេនោះ​។ លោក ប្រា​យុទ្ធ និយាយ​បែបនេះ ដោយ​ចង់​សំដៅ​ដល់​អ្នកនយោបាយ​ក្នុងស្រុក ពិសេស​បក្ស​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ​ដែល​នៅមាន​គំនិត​រករឿង​គ្នា រួច​បង្កបញ្ហា​ក្នុងប្រទេស​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com