អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ទទួល​សំណើ​ចរចា​របស់​កូរ៉េខាងត្បូង
05, Jan 2018 , 11:21 am        
រូបភាព
​កូរ៉េ​ទាំងពីរ​នឹង​ចរចា​គ្នា​នៅ​សប្ដាហ៍​ក្រោយ ដែលជា​ជំនួប​ទល់មុខ​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥ ។ ប្រធានបទ​សំខាន់​នៃ​ការចរចា គឺ​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​រដូវរងារ​ឆ្នាំ​២០១៨ និង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ជាប់គាំង​រាប់សិប​ឆ្នាំ​មកហើយ​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជា​អ្នក​បង្ហាញ​បំណង​ចង់​ចរចា​ជាមុន រួច​ទើប​កូរ៉េខាងត្បូង​ស្នើ​កាលបរិច្ឆេទ និង​ទីតាំង​ចរចា​ជា​ក្រោយ​។​



​កូរ៉េខាងជើង​បាន​ផ្ញើលិខិត​មួយ​ទៅកាន់​កូរ៉េខាងត្បូង ដើម្បី​ជូនដំណឹង​ពី​ការយល់ព្រម​របស់ខ្លួន​លើ​សំណើ​ចរចា​ថ្នាក់ខ្ពស់​មួយ​នៅ​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ ការចរចា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែមករា នៅឯ​ភូមិ​ប៉ាន់​មុន​ជុម ក្នុង​តំបន់​គ្មាន​កងទ័ព DMZ ។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ និង​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៥ ខែមករា លោក Baik Tae-hyun ជា​អ្នកនាំពាក្យ​និយាយថា ភាគី​ទាំងពីរ​យល់ព្រម​ពិភាក្សា​លើ​បញ្ហា​ថ្នាក់​ត្រឹម​ក្រុមការងារ​តាមរយៈ​ការផ្លាស់ប្ដូរ​ឯកសារ​គ្នា ដោយ​ផ្ដោតជាសំខាន់​លើ​លទ្ធភាព​នៃ​ការចូលរួម​កម្មវិធី​អូឡាំពិក​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង ក៏ដូចជា​បញ្ហា​ពាក់ព័ន្ធ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ ភាគី​ទាំងពីរ​ទំនងជា​ពិភាក្សា​ជុំវិញ​ការចាប់ផ្ដើម​ឡើងវិញ​ការចរចា​អន្តរ​កូរ៉េ​ផងដែរ​។​

​ស្ថានការណ៍​ជា​វិជ្ជមាន​រវាង​កូរ៉េ​ទាំងពីរ ចាប់ផ្ដើម​កាលពី​ថ្ងៃទី​១ ខែមករា ពេលដែល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បង្ហាញ​ជំហរ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​។ ក្នុងពេល​ថ្លែង​សារ​អបអរ​ឆ្នាំ​ថ្មី​២០១៨ លោក គីម ហាក់​បន្ទន់​ជំហរ​ដាក់​កូរ៉េខាងត្បូង និង​ស្នើ​ឲ្យ​មាន​ការចរចា​ដើម្បី​កូរ៉េខាងជើង​អាច​បញ្ជូន​ប្រតិភូ​ចូលរួម​អូឡាំពិក​ខែកុម្ភៈ​ខាងមុខ​។ ក្រុង​សេ​អ៊ូ​ល​បាន​ឆ្លើយតប​យ៉ាង​រហ័ស និង​ជា​វិជ្ជមាន​ទៅនឹង​ជំហរ​របស់​ក្រុង​ព្យុងយ៉ាង​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ការយល់ព្រម​របស់​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង និង​អាមេរិក​សម្រេចចិត្ត​ពន្យារពេល​សមយុទ្ធ​រួមគ្នា​ដែល​គ្រោង​ធ្វើ​រៀបចំ​ទន្ទឹមគ្នា​នឹង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៨ ។ កូរ៉េខាងត្បូង​យល់ថា ការផ្អាក​សមយុទ្ធ​រួមគ្នា​នឹង​ជួយ​បន្ថយកម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​ឲ្យ​កម្មវិធី​កីឡា​នេះ​ធ្វើឡើង​ដោយ​គ្មាន​ការ​ភ័យ​បារម្ភ ខណៈ​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​រួមគ្នា​នេះ​ជាការ​ប្រុងប្រៀប​ឈ្លានពាន​ខ្លួន​។​

​យ៉ាងណាមិញ អាមេរិក​ហាក់​នៅ​ស្ទាក់ស្ទើ​មិន​ចង់​ជឿថា កូរ៉េខាងជើង​បន្ទាន់​ឥរិយាបថ​ទៅវិញ ហើយ​សង្ស័យថា នេះ​ល្បិច​របស់​កូរ៉េខាងជើង​ដើម្បី​គេច​ពី​ទណ្ឌកម្ម​អន្តរជាតិ​ទៅវិញ​។ នៅ​ថ្ងៃទី​៤ ខែមករា មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង Vincent K. Brook បាន​ប្រាប់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ចុងក្រោយ​របស់​កូរ៉េខាងជើង ទោះ​នេះ​ជា​សញ្ញា​ល្អ​ក្ដី​សម្រាប់​ឧបទ្វីប​កូរ៉េ​ក្ដី​៕


Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com