អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស៊ី ជិន​ភីង ប្រាប់​កងទ័ព​ចិន​ឲ្យ​ត្រៀមខ្លួន​ប្រយុទ្ធ​ជានិច្ច​និង​កុំ​ខ្លាច​ស្លាប់​
05, Jan 2018 , 4:29 pm        
រូបភាព
​មេដឹកនាំ​កំពូល​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៤ ខែមករា បាន​ប្រាប់​ឲ្យ​កងទ័ព​ចិន​ទាំងអស់​ត្រៀមខ្លួន​ដើម្បី​ធ្វើសង្គ្រាម និង​មិនត្រូវ​ខ្លាច​ស្លាប់​ឡើយ​។ លោក ស៊ី ជិន​ភីង បាន​ប្រាប់​បែបនេះ ចំពេល​ដែល​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ជាពិសេស​ជុំវិញ​ទឹកដី​ចិន ប្រែប្រួល​ខ្លាំង ហើយ​កំណែទម្រង់​យោធា​នៅ​ចិន​កំពុង​ធ្វើឡើង​ដើម្បី​ក្លាយជា​កងទ័ព​លំដាប់​ពិភពលោក​នៅ​ឆ្នាំ​២០៥០ ។



​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានដាក់​បញ្ជា​ឲ្យ​កងកម្លាំង​ទាំងអស់​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​ក្នុង​សម​ភូមិ​ពិត និង​ជាពិសេស​នោះ​ត្រូវ​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​ការធ្វើ​សង្គ្រាម ហើយ​ឈ្នះ​។ លោក ស៊ី ជិន​ភីង ចេញ​បញ្ជា​បែបនេះ នាឱកាស​ទស្សនកិច្ច​ត្រួតពិនិត្យ​កងទ័ព​ច្រើនជាង​៧​ពាន់​នាក់​នៅ​ទីបញ្ជាការ​សមរភូមិ​ទិស​កណ្ដាល​ក្នុង​ខេត្ត​ហឺ​ប៉ី​។ នេះ​ជា​រឿង​កម្រ​ដែល​មេដឹកនាំ​កំពូល​ចិន​ត្រួតពិនិត្យ​កងទ័ព​ទ្រង់ទ្រាយ​ធំ​បែបនេះ​។​

​ក្រៅពី​តំណែង​ប្រធានាធិបតី លោក ស៊ី ជិន​ភីង ក៏​កាន់​តួនាទី​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម (CMC) ផងដែរ​។ ជា​ប្រធាន​គណៈកម្មការ​យោធា​នេះ លោក ស៊ី ជិន​ភីង គឺជា​អគ្គមេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​ចិន ដែលមាន​ចំនួន​ជាង​ពីរលាន​នាក់​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុង​ឯកសណ្ឋាន​ជា​កងទ័ព លោក ស៊ី ជិន​ភីង បាន​និយាយ​ណែនាំ​ឲ្យ​កងទ័ព​អនុវត្ត​ស្មារតី​មហាសន្និបាត​បក្ស​លើក​ទី​១៩ និង​ការកសាង​កងទ័ព​ឲ្យ​បាន​ខ្លាំង​ក្នុង​យុគសម័យ​ថ្មី​។ ក្នុងន័យនេះ ប្រមុខ​ដឹកនាំ​ចិន​រូបនេះ​បាន​ណែនាំ​ឲ្យ​ទាហាន​គ្រប់រូប គ្រប់​តំណែង អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​មជ្ឈិម និង CMC ជាមួយនឹង​ស្មារតី​ប្រយុទ្ធ​ដោយ​មិនត្រូវ​ខា្ល​ច​ការលំបាក និង​សេចក្ដីស្លាប់​នោះទេ​។

«​ពួកគេ​ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ក្លាហាន​ជម្នះ​ការលំបាក​លើសពី​សត្រូវ និង​ក្លាយជា​កម្លាំង​ទ័ព​ដ៏​ខ្លាំងក្លា​ដែល​ត្រៀមខ្លួន​ប្រយុទ្ធ ហើយ​ឈ្នះ​ជានិច្ច ដើម្បី​បំពេញ​តាម​បញ្ជា​របស់​បក្ស និង​ប្រជាជន​»​។ នេះ​ជាការ​ណែនាំ​របស់លោក ស៊ី ជិន​ភីង ទៅកាន់​កងទ័ព​ចិន​ដែល​ឈរ​ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង ក៏ដូចជា​កងទ័ព​ទាំងមូល​ផង​។ លោក ស៊ី ចង់​ឲ្យ​យោធា​ពង្រឹង​ខ្លួន​តាមរយៈ​ការស្រាវជ្រាវ​បច្ចេកវិទ្យា​ទំនើបៗ និង​ហ្វឹកហាត់​រួមគ្នា​ឲ្យ​បាន​ច្រើន​។​

​ចាប់តាំងពី​ក្លាយជា​មេដឹកនាំ​កំពូល​ចិន​ក្នុង​ឆ្នាំ​២០១២ មក លោក ស៊ី ជិន​ភីង បានចេញ​បញ្ជា​ឲ្យ​កែទម្រង់​យោធា​ចិន​ជា​បន្តបន្ទាប់​។ ក្នុង​នោះគេ​ឃើញ​មាន ការបង្កើត​នាយកដ្ឋាន​ថ្មីៗ​ចំណុះ CMC បង្កើត​ទីបញ្ជាការ​សម​រ​ភូមិ​ថ្មីៗ​ចំនួន​ប្រាំ​ជំនួស​អង្គភាព​ចាស់ និង​កាត់បន្ថយ​កងទ័ព​ចំនួន​បី​សែន​នាក់​ជាដើម​។ អ្នកជិតខាង​ចិន​មាន​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​អាមេរិក តាមដាន​យកចិត្ត​ទុក​ចំពោះ​ការកែទម្រង់​នេះ ដោយ​បារម្ភ​ថា ស្ថិរភាព និង​សន្តិសុខ​នៅ​អាស៊ី​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​ឡើង​៕ 


Tag:
 ចិន​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com