អន្តរជាតិ
មហា​ធៀ អរគុណ​សត្រូវ​ចាស់​ដែល​គាំទ្រ​ខ្លួន​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​
08, Jan 2018 , 10:38 am        
រូបភាព
​លោក មហា​ធៀ មូ​ហា​ម៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវបាន​សម្ព័ន្ធភាព​បក្សប្រឆាំង​ជ្រើសរើស​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨ នេះ​។ លោក មហា​ធៀ ត្រូវ​ប្រជែង​ជាមួយ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ណា​ជីប រ៉ា​ហ្សា​ក់ ដែល​ធ្លាប់​អតីត​សហការី​ក្នុង​បក្ស​កាន់អំណាច UMNO ។ ក្នុងករណី​បក្សប្រឆាំង​ឈ្នះឆ្នោត លោក មហា​ធៀ នឹង​កាន់តំណែង​នាយករដ្ឋមន្ត្រី​រហូតដល់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ទទួលបាន​ការលើកលែង​ទោស​។



​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មូ​ហា​ម៉ាត់ ដែល​កាន់តំណែង​អស់​រយៈពេល ២២​ឆ្នាំ ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផ្លូវការ​ក្នុង​សន្និបាត​សម្ព័ន្ធភាព​ប្រឆាំង Pakatan Harapan នៅ​ថ្ងៃទី​៧ ខែមករា ។ លោកស្រី Wan Azizah Wan Ismail ភរិយា​មេដឹកនាំ​ប្រឆាំង អាន់​វ៉ា អ៊ីប្រាហ៊ីម គឺជា​បេក្ខជន​ឧបនាយករដ្ឋមន្ត្រី បើ​ក្រុមប្រឆាំង​ឈ្នះឆ្នោត​លើ​សម្ព័ន្ធភាព​កាន់អំណាច Barisan Nasional ក្នុងការ​បោះឆ្នោត​ខាងមុខ​។​

​លោក មហា​ធៀ និង​លោក អាន់​វ៉ា ដែល​ធ្លាប់មាន​ប្រវត្តិ​ជូរចត់​នឹង​គ្នា​ពី​អតីតកាល សម្រេចចិត្ត​ចាប់ដៃគ្នា​ដើម្បី​ប្រជែង​ជាមួយ​លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​កំពុង​ចោមរោម​ដោយ​រឿង​ពុករលួយ​។ ខណៈដែល​លោក អាន់​វ៉ា កំពុងស្ថិត​ក្នុង​ពន្ធនាគារ​នៅឡើយ លោក មហា​ធៀ ដែលមាន​វ័យ​៩២​ឆ្នាំ ក្លាយជា​បុគ្គល​នាំមុខគេ​សម្រាប់​តំណែង​នេះ ហើយ​លោក​នឹង​ក្លាយជា​មេដឹកនាំ​ចាស់​ជាងគេ​លើ​ពិភពលោក ក្នុងករណី​សម្ព័ន្ធភាព​ប្រឆាំង​ឈ្នះ​។​

​មេដឹកនាំ​វ័យ​ជរា​ម៉ាឡេស៊ី​រូបនេះ​បាន​សង្កត់ធ្ងន់ថា​៖« គោលដៅ​ធំ​បំផុត គឺ​សង្គ្រោះ​ប្រទេស​របស់​យើង​។ វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​គណបក្ស​ដទៃទៀត​ដែល​ធ្លាប់ជា​សត្រូវ​ចាស់​របស់ខ្ញុំ​ដែល​ទទួលយក​ខ្ញុំ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​ពួកគេ​ដឹង​ច្បាស់​ថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ទម្លាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​»​។​

​យ៉ាងណាមិញ អតីត​នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​នេះ អាច​កាន់តំណែង​នាយករដ្ឋមន្ត្រី​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​តំណែង​នេះ​ទុក​សម្រាប់​លោក អាន់​វ៉ា ដែល​កំពុង​ជាប់ឃុំ​ខ្លួន​លើ​ករណី​ផ្លូវភេទ​រួចទៅហើយ​។ បើ​ទទួល​ជ័យជម្នះ​ដូច​ការរំពឹងទុក ក្រុម​ប្រឆាំងនឹង​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ការលើកលែងទោស​ឲ្យ​លោក អាន់​វ៉ា ខណៈ​លោក​នឹង​ត្រូវបាន​ដោះលែង​ក្នុង​ខែមិថុនា ឯ​ការបោះឆ្នោត​ត្រូវ​រៀបចំ​យូរ​បំផុត​នៅត្រឹម​ខែសីហា​។

​លោក អាន់​វ៉ា ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់លោក មហា​ធៀ ដែល​កាន់អំណាច​ចន្លោះ​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ ។ ជា​អ្នកនយោបាយ​មាន​អនាគត​ភ្លឺស្វាង លោក អាន់​វ៉ា ត្រូវបាន​កាត់ទោស​ករ​ណី​ផ្លូវភេទ និង​ពុករលួយ ហើយក៏​ក្លាយជា​មេដឹកនាំ​ប្រឆាំង​វិញ​។ លោក​ធ្លាប់​ដឹកនាំ​ក្រុមប្រឆាំង​ឲ្យ​ទទួល​សំឡេង​ច្រើន​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣ តែ​មិនអាច​ផ្ដួល​លោក ណា​ជីប បាន ហើយក៏​ត្រូវ​កាត់ទោស​លើ​ករណី​ផ្លូវភេទ​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១៤ តែម្ដង​។​

​លោក មហា​ធៀ បាន​អរគុណ​គ្រួសារ​លោក អាន់​វ៉ា ដែល​សុខចិត្ត​ឲ្យ​លោក​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ម្ដងទៀត ទោះជា​ធ្លា​ប់រង​ទុក្ខ​ច្រើន​កន្លងមក​ក្ដី​។ លោក​និយាយថា លោក​ជំពាក់​លោក អាន់​វ៉ា ច្រើន​ហើយ​វា​ចំណាយពេល​យូរ​សម្រាប់​គ្រួសារ​លោក អាន់​វ៉ា ដើម្បី​សម្រេចចិត្ត​បែបនេះ ប៉ុន្តែ​នៅ​ចុងក្រោយ អាទិភាព​សំខាន់ គឺ​ត្រូវ​ចាប់ដៃគ្នា​ដើម្បី​ទម្លាក់​លោក ណា​ជីប ៕


Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មូ​ហា​ម៉ាត់​
  ណា​ជីប រ៉ា​ហ្សា​ក់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com