អន្តរជាតិ
ក្រៅពី​រឿង​អូឡាំពិក កូរ៉េខាងត្បូង​ចង់​ពិភាក្សា​ការជួបជុំ​គ្រួសារ​បែកបាក់ និង​ការ​បន្ថយកម្ដៅ​យោធា​
08, Jan 2018 , 3:29 pm        
រូបភាព
ក្រុមគ្រួសារកូរ៉េដែលបែកបាក់ដោយសារសង្រ្គាមជួបគ្នាកន្លងមក (រូបភាព៖ Xinhua)
ក្រុមគ្រួសារកូរ៉េដែលបែកបាក់ដោយសារសង្រ្គាមជួបគ្នាកន្លងមក (រូបភាព៖ Xinhua)
​កូរ៉េខាងត្បូង នឹង​ព្យាយាម​ពិភាក្សា​ជាមួយ​កូរ៉េខាងជើង​លើ​ប្រធានបទ​សំខាន់​ចំនួន​ពីរ​ទៀត​ក្នុងជំនួប​កម្រ​រវាង​កូរ៉េ​ទាំងពីរ​នៅ​ថ្ងៃទី​៩ ខែមករា​។ រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ និង​ជា​ប្រធាន​ក្រុម​ចរចា​របស់​កូរ៉េខាងត្បូង​លោក Cho Myoung-gyon និយាយថា កូរ៉េខាងត្បូង​នឹង​លើកឡើង​ពី​ការកាត់បន្ថយ​កម្ដៅ​យោធា​នៅ​ឧបទ្វីប​កូរ៉េ ដែល​កំពុង​តានតឹង​ខ្លាំង និង​ការចាប់ផ្ដើម​ឡើងវិញ​ការជួបជុំ​របស់​គ្រួសារ​កូរ៉េ​ដែល​ព្រាត់ប្រាស​គ្នា​ដោយសារ​សង្គ្រាម​។



​ក្រៅពី​ប្រធានបទ​សំខាន់​លើ​ការចូលរួម​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៨ កូរ៉េខាងត្បូង​នឹង​លើក​របៀបវារៈ​ពីរ​ទៀត​ទៅកាន់​កូរ៉េខាងជើង​។ មន្ត្រីជាន់ខ្ពស់​មកពី​កូរ៉េ​ទាំងពីរ​នឹង​ជួប​ជជែក​គ្នា​នៅ​ថ្ងៃទី​៩ ខែមករា នៅ​ភូមិ​ប៉ាន់​មុន​ជុម ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ នេះ​គឺជា​ជំនួប​ទល់មុខ​លើកទីមួយ​ក្នុង​រយៈពេល​ច្រើនជាង​ពីរ​ឆ្នាំ​មកនេះ ខណៈ​ជំនួប​ចុងក្រោយ​បំផុត​រៀបចំឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មួយ​ថ្ងៃមុន​ជួបគ្នា​ជាមួយ​សម​ភាគី​កូរ៉េខាងជើង លោក Cho Myoung-gyon រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ និយាយថា កូរ៉េ​ទាំងពីរ​នឹង​ពិភាក្សា​លើ​ប្រធានបទ​អូឡាំពិក​។ នៅពេល​ជជែក​គ្នា​លើ​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹង​ព្យាយាម​លើក​ពី​ប្រធានបទ​ផ្សេងទៀត គឺ​ការជួបជុំ​របស់​គ្រួសារ​កូរ៉េ​ដែល​បែកបាក់​ដោយ​សង្គ្រាម និង​វិធីសាស្ត្រ​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​។​

​លោក Cho Myoung-gyon នឹង​ដឹកនាំ​ប្រតិភូ​ចំនួន​៥​នាក់​ដើម្បី​ជួប​តទល់​ជាមួយ​តំណាង​៥​នាក់​របស់​កូរ៉េខាងជើង​ដែល​ដឹកនាំ​ដោយ Ri Son-gwon ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងត្បូង​។ ក្រៅពី​ការចរចា​ថ្នាក់ខ្ពស់​រួចហើយ កូរ៉េ​ទាំងពីរ​ក៏​នឹងមាន​ការពិភាក្សា​ថ្នាក់​ក្រុមការងារ​ផងដែរ ដោយ​ផ្ដោតលើ​អ្វីដែល​សម្រេច​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​។ លោក Cho បញ្ជាក់ថា កូរ៉េខាងត្បូង​ស្ដាប់​យោបល់​កូរ៉េខាងជើង ហើយ​ធ្វើយ៉ាងណា​ឲ្យ​កូរ៉េខាងជើង​មាន​វត្តមាន​ក្នុង​អូឡាំពិក​នៅ​ខែក្រោយ​។

​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បានមក​ដល់​ចំណុច​របត់​ថ្មី ក្រោយ​ការ​ថ្លែង​សារ​ឆ្នាំ​ថ្មី​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ការបន្ទន់​ជំហរ​របស់​កូរ៉េខាងជើង ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ចិន សប្បាយចិត្ត​ខ្លាំង ប៉ុន្តែ​អាមេរិក និង​ជប៉ុន នៅតែ​បន្តសកម្មភាព​ប្រុងប្រយ័ត្ន​ដដែល​។ គេ​ក៏​មិនទាន់​អាចមាន​សុទិដ្ឋិនិយម​ខ្លាំងពេក​លើ​ជំនួប​លើកដំបូង​តាំងពី​ឆ្នាំ​២០១៥​នេះដែរ ដ្បិត​កូរ៉េខាងជើង​ប្រកាន់​ជំហរ​រឹងរូស​ខ្លាំង​រហូតមក​។​

​តាមពិតទៅ កូរ៉េខាងត្បូង​ពិតជា​ចង់ឃើញ​វត្តមាន​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ខ្លាំងណាស់​។ វត្តមាន​របស់​ប្រតិភូ​កូរ៉េខាងជើង គឺជា​រឿង​ល្អ​សម្រាប់​អូឡាំពិក ព្រោះ​បង្ហាញថា អូឡាំពិក​ខែក្រោយ​មិនមាន​ការគំរាមកំហែង​ឡើយ​។ ដើម្បី​ឲ្យ​អូឡាំពិក​ឆ្នាំ​២០១៨ ធ្វើ​ដោយ​រលូន កូរ៉េខាងត្បូង​ថែមទាំង​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​ដ៏​ធំ​ជាមួយ​អាមេរិក សំដៅ​បញ្ចៀស​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​៕ 


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com