អន្តរជាតិ
កូរ៉េខាងត្បូង​ពិចារណា​ព្យួរ​ទណ្ឌកម្ម​ដើម្បី​ឲ្យ​កូរ៉េខាងជើង​ចូលរួម​អូឡាំពិក​២០១៨
09, Jan 2018 , 3:05 pm        
រូបភាព
​កូរ៉េខាងត្បូង​កំពុង​ពិចារណា​ព្យួរ​ទណ្ឌកម្ម​ឯកតោភាគី​របស់ខ្លួន​ប្រឆាំង​កូរ៉េខាងជើង​ដើម្បី​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ ឆ្នាំ​២០១៨ បាន​។ ការពិចារណា​នេះ​ធ្វើឡើង ខណៈដែល​កូរ៉េ​ទាំងពីរ​ជួបចរចា​គ្នា​ជា​លើកដំបូង​ក្នុង​រយៈពេល​ច្រើនជាង​ពីរ​ឆ្នាំ​នៅ​តំបន់​គ្មាន​កងទ័ព DMZ ជុំវិញ​វត្តមាន​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។



​នៅ​ថ្ងៃទី​៩ ខែមករា ប្រតិភូ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ជួបគ្នា​នៅ​ភូមិ​ប៉ាន់​មុន​ជុម​ដើម្បី​ចាប់ផ្ដើម​ការចរចា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​។ កូរ៉េ​ទាំងពីរ​ដែល​ស​ង្ក្រឺ​ត​ធ្មេញ​ដាក់គ្នា​នាពេល​កន្លងមក​បាន​ចូល​តុ​ចរចា​ម្ដងទៀត ក្រោយ​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ថ្វីដ្បិតតែ​ប្រធានបទ​សំខាន់​ក្នុង​ការចរចា​ផ្ដោតលើ​កីឡា​ក្ដី ជំនួប​លើក​នេះ​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​អន្តរជាតិ​ជាមួយ​ក្ដី​សង្ឃឹមថា ជោគជ័យ​នឹង​កើតមានឡើង​។​

​យ៉ាងណាមិញ កូរ៉េខាងត្បូង​ប្រឈមមុខ​ការលំបាក​ច្រើន​ក្នុងការ​អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កូរ៉េខាងជើង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​២០១៨ ព្រោះ​ត្រូវ​រំលោភ​ទណ្ឌកម្ម​ឯកតោភាគី​ដែល​ដាក់​លើ​កូរ៉េខាងជើង​មិន​ខាន​។ បញ្ហា​ទីមួយ គឺ​បើ​កូរ៉េខាងជើង​សុខចិត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រតិភូ និង​អត្ត​ព​លិ​ក​កូរ៉េខាងជើង​មិនអាច​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​រដ្ឋ Air Koryo ចូល​ទឹកដី​កូរ៉េខាងត្បូង​បានឡើយ ដោយសារ​ក្រុមហ៊ុន​នេះ​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​កាលពី​ខែ​ឆ្នាំ​២០១៦ ។

​បើតាម​សារព័ត៌មាន​កូរ៉េខាងត្បូង Joonang llbo អភិបាលខេត្ត Gangwon ដែលជា​កន្លែង​ប្រារព្ធ​អូឡាំពិក​នៅ​ខែកុម្ភៈ​ខាងមុខ ធ្លាប់បាន​លើកឡើងថា លោក​នឹង​បញ្ជូន​កប៉ាល់​ដើម្បី​ដឹកជញ្ជូន​ប្រតិភូ​កូរ៉េខាងជើង​។ ប៉ុន្តែ​គំនិត​នេះ​នៅតែ​ជួប​បញ្ហា​ដដែល​ក្រោម​ទណ្ឌកម្ម​ថ្មីៗ​នេះ ព្រោះ​កូរ៉េខាងត្បូង​មិន​អនុញ្ញាត​ឲ្យ​កប៉ាល់​ណា​ដែល​ចូល​ចត​ក្នុង​កំពង់ផែ​កូរ៉េខាងជើង ចូល​សំចត​នៅ​កំពង់ផែ​ខ្លួន​ក្នុង​រយៈពេល​៦​ខែ​។​

​ក្រៅពីនោះ មន្ត្រី​សំខាន់ៗ​របស់​កូរ៉េខាងជើង​ដែល​អាច​ចូលរួម​ក្នុង​កម្មវិធី​អូឡាំពិក​រដូវរងា​លើក​នេះ ក៏​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​ដែរ​។ លោក Choe Ryong-hae អនុប្រធាន​បក្ស​ពលករ​កូរ៉េ និង​ជាម​នុស្ស​ជំនិត​លោក គីម ជុង​អ៊ុន នឹង​មិនអាច​ចូលរួម​កម្មវិធី​លើក​នេះឡើយ ក្នុងករណី​កូរ៉េ​ខាង​យល់ព្រម​ប្រកួត ហើយ​លោក​មានឈ្មោះ​ជា​ប្រតិភូ​ដែរនោះ ព្រោះ​មានឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​។ លោក​ធ្លាប់​មកកាន់​ទឹកដី​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៤ ក្នុង​កម្មវិធី​កីឡា​អាស៊ី​។​

​យ៉ាងណាក្ដី ការសម្រេចចិត្ត​យ៉ាងណា ត្រូវ​រង់ចាំ​លទ្ធផល​ជំនួប​ចរចា​នៅ​ថ្ងៃទី​៩ ខែមករា​សិន​។ មុន​ជំនួប​នេះ មន្ត្រី​របស់​កូរ៉េ​ខាង​ទាំងពីរ​ហាក់​មានគំនិត​វិជ្ជមាន​ច្រើន​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​។ និយាយ​ទៅ​អ្នកសារព័ត៌មាន​មុន​កិច្ចប្រជុំ តំណាង​ចរចា​របស់​កូរ៉េខាងជើង Ri Son-gwon បាន​សង្ឃឹមថា ការចរចា​នេះ​នឹងមាន​លទ្ធផល​ត្រចះត្រចង់​៕
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com