អន្តរជាតិ
លោក ម៉ា​ក្រុង ថា បារាំង​និង​ចិន​ត្រូវ​បើកចំហ​ទីផ្សារ​ឲ្យ​គ្នា​ទៅវិញទៅមក​
09, Jan 2018 , 10:19 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​៩ ខែមករា បានប្រកាស​បើកចំហ​ទីផ្សារ​បារាំង​សម្រាប់​ក្រុមហ៊ុន​ចិន ជា​ថ្នូរ​នឹង​ការប្រើប្រាស់​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ទូលាយ​សម្រាប់​ក្រុមហ៊ុន​បារាំង​។ លោក ម៉ា​ក្រុង ព្រមាន​ថា ការ​រឹតត្បិត​ទីផ្សារ​ចិន នឹង​បង្ខំ​ឲ្យ​បារាំង និង​អឺរ៉ុប​អនុវត្ត​នយោបាយ​គាំពារ​និយម​ចំពោះមុខ​ក្រុមហ៊ុន​ចិន​វិញ​មិន​ខាន​។ ប្រធានាធិបតី​បារាំង ចាត់ទុក​ស្ថានភាព​នេះ​ជា​នយោបាយ​ចាញ់​-​ចាញ់​។



​ចំពោះមុខ​អ្នកវិនិយោគ​បារាំង និង​ចិន​ក្នុង​ទីក្រុង​ប៉េកាំង ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានលើកឡើង​ពី​ឱនភាព​ពាណិជ្ជកម្ម​រវាង​បារាំង និង​ចិន ដែលមាន​តម្លៃ​៣៦​ពាន់​លាន​ដុល្លារ និង​ការ​រឹតត្បិត​ទីផ្សារ​ចិន​សម្រាប់​ក្រុមហ៊ុន​បរទេស​។ លោក ម៉ា​ក្រុង លើកឡើង​បែបនេះ ក្នុង​ថ្ងៃទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅលើ​ទឹកដី​ចិន ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​របស់​ពិភពលោក​។​

​ឱនភាព​ពាណិជ្ជកម្មរ​វាង​បារាំង និង​ចិន​មាន​ទំហំ​រហូតដល់​៣៦​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​លោក ម៉ា​ក្រុង ចង់​បង្រួម​ទំហំ​ឱនភាព​នេះ​។ ប៉ុន្តែ​ក្រុមហ៊ុន​បារាំង​ជាច្រើន​ប្រឈមមុខ​នឹង​ការលំបាក​ដើម្បី​ជ្រៀតចូល​ទីផ្សារ​របស់​ចិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​បារាំង​វ័យក្មេង​រូបនេះ​ព្រមាន​ថា ប្រសិនបើ​មិន​ដោះស្រាយ​បញ្ហា​ឱនភាព​ឲ្យ​ស្រួលបួល​ទេនោះ ប្រតិកម្ម​តបត​នឹង​លេច​ជា​រូបរាង​មិន​ខាន​។​

​លោក ម៉ា​ក្រុង ដែល​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ជា​លក្ខណៈ​ឯកជន​នៅ​ថ្ងៃទី​៨ ខែមករា បាន​ព្រមាន​ថា ប្រទេស​ទាំងពីរ​នឹង​ធ្លាក់ចូល​ស្ថានភាព​ចាញ់​-​ចាញ់ បើ​ការ​រឹតត្បិត​ក្រុមហ៊ុន​បរទេស​នៅ​ចិន​នៅតែ​បន្ត ព្រោះ​បារាំង និង​អឺរ៉ុប​នឹងដាក់​ការ​រឹតត្បិត​លើ​អ្នកវិនិយោគ​ចិន​ដូចគ្នា​មិន​ខាន​។ «​តោះ​! បើកចំហ​ទាំងសងខាង​»​។ នេះ​ជា​សំណើ​របស់​ប្រធានាធិបតី​បារាំង ដែល​ចង់​ឲ្យ​ចិន​បើកទូលាយ​ទីផ្សារ​របស់ខ្លួន​សម្រាប់​ក្រុមហ៊ុន​បារាំង​។​

​មក​ទស្សនកិច្ច​នៅ​អាស៊ី​របស់លោក ម៉ា​ក្រុង លើក​នេះ ក្រុមហ៊ុន​បារាំង​ជាច្រើន​បាន​ចុះ​កិច្ចព្រមព្រៀង​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​។ ក្រុមហ៊ុន​នុយក្លេអ៊ែរ Areva នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដើម្បី​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ឯ​ធនាគារ​ដ៏​ធំ BNP Paribas នឹង​បណ្ដាក់ទុន​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ចិន​។ ក្រុមហ៊ុន​វិស្វករ Fives ទើប​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​លក់​អន​ឡាញ JD.com ដើម្បី​លក់ទំនិញ​បារាំង​ឲ្យ​អតិថិជន​ចិន​។​

​ច្បាស់​ណាស់​ថា លោក ម៉ា​ក្រុង នឹង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​ពង្រឹង​តួនាទី​របស់​បារាំង​ក្នុងការ​ដឹកនាំ​អឺរ៉ុប បន្ទាប់ពី​អង់គ្លេស​ជ្រើសរើស​ការ​ផ្តាច់ខ្លួន​ចេញពី​សហភាព​អឺរ៉ុប​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បារាំង​នឹង​ឆ្លៀតឱកាស​នេះ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​មហា​យក្ស​ចិន​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ដោះស្រាយ​បញ្ហា​ពិភពលោក​រួមគ្នា​ផង​។ អ្វីដែល​គួរ​ដឹង គឺ​លោក ម៉ា​ក្រុង ក៏​ជា​មេដឹកនាំ​អឺរ៉ុប​ទីមួយ​ដែល​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​៕ 


Tag:
 បារាំង​
  ចិន​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com