អន្តរជាតិ
បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​៖ កូរ៉េខាងត្បូង​ចង់បាន​ការសុំ​ទោស​ដោយ​សុទ្ធចិត្ត​ពី​ជប៉ុន មិនមែន​លុយ​ឡើយ​
10, Jan 2018 , 9:59 pm        
រូបភាព
​សំណុំរឿង​ស្ត្រី​កូរ៉េខាងត្បូង​បម្រើ​ផ្លូវភេទ​ដោយ​បង្ខំ​ក្នុង​ជំរំ​ទាហាន​ជប៉ុន​សម័យ​សង្គ្រាម នៅតែ​ជា​បញ្ហា​ចោទ​ដដែល ទោះជា​ប្រទេស​ទាំងពីរ​ព្រមព្រៀង​បញ្ចប់​បញ្ហា​នេះ​ក្នុង​ឆ្នាំ​២០១៥ ដែល​ជប៉ុន​ផ្ដល់ប្រាក់​ជិត​៩​លាន​ដុល្លារ​សម្រាប់​ជួយ​ជនរងគ្រោះ​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​របស់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន រកឃើញ​ភាព​ចន្លោះប្រហោង​ជាច្រើន​ក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​បន្សល់ទុក​ដោយ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ។ កូរ៉េខាងត្បូង​ចង់បាន​ការសុំ​ទោស​អស់ពី​ចិត្ត​ពី​ជប៉ុន មិនមែន​លុយ​ឡើយ​។​



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១០ ខែមករា បាន​ទទូច​ត្រង់ៗ​ទៅកាន់​ជប៉ុន​ឲ្យ​ទទួលស្គាល់​ការពិត និង​សុំទោស​ដោយ​សុទ្ធចិត្ត​ចំពោះ​ស្ត្រី​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ចូល​បម្រើ​ផ្លូវភេទ​កាលពី​សម័យ​សង្គ្រាម​។ ការសុំ​ទោស​ដោយ​អស់ពី​ចិត្ត នឹង​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ជនរងគ្រោះ និង​ដើម្បី​ជួស​បន្លា​រាំងស្ទះ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ នេះ​ក៏​ព្រោះតែ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ មិនអាច​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នេះ​បានឡើយ​។​

​លោក មូ​ន ចេ​អ៊ី​ន លើកឡើងថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ចង់​ឲ្យ​ដោះស្រាយ​បញ្ហា​មួយ​នេះ​ដោយ​ផ្អែកលើ​គោលការណ៍​យុត្តិធម៌ និង​ការពិត​។ ពោលគឺ​ជនរងគ្រោះ​នឹង​លើកលែងទោស​ឲ្យ​ជប៉ុន ហើយ​បញ្ហា​ត្រូវ​ដោះស្រាយ​ចប់សព្វគ្រប់ នៅពេល​ជប៉ុន​ទទួលស្គាល់​ការពិត សុំទោស​អស់ពី​បេះដូង​ដល់​ជនរងគ្រោះ រៀនសូត្រ​ពី​កំហុស និង​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​ទង្វើ​អមនុស្សធម៌​បែបនេះ​កើតឡើង​ម្ដងទៀត​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅតែ​មិន​សុខចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​រវាង​អតីត​រដ្ឋាភិបាល​លោកស្រី ប៉ាក ហ្គឺ​ន​ហេ និង​រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ ។ ក្រោម​ការឯកភាព​គ្នា​ក្នុង​ឆ្នាំ​២០១៥ សេ​អ៊ូ​ល និង​តូ​ក្យូ សម្រេច​ថា បញ្ហា​នេះ​ចប់​រួចរាល់​ហើយ ដោយ​ជប៉ុន​សុំទោស និង​ផ្ដល់​លុយ​ចំនួន​៨,៩​លាន​ដុល្លារ​ទៅដល់​មូលនិធិ​ជួយ​ជនរងគ្រោះ​។ បើតាម​មេដឹកនាំ​រូបនេះ កិច្ចព្រមព្រៀង​នេះ​លេច​ជា​រូបរាង​តាមផ្លូវ​ខុស ធ្វើឡើង​ស្ងាត់ៗ ព្រោះ​មិនបាន​បញ្ចូល​មតិយោបល់​ជនរងគ្រោះ​ឡើយ​។​

​តាមពិតទៅ កិច្ចព្រមព្រៀង​ដដែល​នេះ ក៏​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​ស្ត្រី​រងគ្រោះ និង​សកម្មជន​ការពារ​សិទ្ធិ​ពួកគេ ដោយបាន​អះអាងថា ការសុំ​ទោស​របស់​ជប៉ុន​មិនទាន់​គ្រប់គ្រាន់​ឡើយ ហើយ​រដ្ឋាភិបាល​មុន​ក៏​មិនបាន​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​អ្វី​ដែរ​។ ក្រុម​អ្នក​រិះគន់​បានស្នើ​ឲ្យ​រដ្ឋាភិបាល​លោក មូ​ន ចេ​អ៊ី​ន ចរចា​ជាមួយ​ជប៉ុន​លើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ឬក៏​លុប​កិច្ចព្រមព្រៀង​ចម្រូងចម្រាស់​ចោល​តែម្ដង​។​

​យ៉ាងណាមិញ រដ្ឋបាល​លោក មូ​ន ចេ​អ៊ី​ន បានប្រកាស​ហើយ​ថា នឹងមិន​មានការ​ចរចា​ជាមួយ​ជប៉ុន​ម្ដង​ទៀតឡើយ ខណៈដែល​ជប៉ុន​ឯណោះ​ក៏​ចេញមុខ​ប្រកាស​ដែរ​ថា បញ្ហា​ចប់​អស់ហើយ​។ ជាមួយគ្នានេះ ក្រុង​សេ​អ៊ូ​ល​ក៏​ប្រកាស​បង្កើត​មូលនិធិ​មួយ​ដោយ​ខ្លួនឯង​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទាំងអស់​ព្យាបាល​របួស​ផ្លូវចិត្ត និង​ស្ដារ​ភាពថ្លៃថ្នូរ​ឡើងវិញ ហើយក៏​មិន​ប្រើប្រាស់​ថវិកា​ទាំង​៨,៩​លាន​ដុល្លារ​របស់​ក្រុង​តូ​ក្យូ​នោះឡើយ​៕


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com