ជាតិ
មេគង្គ​-​ឡាន​ឆាង​៖ ហេតុអ្វី​ចិន​ធ្វើជា​សហប្រធាន​អចិន្ត្រៃយ មិន​ប្ដូរ​វេន​ដូច​ប្រទេស​៥​ទៀត​?
11, Jan 2018 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​មេគង្គ​-​ឡាន​ឆាង បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃទី​១០ មករា ក្រោម​លទ្ធផល​ផ្លែផ្កា លើ​ការអនុម័ត​ឯកសារ​ចំនួន​២ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​អនុតំបន់​។ កម្ពុជា បាន​ផ្ទេរតំណែង​សហប្រធាន​កិច្ចសហប្រតិបត្តិការ​នេះ ទៅ​ប្រទេស​ឡាវ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ម្ដង​។ ប៉ុន្តែ​ចិន នៅតែ​ជា​សហប្រធាន​អចិន្ត្រៃយ៍​ដោយ​មិនមាន​ការប្តូរ​វេន​ឡើយ​។ តើ​មូល​ហេតុអ្វី​?



​តំបន់​មេគង្គ​-​ឡាន​ឆាង ជា​ផ្លូវទឹក​ត​ភ្ជាប់​ប្រទេស​ចំនួន​៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​ចិន​។ ដើម្បី​អភិវឌ្ឍន៍ និង​រក្សា​ស្ថិរភាព​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង ប្រទេស​ទាំង​៦ រួមគ្នា​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមការងារ​រួម​, ប្រជុំ​ក្រុម​ឧ​ត្ត​ម​មន្ត្រី​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស និង​ថ្នាក់ដឹកនាំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ក្នុងទិសដៅ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​តំបន់​។ កិច្ចប្រជុំ​ទាំងនេះ នឹងមាន​ការប្ដូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ប្រទេស​៥​ក្នុង​តំបន់​ទន្លេមេគង្គ លើកលែងតែ​ចិន ដែល​នៅតែ​ធ្វើជា​សហប្រធាន​អចិន្ត្រៃយ​។​



​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា​៖« មូលហេតុ​ដែល ចិន ត្រូវ​ធ្វើជា​សហប្រធាន​អចិន្ត្រៃយ៍ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ដោយសារ​ទន្លេ​ឡាន​ឆាង គឺ​ស្ថិតនៅ​ប្រទេស​ចិន ដោយ​មិនមាន​ការហូរ​ឆ្លងកាត់​ប្រទេស​ដទៃ ដូច​ទន្លេមេគង្គ ដែល​ហូរ​ឆ្លងកាត់​ប្រទេស​ចំនួន​៥ ឡើយ​»​។ ត្រង់​ន័យ​នេះ​សម្ដេច ហ៊ុន សែន ចង់​ពន្យល់ថា ការប្តូរ​វេន​ធ្វើជា​សហប្រធាន គឺ​មានតែ​ប្រទេស​៥​អនុវត្ត​ប៉ុណ្ណោះ​។ កម្ពុជា​បាន​ផ្ទេរតំណែង​សហប្រធាន​កិច្ចសហប្រតិបត្តិការ​នេះ ទៅ​ប្រទេស​ឡាវ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ម្ដង ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​តំបន់​មេគង្គ​-​ឡាន​ឆាង កាលពី​ថ្ងៃទី​១០​មករា ។​

​តួនាទី​ចិន នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​គេ​មើលឃើញថា ជា​តួអង្គ​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ កសាង​មន្ទី​ពេទ្យ ការលើកកម្ពស់​វិស័យ​វិនិយោគ សេដ្ឋកិច្ច និង​ការជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់​ជាដើម​។ នោះ​ក៏​ព្រោះថា ចិន​ដែលជា​ប្រទេស​មហាអំណាច មាន​ធនធាន និង​សមត្ថភាព​ខ្ពស់​ជាងគេ នៅក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​នេះ​។



​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ហើយ​មេដឹកនាំ​ប្រទេស​ទាំង​៦ បាន​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​អភិវឌ្ឍ​តំបន់​អនុ​មេគង្គ​។ ការ​ព​ង្រឹ​ក​ទំនាក់ទំនង និង​កំណត់​កិច្ចសហប្រតិបត្តិការ​ថ្មី ធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​។ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​បី​បូក​ប្រាំ​នេះ​សំដៅ​សរសរ​ស្តម្ភ​បី​បូករួម​ជាមួយ​វិស័យ​អាទិភាព​ចំនួន​ប្រាំ​ដែល​ត្រូវបាន​កំណត់ដោយ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី ១​។

​សរសរ​ស្តម្ភ​ទាំងបី​នោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ចំណែក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​មានដូចជា​ការផ្សាភ្ជាប់​, កិច្ចសហប្រតិបត្តិការ​ជំរុញ​សមត្ថភាព​ផលិត​, កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ឆ្លងដែន​, កិច្ចសហប្រតិបត្តិការ​នៃ​ការគ្រប់គ្រង​ទឹក និង​កសិកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​៕
 


Tag:
 មេគង្គ​-​ឡាន​ឆាង​
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com