ជាតិ
នារី​ដែល​ចោទ​សម្តេច ហ៊ុន សែន ថា​សម្លាប់​លោក កែម ឡី ត្រូវ​កាត់ទោស​ឲ្យ​ជាប់ឃុំ​មួយឆ្នាំ​
11, Jan 2018 , 8:19 pm        
រូបភាព
នារីឈ្មោះ ហេង លក្ខិណា ត្រូវបាននាំខ្លួនទៅសាកសួរនៅក្រសួងមហាផ្ទៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២0១៧
នារីឈ្មោះ ហេង លក្ខិណា ត្រូវបាននាំខ្លួនទៅសាកសួរនៅក្រសួងមហាផ្ទៃ កាលពីអំឡុងខែកក្កដា ឆ្នាំ២0១៧
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នារី​ម្នាក់​ឈ្មោះ ហេង លក្ខិណា ដែល​ចោទ​សម្តេច ហ៊ុន សែន រួមទាំង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​សុទ្ធតែជា​ឃាតក ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២0១៨​នេះ ដោយ​កំណត់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ ក្រោម​បទ​ចោទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។ ក្រៅពី​ជាប់ពន្ធនាគារ នាង ក៏​ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​បង់ប្រាក់​១​លាន​រៀល​ចូលទៅ​រដ្ឋ ផងដែរ​។



​សាលាដំបូង​រាជធាន​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​របស់​នាង ហេង លក្ខិណា តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​២0១៧​មកម្ល៉េះ ប៉ុន្តែ​ទើបនឹង​ប្រកាស​សាលក្រម​នៅពេលនេះ​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​នាង បន្ទាប់ពី​នាង​បង្ហោះ​វីដេអូ​ឃ្លី​ប ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក​។

​នាង​ចោទ​ក្រុម​គ្រសារ​សម្តេច ហ៊ុន សែន បែបនេះ កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២0១៧ ក្នុងអំឡុង​ពេលដែល​នាង កំពុងស្ថិត​ក្នុង​ពិធីបុណ្យ​រម្លឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ នាង បាន​និយាយ​ក្នុង​វីដេអូ​នោះ យ៉ាង​ដូច្នេះ​ថា​៖«​លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារ​គាត់​ហ្នឹងហើយ កូនចៅ​របស់គាត់ អ្នកណា​ក៏​ជា​ឃាតក​ដែរ​។ គ្រួសារ​គាត់​ហ្នឹង អ្នកណា​ក៏​ប្រឡាក់​ឈាម​លោក បណ្ឌិត កែម ឡី ដែរ​»​។

​មកដល់ពេលនេះ នាង​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ប្រមាណ​ជា​កន្លះ​ឆ្នាំ​ហើយ​៕


Tag:
 ​តុលាការ​
  កែម ឡី​
  ហេង លក្ខិណា
© រក្សាសិទ្ធិដោយ thmeythmey.com