ជាតិ
ប៉ូលិស​ស័ក្តិ​៤ ដែល​ធាក់​មន្ត្រី​ចរាចរណ៍​អាច​ជាប់ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ​
11, Jan 2018 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សៅ បញ្ញា មន្ត្រី​ការិយាល័យ​រដ្ឋបាល​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​លើកជើង​ធាក់​មន្ត្រី​ចរាចរណ៍​ចំ​កណ្តាលដើមទ្រូង ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​២​បទ គឺ «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ប្រើប្រាស់​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ដោយ​អាជ្ញាធរ​សាធារណៈ​»​។ នេះ​បើតាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ ។



​លោក លី សុ​ផា​ណា អះអាងថា បន្ទាប់ពី​ចោទប្រកាន់​រួចហើយ ព្រះរាជអាជ្ញា ក៏​បញ្ជូន​លោក សៅ បញ្ញា ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។  

​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ​។ ឯ​មាត្រា​៦១៤​នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា បទ​ប្រើប្រាស់​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ដោយ​អាជ្ញាធរ​សាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ​។

​ក្រៅពី​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ លោក សៅ បញ្ញា ដែល​គេ​ដឹងថា​ជាម​ន្ត្រី​ពាក់​ស័ក្តិ​៤  ត្រូវ​រង​ការរិះគន់​យ៉ាង​ខ្លាំ​ពី​សាធារណជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ មកដល់ពេលនេះ ការរិះគន់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅតែ​បន្ត និង​មានការ​ទាមទារ​ឲ្យ​ដាក់​ទោសទណ្ឌ​មន្ត្រី​ស័ក្តិ​៤​រូបនេះ ទៅតាម​ផ្លូវច្បាប់​។

​លោក អឿន ចំណាន មន្ត្រី​ចរាចរណ៍ ដែល​រង​អំពើហិង្សា​ពី​លោក​ស័ក្តិ​៤ បាន​ចេញមក​រៀបរាប់​ពី​ដំណើរ​ដើមទង ដែល​នាំ​ឲ្យ​កើត​ហេតុនេះ​។ លោក អឿន ចំណាន បាន​និយាយ​ក្នុង​វីដេអូ​ឃ្លី​ប​មួយ​ថា ដំបូង លោក បាន​ណែនាំ​មន្ត្រី​ស័ក្តិ​៤ ដែល​បាន​បើកបរ​មិន​ត្រឹមត្រូវ​តាមច្បាប់​ចរាចរណ៍​។ មន្ត្រី​ចរាចរណ៍​រូបនេះ បន្តថា ក្រោយមក មន្ត្រី​ស័ក្តិ​៤ ក៏​មករ​ករឿង​លោក​តែម្តង​។

​ទង្វើ​របស់​មន្ត្រី​ស័ក្តិ​៤ ដែល​បានធ្វើ​ទៅលើ​មន្ត្រី​ចរាចរណ៍ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​។ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ស័ក្តិ​៤ មើលទៅ​ទំនងជា​ស្តីបន្ទោស​មន្ត្រី​ចរាចរណ៍ ហើយ​មន្ត្រី​ចរាចរណ៍​នោះ ក៏​លើកដៃ​គោរព រហូតដល់​ថ្នាក់​លុតជង្គង់ នៅ​ចំពោះមុខ​លោក​ស័ក្តិ​៤ ថែមទៀត​។ បន្ទាប់មក លោក​ស័ក្តិ​៤ ក៏​លើកជើង​ធាក់​មន្ត្រី​ចរាចរណ៍​តែម្តង បណ្តាល​ឲ្យ​ដាច់​ផ្ងារ​ទៅក្រោយ​។ មន្ត្រី​ចរាចរណ៍ មិនបាន​ត​តប​ទេ ប៉ុន្តែ​ថែមទាំង ក្រោកឈរ ហើយ​បន្ត​លើកដៃ​គោរព​លោក​ស័ក្តិ​៤​នោះ​ដដែល​៕
 

Tag:
 តុលាការ​
  មន្ត្រីនគរបាល​
  ប្រើ​ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com