ជាតិ
ជំនួប​ដើម្បី​ស្វែងយល់​ពីគ្នា​រវាង​អ្នកកាសែត និង​អ្នកនាំពាក្យ ត្រូវ​បានរៀបចំ​លើកដំបូង
12, Jan 2018 , 11:31 am        
រូបភាព
ដោយ: រួបរួម
​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) នា​ថ្ងៃ​សុក្រ ទី​១២ ខែមករា នេះ រៀបចំ​ជំនួប​ប្រចាំឆ្នាំ​លើកដំបូង​រវាង​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​។ វេទិកា​ដែលមាន​អ្នកចូលរួម​ប្រមាណ​៨០​នាក់ នេះ ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​កម្រិត​ទំនាក់ទំនង ការជឿទុកចិត្ត​គ្នា រវាង​អ្នក​សុំ​ព័ត៌មាន និង​អ្នក​ផ្តល់ព័ត៌មាន​។​



«​អ្នកនាំពាក្យ និង​អ្នកសារព័ត៌មាន គឺជា​ដៃគូ​បំពេញ​ឲ្យ​គ្នា  ពីព្រោះ​ម្ខាង​ជា​អ្នកផ្តល់​ខ្លឹមសារ ហើយ​ម្ខាង​ទៀត​ជា​អ្នក​ផ្សាយ​ខ្លឹមសារ​នោះ​ទៅកាន់​ប្រជាជន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព សហ ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ដោយ​បន្ថែមថា ខ្លឹមសារ​ព័ត៌មាន​ដែល​មិន​ច្បាស់លាស់ មិន​ស៊ីជម្រៅ និង​មិនបាន​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​ពលរដ្ឋ​មិនមាន​មូលដ្ឋាន​ត្រឹមត្រូវ​ក្នុងការ​សម្រេចចិត្ត​។​



​លោក ហ៊ុយ វណ្ណៈ រំពឹងថា «​វេទិកា​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​» នឹង​ពង្រឹង​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​រវាង​ម្ចាស់​ប្រភពព័ត៌មាន​ទាំងពីរ ដែលជា​ការលើកកម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ការពង្រឹង​គុណភាព​នៃ​ការផ្សព្វផ្សាយ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

«​វេទិកា​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​» លើកដំបូង ដែល​រៀបចំ​នៅ​ទីស្នាក់ការ ស​.​ស​.​ស​.​ក ផ្ទាល់​នេះ មាន​វត្តមាន​ថ្នាក់​នាំសារ​ព័ត៌មាន អ្នកនាំពាក្យ និង​ភាគី​ពាក់ព័ន្ធ​ប្រមាណ​៨០​នាក់​។ វេទិកា​ពេញ​មួយថ្ងៃ​នេះ មាន​បទឧទ្ទេសនាម​លើ​ប្រធាន​សំខាន់ៗ​ចំនួន​៣ ដោយ​ប្រធានបទ​ទី​១ វាគ្មិន​ដែលជា​សាស្ត្រាចារ្យ តំណាង​សារព័ត៌មាន និង​តំណាង​អ្នកនាំពាក្យ វាយតម្លៃ​រួមគ្នា​លើ​កម្រិត​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​។​



​សម្រាប់​ប្រធានបទ​ទី​២ តំណាង​សារព័ត៌មាន​នឹង​បង្ហាញ​ពី​តម្រូវការ​របស់ខ្លួន​ដែល​ចង់បាន​ពី​អ្នកនាំពាក្យ ហើយ​ប្រធាន​ប​ទី​៣ ផ្តោតទៅលើ​តម្រូវការ​របស់​អ្នកនាំពាក្យ​ដែល​ចង់បាន​ពី​អ្នកសារព័ត៌មាន​វិញ​។ ប្រធានបទ​ទាំងពីរ​ចុងក្រោយ​នេះ ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ លើកឡើង​ពី​ការ​ប្រឈម​របស់ខ្លួន​ទៅវិញទៅមក មុននឹង​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។​

​តាម​កម្មវិធី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹងចូលរួម​ក្នុង​កម្មវិធី​បិទ​វេទិកា​នេះ ជាមួយនឹង​ការផ្តល់​អនុសាសន៍​នានា​ជុំវិញ​តម្លៃ​នៃ​កិច្ចសហការ​ល្អ​រវាង​អ្នកនាំពាក្យ និង​អ្នកសារព័ត៌មាន​៕


Tag:
 អ្នកសារព័ត៌មាន​
  ហ៊ុយ វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com