ជាតិ
ព្រះពុទ្ធប្រក់នាគមួយអង្គនៅសារមន្ទីរជាតិអង្គរ ដងខ្លួនធ្វើពីថ្ម ឯនាគធ្វើពីឈើ
× សៀមរាប៖ រូបព្រះពុទ្ធប្រក់នាគមួយអង្គ មានរចនាបថបាយ័ន( នៅចុងស.វទី១២ ដើមទី១៣) ដែលតម្កល់ទុកក្នុងសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប ដងខ្លួនធ្វើពីថ្មភក់ ឯនាគធ្វើពីឈើ។ ប៉ុន្តែតាមអ្នកជំនាញ រូប ព្រះពុទ្ធប្រក់នាគនេះ ត្រូវបានគេជួសជុល ដោយរូបនាគមានការខូត ខាត ទើបគេជំនួសវិញដោយធ្វើពីឈើយ៉ាងដូច្នេះ។
លោក សេង កុម្ភៈ ប្រធានថែរក្សាសមុច្ច័យ និងទំនាក់ទំនងកិច្ចការសាធារណៈ នៃសារមន្ទីរជាតិអង្គរ បានឱ្យដឹងថា គេមើលមិនសូវដឹងពីសាច់ឈើដែលគេប្រើសម្រាប់ជួសជុលនាគនោះទេ។ ព្រោះថា បច្ចេកទេសនៅសម័យកាលនោះ គេបានលាបពណ៌ម្រាក់ ដាក់ពណ៌មាសពីលើមួយជាន់ថែម មើលទៅដូចសាច់តែមួយដែលគេលាបលើថ្ម ឬរូបបដិមាទូទៅយ៉ាងដូច្នោះដែរ។
តាមលោក កុម្ភៈ រូបបដិមាខាងដើមនេះ ស្ថិតក្នុងរចនាបថបាយ័ន ហើយការជួសជុលប្រហែលក្នុងស.វទី១៥ និង១៦។ ចំណែកបច្ចេកទេសជួសជុលនៅសម័យនោះ មិនខុសពីសម័យបច្ចុប្បន្ននេះទេ។
សម្រាប់ការងារជួសជុលរូបបដិមាមានច្រើននៅសម័យបុរាណ តួយ៉ាងនៅសម័យព្រះបាទ អង្គចន្ទ ដែលបង្ហាញនៅក្នុងសិលាចារឹកអង្គរវត្ត គឺព្រះអង្គបានប្រមូលរូបបដិមាជួសជុលក្នុងស.វទី១៦៕
Tag:
ព្រះពុទ្ធប្រក់នាគ
សារមន្ទីរជាតិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com