ជាតិ
ស្ថានទូតជប៉ុន រៀបចំការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២១នៅកម្ពុជា រូបភាពពី CJCC
× ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំកម្មវិធីប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២១ នៅកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ខាងមុខ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ កម្មវិធីចាប់ផ្តើមទទួលពាក្យពីថ្ងៃទី ៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា នៅ (CJCC)។
ការប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនជាសាធារណៈលើកទី២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភាខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ការប្រឡងប្រជែងនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីផ្សព្វផ្សាយការអប់រំភាសាជប៉ុននៅកម្ពុជា និងផ្ដល់ឱកាសសម្រាប់អ្នកសិក្សាភាសានេះ បានបង្ហាញសមត្ថភាព។
បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បេក្ខជន អាចសុំពាក្យចូលរួមប្រឡងប្រជែងនេះ ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា នៅ (CJCC) ឬអាចរកបាននៅលើទំព័រហ្វេសប៊ុក CJCC ។ ឈ្មោះបេក្ខជនដែលបានដាក់ពាក្យ នឹងត្រូវជ្រើសរើសនៅថ្ងៃទី៣០ ខែមីនា។ ព័ត៌មានបន្ថែម ទាក់ទងទៅកាន់ CJCC តាមរយៈទូរសព្ទលេខ ០២៣ ៨៨៣ ៦៤៩៕
Tag:
ថ្លែងសុន្ទរកថា
ភាសាជប៉ុន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com