ជាតិ
កម្ពុជា នាំចេញវាយនភណ្ឌទៅចិនជាង២០០លានដុល្លារ តែនាំវត្ថុធាតុដើមចូលវិញជាង២,៧០០លានដុល្លារ ក្នុងពេល១១ខែ ឆ្នាំ២០១៧ រូបថត៖ បេឡាជាតិសន្តិសុខសង្គម(បសស)
× ភ្នំពេញ៖ កម្ពុជា បាននាំចេញផលិតផលវាយនភណ្ឌ ក្នុងទំហំទឹកប្រាក់ជាង២០០លានដុល្លារ ទៅកាន់ប្រទេសចិន នៅក្នុងរយៈពលេ១១ខែ កាលពីឆ្នាំ២០១៧។ ប៉ុន្តែ កម្ពុជាក៏បាននាំចូលសម្ភារកាត់ដេរ និងវត្ថុធាតុដើមផលិតស្បែកជើងពីប្រទេសចិនវិញ ដោយក្នុងរយៈពេល១០ ឆ្នាំ២០១៧ ពោលគឺពីខែកុម្ភៈ ដល់ខែវិច្ឆិកាមានទំហំជាង២,៧០០លានដុល្លារ។
ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧ ការនាំចេញវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណ ២០៧លានដុល្លារ កើនឡើងជាង ៤២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នេះបើតាម របាយការណ៍នៃក្រសួងពាណិជ្ជកម្ម។ របាយការណ៍នេះបន្តថា កម្ពុជាបាននាំចូលពីប្រទេសចិន ដូចជាសម្ភារកាត់ដេរ និងវត្ថុធាតុដើមផលិតស្បែកជើង ពីខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ មានទំហំទឹកប្រាក់ប្រមាណ ២,៧៨៧លានដុល្លារ កើនឡើង ៨៩ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។
ទោះយ៉ាងណា ទីផ្សានាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅមានទំហំតូចជាងទីផ្សាររបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយក្នុងរបាយការណ៍ដដែលនោះ បានគូសបញ្ជាក់ដូច្នេះ៖ «ចិនជាប្រភពវិយោគធំបំផុតរបស់កម្ពុជា លើឧស្សាហកម្មវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ប៉ុន្តែទីផ្សារបំផុតរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារទីផ្សារបណ្តាប្រទេសទាំងនេះ ផ្តល់ការអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០១៧ ការនាំចេញវាយនភណ្ឌទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ៥.៦០០លានដុល្លារ កើនឡើងជាង៧ភាគរយ បើធៀបទៅនឹង ឆ្នាំ២០១៦។ ទីផ្សារដ៏ធំសម្រាប់វាយនភណ្ឌកម្ពុជា គឺសហភាពអឺរ៉ុប ដែលមានទំហំ ៤៥ភាគរយ ខណៈទីផ្សារសហរដ្ឋអាមេរិកជាង ២០ភាគរយ បន្តបន្ទាប់មក គឺទីផ្សារប្រទេសកាណាដា ជប៉ុន និងចិនជាដើម៕
ប្រភព៖ AKP
© រក្សាសិទ្ធិដោយ thmeythmey.com