កីឡាជាតិ
ការប្រកួត​ជើងឯក​ចំបាប់​ប្រចាំឆ្នាំ២០១៣ ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ
14, May 2013 , 3:17 pm        
រូបភាព
ដោយ:
សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹងធ្វើ​ការប្រកួត​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​នា​ថ្ងៃទី ២០ ដល់២៤ ខែឧសភា ឆ្នាំ២០១៣ នៅ​សាល​ដំបូលទូក ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​ព្រឹត្តិការណ៍ ប្រកួត​ប្រចាំឆ្នាំ និង​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា។



លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ ដឹងថា​ការប្រកួត​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី២០ ដល់២៤ ខែឧសភា ឆ្នាំ២០១៣ រៀបចំឡើង ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដោយមាន​កីឡាករ និង​កីឡាការិនី ជិត៣០០នាក់ មកពី ៩ សមាគម​និង​ក្លឹប​ដែលមាន​មូលដ្ឋាន​នៅតាម​ខេត្ត​ខ្លះ រាជធានី និង​នៅតាម​ក្រសួង​ខ្លះ ហើយ ការប្រកួត​នេះ​ជា​សកម្មភាព​ប្រចាំឆ្នាំ ពិសេស​ក៏​គាប់​ជួន​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ២៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នា​ចុងឆ្នាំ​ផងដែរ។

លោក​អគ្គលេខាធិការ និង​ជា​គ្រូ​ជម្រើសជាតិ​នៃ​សហព័ន្ធ​កីឡា​ខាងលើ​បាន​បន្ទរ​ទៀត ថា ការប្រកួត​ជ្រើសរើស​ជើងឯក​ឆ្នាំនេះ ពិតជា​មាន​សារ:សំខាន់​ណាស់​ក្នុងការ​ត្រៀមលក្ខណ: ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ពោល​វា​ហាក់ដូចជា​ការប្រកួត​ក​ម្តៅ​សាច់ដុំ មុន​ចេញទៅ​ប្រកួត​ដែរ បើទោះបីជា​លក្ខណ:ក្នុងស្រុក​ក្តី ប៉ុន្តែ​កាលពី​ពាក់​ដើមខែ​មេសា​កន្លងទៅ ចំបាប់ ក៏ ទើបនឹង​វិលត្រឡប់​ពី​ការប្រកួត​កម្តៅ​សាច់ដុំ​នៅ​មី​យ៉ាន់​ម៉ា​រួចហើយ​ដែរ ដោយ​កាលនោះ ទទួលបាន មេដាយមាស ប្រាក់​សំរឹទ្ធ​ស្ទើរគ្រប់ៗគ្នា​ទៀតផង។

តែ​យ៉ាងណាក៏ដោយ​លោក មិនទាន់មាន​ជំនឿ១០០ភាគរយ​ថា​នឹង​បាន​ទៅ​ស៊ី​ហ្គេម​នា​ឆ្នាំ នេះ​ពិតប្រាកដ​ទេ ដោយសារអ្វីៗស្ថិតនៅលើ​ការវិនិច្ឆ័យ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​គណ:ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​អ្នក​ស​ម្រេ​ចុងក្រោយ ដូច្នេះ​កីឡាករ កីឡា ការិនី នៅតែ​បន្ត​ការខិតខំ​ហ្វឹកហាត់​ឯ​ជំរុំ​ប្រមូលផ្តុំ​រៀបចំ ដោយ​វិទ្យាស្ថាន​ជាតិ​ហ្វឹកហ្វឺន​កីឡា ដដែល។

សូមបញ្ជាក់ថា ក្លឹប សមាគម​ទាំង៩រួមមាន: ១.អគ្គស្នងការ​នគរបាល​ជាតិ(ក្រសួង​មហា ផ្ទៃ ២.យាយ​ព្រីង​មាន​រឹទ្ធ(កំពង់ឆ្នាំង) ៣. រឹទ្ធិ​សែន​មាន​រឹទ្ធ(កំពង់ឆ្នាំង) ៤.ដំបង​ដែក​សុវណ្ណ​វន្ត( កំពង់ឆ្នាំង) ៥. ឃ្លាំងមឿង​មាន​រឹទ្ធ(ពោធិសាត់) ៦.វិហារ​សួគ៌(កណ្តាល) ៧.ម៉ឺន​ឯក(កណ្តាល) ៨.ភាព​ញញឹម​នៃ​កុមារ(ភ្នំពេញ) ៩.CICI (ភ្នំពេញ)៕
   


© រក្សាសិទ្ធិដោយ thmeythmey.com