អន្តរជាតិ
កាណាដា​ព្រម​ចាប់ដៃ​សមាជិក​ដប់​ទៀត សង្គ្រោះ​ជីវិត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​TPP ដោយ​គ្មាន​អាមេរិក​
24, Jan 2018 , 4:49 pm        
រូបភាព
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ថ្លែងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថ្ងៃ ២៣ ខែមករា
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ថ្លែងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថ្ងៃ ២៣ ខែមករា
ដោយ: ថ្មីៗ
​ចុងក្រោយ​កាណាដា សម្រេចចិត្ត​ដើរ​ឆ្ពោះទៅមុខ​ជាមួយ​សមាជិក​ដប់​ផ្សេងទៀត ដើម្បី​សង្គ្រោះ​ជីវិត​កិច្ចព្រមព្រៀង​ស្តង់ដារ​មាស​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)​។ ក្រុង​អូ​តា​វ៉ា បង្ហាញ​ការប្តេជ្ញាចិត្ត បន្តដំណើរ​រួមគ្នា ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ បន្ទាប់ពី​ក្រុង​តូ​ក្យូ និង​កង់​បេ​រ៉ា តាម​បញ្ចុះបញ្ចូល ចាប់ពី​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​វៀតណាម ចុងឆ្នាំ​មុន​មក​នោះ​។​



​បន្ទាប់ពី​ដូ​ណា​ល់ ត្រាំ ដក​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​កាលពីដើម​ឆ្នាំមុន សមាជិក​សេសសល់​ទាំង ១១ ឯកភាពគ្នា​ថា ពួកគេ​នឹង​បន្ត​ដើរទៅ​មុខ​ដោយ​គ្មាន​អាមេរិក​។ ប៉ុន្តែ​ក្រោយមក​កាណាដា បង្ហាញ​ជំហរ​ស្ទាក់ស្ទើរ ក្នុងការ​ជិះទូក​រួមគ្នា​ជាមួយ​សមាជិក​ឯទៀត​។​

​ក្នុង​កិច្ចប្រជុំ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ដា​ណា​ង ប្រទេស​វៀត    ណា​ម នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បាន​បដិសេធ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាគោលការណ៍​មួយ ដោយ​លោក​លើក​ហេតុផល​បារម្ភ​ពី​វិស័យ​ឧស្សាហកម្ម​រថយន្ត និង​បញ្ហា​វប្បធម៌​ខ្លួន​ផង​។ ប៉ុន្តែ​ក្រោយមក​ជប៉ុន និង​អូស្ត្រាលី បាននាំគ្នា​បញ្ចុះបញ្ចូល​កាណាដា ឲ្យ​បន្តដំណើរ​រួមគ្នា​ផង​។​

​ដល់​ថ្ងៃ​អង្គារ ទី ២៣ ខែមករា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី លោក Steve Ciobo បាន​បញ្ជាក់ថា កាណាដា​សម្រេចចិត្ត​ចូលរួម​ជាមួយ​ប្រទេស​ដប់​ផ្សេង​ទៀតហើយ ដើម្បី​សង្គ្រោះ​ជីវិត​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​។ លោក​បាន​បង្ហើប​ថា សមាជិក​ទាំង ១១ នឹង​នាំគ្នា​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ​រួមគ្នា នៅ​ខែមីនា នា​កិច្ចប្រជុំ​នៅ​ប្រទេស​ស៊ី​លី​។  នេះ​បើ​យោងតាម​សារព័ត៌មាន The Guardian ។

​ចំណែក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​កាណាដា Francois-Philippe Champagne ឯណោះ​វិញ​បាន​ទទួលស្គាល់ថា កាណាដា​ប្តេជ្ញាចិត្ត​រួមគ្នា​ជាមួយ​សមាជិក​ផ្សេងទៀត នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ​មែន ក្រោយ​ចរចា​ត្រូវ​គ្នា លើ​បញ្ហា​ចម្រូងចម្រាស​មួយចំនួន​។

«​យើង​សប្បាយ​ចិត្តនឹង​បញ្ជាក់ថា យើង​បានទទួល​ជោគជ័យ ក្នុងការ​ពិភាក្សា​ពាក់ព័ន្ធ​បញ្ហា​វប្បធម៌ និង​វិស័យ​ឧស្សាហកម្ម​រថយន្ត ជាមួយ​ជប៉ុន​ហើយ​។ ក្រៅពីនោះ វា​មានការ​ព្យួរ​ការអនុវត្ត​មាត្រា​មួយចំនួន ពាក់ព័ន្ធ​ច្បាប់​កម្មសិទ្ធិបញ្ញា ដែលជា​ក្តីបារម្ភ​របស់​កាណាដា​ដែរ​។ កាណាដា​កន្លងមក​បាន​បញ្ជាក់​ហើយ​ថា ខ្លួន​ឯកភាព​ក្នុង​កិច្ច​ព្រៀម​ព្រៀង ដរាបណា​វា​អាច​ធានា​ប្រយោជន៍​កាណាដា​បាន​ប៉ុណ្ណោះ​»​។

​ក្រៅពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កាណាដា ថ្ងៃ​អង្គារ​ទី ២៣ ខែមករា នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ ក៏បានផ្តល់​សុន្ទរកថា ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែរ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​នោះ​។ ក្នុងពេល​នោះដែរ​លោក​បាន​ហៅ​កិច្ច​ព្រម​ព្រៀម​នេះ​ថា ជា​កិច្ចព្រមព្រៀង​ដ៏​ត្រឹមត្រូវ​មួយ​ដែរ​។​

​តាមពិតទៅ ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ត្រូវបាន​ឯកភាពគ្នា​បង្កើត​ឡើងជា​ផ្លូវការ កាលពី​ខែតុលា​ឆ្នាំ ២០១៥ ដោយមាន​ភាគី ១២ ចូលរួម​ក្នុងនោះ មាន​ប្រទេស​អាស៊ាន​ចំនួន​បួន​ផង​។​ប៉ុន្តែ​ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង លោក​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​បន្សល់ទុក​សមាជិក​ត្រឹមតែ ១១​ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​នេះដែរ មាន​គោលដៅ​ដក​របាំង​ពន្ធ​លើ​ទំនិញ ៩៨ ភាគរយ នៃ​ទំនិញ​ពាណិជ្ជកម្ម​សរុប ហើយ​ទីផ្សារ​សរុប​នៃ​សមាជិក​នោះ​មាន​ទំហំ​ជិត​ដល់​១៤ ទ្រី​លាន​ដុល្លារ​ឯណោះ​។

​ថ្វីបើ​អាមេរិក​ដកខ្លួន​ចេញ​ក៏ដោយ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់​ខុម ធើ​ន​ប៊ុល ធ្លាប់​បញ្ជាក់ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នេះ នៅតែ​បើកទ្វារ​ចំហ សម្រាប់​អាមេរិក​ជានិច្ច ក្នុងករណី​ដែល​មហាអំណាច​នេះ ចង់​ត្រឡប់មកវិញ​នោះ​៕


Tag:
 កាណាដា​
  TPP
  អាមេរិក​
 ​ អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com