ជាតិ
ក្លិប​អ្នកកាសែត​កម្ពុជា​ក្លាយជា​សមាជិក​សហព័ន្ធ​អ្នកកាសែត​អាស៊ាន​
26, Jan 2018 , 3:29 pm        
រូបភាព
​បាងកក​-​ថៃ​៖ ក្លិប​អ្នកកាសែត​កម្ពុជា ( Club of Cambodian Journalists) ត្រូវបាន​ប្រកាស​ឲ្យ​ក្លាយជា​សមាជិក​នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of Asean Journalists) នា​រសៀល​ថ្ងៃទី​២៦​ខែមករា​នេះ​។ ការបញ្ចូល​សមាជិកភាព​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា ទៅក្នុង​អង្គការ​តំបន់​មួយ ត្រូវបានធ្វើ​នៅក្នុង​មហាសន្និបាត​លើក​ទី​១៩ នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន​នៅក្នុង​រាជធានី​បាងកក​។​



​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) បាន​ក្លាយជា​សមាជិក​ទី​៨ នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (CAJ) មុន​តំណាង​អ្នកកាសែត​មកពី​ប្រទេស​ប្រ៊ុយណេ និង​មី​យ៉ាន់​ម៉ា​។ វត្តមាន​របស់​ក្លិប​អ្នកកាសែត​កម្ពុជា នៅក្នុង​អង្គការ​តំបន់​អាស៊ាន​មួយ​នេះ នឹងធ្វើ​ឲ្យ​សំឡេង​របស់​កម្ពុជា​កាន់​តែមាន​តម្លៃ នៅក្នុង​វិស័យ​សារព័ត៌មាន​ក្នុង​ក្របខណ្ឌ​តំបន់​។

​ប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​លោក ពុ​យ គា ដែលជា​អគ្គលេខាធិការ​អមដោយ​សមាជិក​គណៈកម្មាធិកា​រ​នាយក​រួមមាន​លោក លាង ដឺ​លុច​, លោក នៅ សុ​ភ័ស្ស និង​លោក ខៀវ កូ​ឡា​។

​លោក Thepchai Yong ប្រធាន​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (CAJ) បាន​និយាយ​ពី​តួនាទី​ដ៏​សំខាន់​របស់ CCJ ក្នុងការ​ចូលរួម​ជំរុញ​វិស័យ​សារព័ត៌មាន​ក្នុង​តំបន់ ជាពិសេស​ក្នុង​ក្របខណ្ឌ CAJ ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​អាស៊ាន​ទាំងមូល ។

​លោក ពុ​យ គា បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​យ៉ាង​ដូច្នេះ​៖«​ជា​កិត្តិយស​របស់​កម្ពុជា ដែល​វិស័យ​ព័ត៌មាន​របស់​យើង បានចាប់ផ្តើម​ដើរ​លើ​មហាវិថី​មួយ​របស់​តំបន់ ហើយ​ខ្ញុំ​សង្ឃឹមថា តាមរយៈ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន ដែលមាន​សមាជិក​សរុប​ជាង​៥​ម៉ឺន​នាក់ ផែនទី កម្ពុជា និង​ប្រទេស​កម្ពុជា កាន់តែ​រីក​ធំ​ជាង​មុន​។ ធំ​ក្នុងន័យ​ថា ព័ត៌មាន​របស់​កម្ពុជា នឹង​ជ្រៀតចូល​ទៅក្នុង​តំបន់ និង​ពិភពលោក កាន់តែ​ទូលំទូលាយ ជាពិសេស ព័ត៌មាន​ផ្នែក   វប្បធម៌ សិល្បៈ និង​ទេសចរណ៍​»​។​

​ក្លិប​អ្នកកាសែត​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០០​។ មកដល់ពេលនេះ ក្លិប​អ្នកកាសែត​កម្ពុជា មាន​សមាជិក​សកម្ម​ប្រមាណ​៤០០​នាក់​។ លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ក៏បាន​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ជំហាន​ដ៏​សំខាន់ ក្នុង​ការធ្វើសមាហរណកម្ម​អ្នកសារព័ត៌មាន​កម្ពុជា ទៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​នេះ​ជា​គោលបំណង​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ជា​យូរ​មកហើយ​។

​សហព័ន្ធ​អ្នកសារព័ត៌មាន​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៥ ដោយ​សមាគម​អ្នកកាសែត​មកពី​៥​ប្រទេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​សឹង្ហ​បុរី​។ សមាគម​អ្នកកាសែត​វៀតណាម និង​ឡាវ បាន​ចូលរួម​តាម​ក្រោយ​៕


Tag:
 CCJ
  CAJ
  អ្នកកាសែត​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com