អន្តរជាតិ
ទោះ​គិត​ប្រយោជន៍​ខ្លួនឯង​មុន លោក ត្រាំ ថា អាមេរិក​បើកចំហរ​សម្រាប់​ការ​រ​ក​ស៊ី
27, Jan 2018 , 10:39 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (រូបភាព៖ Xinhua)
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (រូបភាព៖ Xinhua)
​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​៤៨ នៅ​ថ្ងៃទី​២៦ ខែមករា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​សុន្ទរកថា​ការពារ​នយោបាយ​គិត​ផលប្រយោជន៍​អាមេរិក​មុនគេ «America First» ។ លោក ត្រាំ បាន​ប្រាប់​ជំនួប​មេដឹកនាំ​ពិភពលោក និង​អ្នកជំនួញ​ធំៗ​ថា អាមេរិក​លែង​បិទ​ភ្នែក ធ្វើ​មិនដឹងមិនឮ​នឹង​ការអនុវត្ត​ពាណិជ្ជកម្ម​ដែល​គ្មាន​យុត្តិធម៌ និង​មិន​ស្មើភាព​ទៀតហើយ តែ​អាមេរិក​ក៏​មិន​ទ្វារ​ទីផ្សារ​របស់ខ្លួន​ដែរ​។



​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រ​ធានា​ធិ​ប​តិ​អាមេរិក​ដំបូង​គេ​ក្នុង​យៈ​ពេល​១៨​ឆ្នាំ ដែល​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស សហព័ន្ធ​ស្វ៊ី​ស​។ ចំពោះមុខ​អ្នកនយោបាយ​ធំៗ ម្ចាស់​ក្រុមហ៊ុន​ពិភពលោក លោក ត្រាំ បានលើកឡើង​ពី​ការមិន​ពេញចិត្ត​របស់លោក​ចំពោះ​បរិបទ​ពាណិជ្ជកម្ម​អន្តរជាតិ​នាពេល​បច្ចុប្បន្ន ដែល​អាមេរិក​ត្រូវ​ខាតបង់​ដោយសារ​ការប្រកួតប្រជែង​មិន​យុត្តិធម៌ និង​មិន​ស្មោះត្រង់​។​

​ក្នុងការ​ថ្លែង​លើកដំបូង ដែល​គេ​រង់ចាំ​ស្ដាប់​ជា​យូរ លោក ត្រាំ ប្រកាស​ត្រង់ៗ​ថា លោក​នឹង​ជំរុញ​នយោបាយ​គិតពី​ប្រយោជន៍​អាមេរិក​មុន​ជា​រៀងរហូត ហើយ​អ្វីដែល​លោក​ធ្វើ គឺ​លោក​រំពឹង​រួចស្រេច​ហើយ​ថា មេដឹកនាំ​ផ្សេងៗ​ក៏​គិតពី​ប្រយោជន៍​ប្រទេស​ខ្លួន​ដូចគ្នា​ដែរ​។ ប៉ុន្តែ​លោក​ក៏​និយាយ​ដែរ​ថា គិត​ប្រយោជន៍​អាមេរិក​មុន មិនមែន​មានន័យថា អាមេរិក​ឯកោ​តែឯង​ឡើយ​។ ពោល គឺ​ពេល​អាមេរិក​លូតលាស់ ពិភពលោក​ក៏​រីកចម្រើន​ដែរ​។

​ឆ្លៀតឱកាស​នោះ លោក ត្រាំ ប្រកាស​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​តឹង​រ៉ឺ​ង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ដោយ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​ចោទ​ប្រ​ទស​ខ្លះ​ថា បាន​អនុវត្ត​ច្បាប់​មិន​យុត្តិធម៌ លួច​កម្មសិទ្ធិបញ្ញា និង​ឧបត្ថម្ភ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​។ ចាប់ពីពេលនេះ អាមេរិក​នឹង​ពង្រឹង​ច្បាប់​របស់ខ្លួន និង​ពង្រឹង​សុច្ចរិត​ភាព​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម សំដៅ​បង្កើត​ប្រព័ន្ធ​រកស៊ី​មួយ​ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងអស់ មិនមែន​អាមេរិក​ម្នាក់​ឡើយ​។

«​អាមេរិក​លែង​ធ្វើ្វ​ខ្វាក់​ចំពោះ​ការ​សកម្ម​ភាពមិន​យុត្តិធម៌​ទៀតហើយ​។ យើង​មិន​អាចមាន​ពាណិជ្ជកម្ម​សេរី និង​បើកចំហ​ឡើយ បើ​មាន​ប្រទេស​ខ្លះ​កេងចំណេញ​លើ​ប្រទេស​ដទៃទៀត​នោះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ។ ចិន​ទំនងជា​ប្រទេស​ដែល​លោក ត្រាំ ចង់​និយាយ​សំដៅ តែ​មិនអាច​បញ្ចេញ​ឈ្មោះ​បាន ព្រោះ​កន្លងមក លោក ត្រាំ តែង​រិះគន់​ចិន​ជារឿយៗ​លើ​រឿង​ពាណិជ្ជ​កម្មនេះ​។​

​យ៉ាងណាមិញ លោក ត្រាំ ក៏​ឆ្លៀត​អូសទាញ​អ្នកជំនួញ​ធំៗ​ដែល​កំពុង​ជួបជុំគ្នា​នៅ​ទីក្រុង​ដា​វ៉ូស ឲ្យ​ទៅ​បណ្ដាក់ទុន​រកស៊ី​នៅ​អាមេរិក​។ លោក​បញ្ជាក់ថា សព្វថ្ងៃនេះ គឺជា​ឱកាសល្អ​សម្រាប់​ការយក​លុយ ការងារ និង​មុខ​ជំនួញ​ទៅកាន់​អាមេរិក ព្រោះ​អាមេរិក​បាន​បញ្ចុះ​ពន្ធ និង​កាត់បន្ថយ​ប​ញ្ញ​តិ្ត​ផ្សេងៗ​ដើម្បី​សម្រួល​អ្នកវិនិយោគ​។ បើតាម​លោក ត្រាំ ពិភពលោក​កំពុង​មើលឃើញ​ពី​ការ​ងើប​ឡើងវិញ និង​ភាពខ្លាំង​របស់​អាមេរិក​៕ 
 

Tag:
 វេទិកា​សេដ្ឋកិច្ចពិភពលោក​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com