កីឡាជាតិ
ជាតិ
ស្វាយរៀង​តែងតាំង​គ្រូបង្វឹក​អៀរ​ឡង់ Conor Nestor ជំនួស​លោក សំ វ៉ាន់​ដេ​ត​
30, Jan 2018 , 4:34 pm        
រូបភាព
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បានតែងតាំង​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​លោក Conor Nestor ឲ្យ​ដឹកនាំ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨ ជំនួស​លោក សំ វ៉ាន់​ដេ​ត ដែល​ជាប់​ភារកិច្ច​ទៅ​បន្ត​ការសិក្សា​សញ្ញាបត្រ​កម្រិត A-Licence នៅក្រៅ​ប្រទេស​។ ក្រៅពី​គ្រូបង្វឹក ស្វាយរៀង​ក៏បាន​នាំចូល​កីឡាករ​ថ្មី​ចំនួន​ពីររូប​ផងដែរ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។



​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​នាំយក​គ្រូបង្វឹក​កម្រិត A-Licence មកពី​អៀរ​ឡង់​គឺ​លោក Conor Nestor ដើម្បី​ដឹកនាំ​ក្រុម​ជំនួស​លោក សំ វ៉ាន់​ដេ​ត ដែល​ត្រូវ​ទៅ​សិក្សា​សញ្ញាបត្រ​កម្រិត A-Licence នៅ​ប្រទេស​ជប៉ុន​។ គ្រូបង្វឹក​អៀរ​ឡង់​រូបនេះ​ត្រូវ​ដឹកនាំ​ព្រះខ័ន​រាជ​ស្វាយរៀង​ប្រជែង​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។​

​គ្រូបង្វឹក​កាន់​សញ្ញាបត្រ UEFA A license រូបនេះ មាន​បទពិសោធ​ការងារ​ជាមួយ​បាល់ទាត់​រយៈពេល​១៦​ឆ្នាំ​។ លោក​ធ្លាប់​ធ្វើការ​នៅ​សមាគមន៍​បាល់ទាត់​នៃ​ប្រទេស​អៀរ​ឡង់​(Football Association of Ireland) និង​ធ្វើជា​គ្រូបង្វឹក​យុវជន​នៅ UK-Elite-Soccer​។ ហើយ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ផងដែរ​។ មុន​ទទួលបាន​តួនាទី​ជា​គ្រូ​បង្គោល​នៅ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​លោក Conor Nestor បានមក​កម្ពុជា​តាំងពី​ខែតុលា ឆ្នាំ​២០១៧​។​



​ពាក់ព័ន្ធ​នឹង​ការដោះដូរ​គ្រូបង្វឹក​ថ្មី​នេះ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​លោក អោក សំណាង បាន​បញ្ជាក់ថា ការដាក់​គ្រូបង្វឹក​ជនជាតិ​អៀរ​ឡង់​ឲ្យ​ដឹកនាំ​ក្រុម​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​លោក សំ វ៉ាន់​ដេ​ត ទៅ​បន្ត​ការសិក្សា​សញ្ញាបត្រ​កម្រិត A Licence នៅក្រៅ​ប្រទេស​។ ជាពិសេស សិក្សា​ពី​បច្ចេកទេស​ក៏ដូចជា​តិច​និក​ពី​ប្រទេស​រីកចម្រើន​ផ្នែក​កីឡាបាល់ទាត់​មក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ពិសេស​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ផ្ទាល់​តែម្តង​។​

«​ការដោះដូរ​លោក សំ វ៉ាន់​ដេ​ត មិនមែនជា​ការដក​ដោយ​សារ​គាត់​មាន​កំហុស​នោះទេ តែ​ជា​ការដក​ដើម្បី​ទុកពេល​ឲ្យ​គាត់​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​យក A-Licence និង​ឲ្យ​គាត់​ស្វែងយល់​លើ​ប្រទេស​ដែល​គេ​ជឿនលឿន​ជាង​យើង ដើម្បី​ដកស្រង់​បទពិសោធ និង​ទិច​និក​នៃ​ការដឹក​នាំមក​ពង្រឹង​ក្លិប​របស់​យើង​បន្ថែម គឺ​យើង​មិនបាន​បោះបង់ចោល​គាត់​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អោក សំណាង​។

​តែ​យ៉ាងណា​អគ្គលេខាធិការ​រូបនេះ​រំពឹងថា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាង​មុន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បានបញ្ចប់​ត្រឹម​លេខ​៣​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។   

​ក្រៅពី​បង្ហាញ​សមាសភាព​គ្រូបង្វឹក​ថ្មី ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៣០ មករា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ព្រះខ័ន​រាជ​ស្វាយរៀង​ក៏បាន​បង្ហាញ​សមាជិក​ថ្មី​ពីររូប​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​នេះ​ផងដែរ​។ សមាជិក​ថ្មី​ទាំងនេះ​រួមមាន​ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង​មកពី​ភ្នំពេញ​ក្រោ​ន Shane Booysen និង​កីឡាករ សួន សុវណ្ណ មកពី​វេ​ស្ទើ​ន​ភ្នំពេញ​៕


Tag:
 បាល់ទាត់​
  Conor Nestor
  សំ វ៉ាន់​ដេ​ត​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com