អន្តរជាតិ
ឌូ​ទើ​តេ អនុញ្ញាត​ឲ្យ​កងទ័ព​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ចូល​ហ្វីលីពីន​ដោយ​សេរី​ដើម្បី​កម្ចាត់​ភេរ​វករ
31, Jan 2018 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បានសម្រេច​ចេញ​គោលនយោបាយ​ថ្មី​មួយ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា និង​ក្រុង​កូ​ឡា​ឡាំ​ពួរ​អាច​ចេញចូល​ដែន​អធិបតេយ្យ​របស់ខ្លួន​ដោយ​សេរី ។ ក៏ប៉ុន្តែ​គោលនយោបាយ​នេះ អាចអនុវត្ត​បាន​ក្នុង​គោលដៅ​ដើម្បី​ក​ម្ចេ​ច​ក្រុម​ភេរ​វករ ដែល​កំពុងតែ​ចាប់ផ្តើម​ពង្រីក​មូលដ្ឋាន​នៅក្នុង​តំបន់​តែប៉ុណ្ណោះ ។



​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ នៅ​ចុង​សប្តាហ៍​មុន បាន​ថ្លែង​កាន់​អ្នកសារព័ត៌មាន​ថា​៖«​ខ្ញុំ នឹង​អនុញ្ញាត​ឲ្យ​កងទ័ព​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ចូលមក​ទឹកដី​ហ្វីលីពីន​បាន​ដោយ​សេរី ។ អ្វីដែល​កងទ័ព​ក្រុង​ហ្សា​ការ​តា និង​កូ​ឡា​ឡាំ​ពួរ ត្រូវធ្វើ​នោះ គឺ​ជូនដំណឹង​កងកម្លាំង​ពិសេស​របស់​ហ្វីលីពីន​ពី​ប្រតិបត្តិការ​វាយកម្ទេច​ភេ​រវជ​នៅ​ហ្វីលីពីន​ប៉ុណ្ណោះ​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Jakarta Post ។

​លោក​ប្រធានាធិបតី បាន​បន្ថែមថា កងទ័ព​របស់​ហ្វីលីពីន មាន​ឆន្ទៈ​ជានិច្ច​ក្នុងការ​ចូលរួម និង​ធ្វើជា​ជំនួយការ​សម្រាប់​ប្រតិបត្តិការ​នេះ ។ លោក អះអាង​ទៀតថា គោលនយោបាយ​នេះ លោក ក៏បាន​ជជែក​ជាមួយនឹង​សម​ភាគី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី នា​ជំនួយ​ក្រៅផ្លូវការ ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​ឥណ្ឌា​រួចហើយ​ដែរ ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ការណ៍ ដែល​លោក​ប្រធានាធិបតី សម្រេច​បែបនេះ ដោយ​លោក បញ្ជាក់ថា លោក​អស់​ការអត់ធ្មត់​ជាមួយនឹង​ក្រុម​ភេរ​វករ ជាពិសេស​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ ដែល​តែងតែ​រំខាន​សន្តិសុខ​របស់​ហ្វីលីពីន Abu Sayyaf ។ លោក​ប្រធានាធិបតី បាន​ផ្តាំផ្ញើ​ទៅកាន់​កងទ័ព​ដែរ ថា ប្រសិនបើ​រកឃើញថា​ជា​ចលនា​ភេរវកម្ម កម្ទេចចោល​តែម្តងទៅ ។ 

​គួរ​ជម្រាប​ផងដែរ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន គឺជា​ប្រទេស​អាស៊ាន ដែល​ប្រឈម​ជាមួយនឹង​បញ្ហា​ភេរវកម្ម​ជាច្រើន ជាពិសេស​នោះ ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ ដ្បិត​ជា​ប្រទេស​ដែល​សំបូរ​ដោយ​ប្រជុំ​កោះ ។ កន្លងមក ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ភេរវកម្ម ប្រទេស​បី បាន​បង្កើត​សហប្រតិបត្តិការ​ជាច្រើន ដែល​រួមទាំង​ការផ្លាស់ប្តូរ​ព័ត៌មាន​ចារកម្ម​ទៀតផង ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  ​ម៉ាឡេស៊ី​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com