កីឡាជាតិ
ជាតិ
នៅ​អាណត្តិ​ទី​៦ NOCC ចំណាយ​ថវិកា​អស់​ជាង ១,៦១​លាន​ដុល្លារ
05, Feb 2018 , 4:07 pm        
រូបភាព
លោក លី កុសល អគ្គហិរញ្ញឹក NOCC ឡើងអានរបាយការណ៍ហិរញ្ញវត្ថុក្នុងមហាសន្និបាត NOCC កាលពីពេលកន្លងទៅ, រូបភាពពីហ្វេសប៊ុក NOCC
លោក លី កុសល អគ្គហិរញ្ញឹក NOCC ឡើងអានរបាយការណ៍ហិរញ្ញវត្ថុក្នុងមហាសន្និបាត NOCC កាលពីពេលកន្លងទៅ, រូបភាពពីហ្វេសប៊ុក NOCC
ដោយ:
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាជាង​១,៦១​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ឆ្នាំ​នៃ​អាណត្តិ​ទី​៦ (២០១៤-២០១៧)​។ ថិ​វ​កា​នេះ ភាគច្រើន​ចំណាយ​លើ​ការអនុវត្ត​គម្រោង​កម្មវិធី សកម្មភាព​កីឡា និង​យន្តការរដ្ឋបាល​។ តែ​យ៉ាងណា ក្រោយ​ការទូទាត់​ចំណាយ​ចំណូល​ស្ថាប័ន​កីឡា​មួយ​នេះ សល់​ថវិកា​ជិត​២​ម៉ឺន​ដុល្លារ​សម្រាប់​ប្រើប្រាស់​នៅ​អាណត្តិ​បន្ទាប់​។​



​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ១,៦១០,៥៧៨.៥៨​ដុល្លារ ក្នុងការ​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ទី​៦​ដែល​ទើប​អស់​សុពលភាព​។ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​អាន​ដោយ​អគ្គ​ហិ​រញ្ញឹក NOCC លោក លី កុសល ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​អាណត្តិ​ទី​៦ និង​ដាក់​ទិសដៅ​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​១ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 

​តែ​យ៉ាងណា​របាយការណ៍​នេះ​មិនបាន​បង្ហាញ​លម្អិត​ពី​ការចំណាយ​នោះទេ គ្រាន់តែ​បង្ហាញថា ថវិកា​ទាំងនេះ​បាន​ចំណាយ​លើ​គម្រោង​ធំៗ​៣ ក្នុងនោះ​អនុវត្ត​គម្រោង​កម្មវិធី​និង​សកម្មភាព​កីឡា​ចំណាយ ១,០០៨,៦៥៨.៦៣​ដុល្លារ​ដែលមាន​ចំនួន​ច្រើនជាងគេ ខណៈ​យន្តការរដ្ឋបាល ៤៨៥,១៨៥.៨៦​ដុល្លារ និង​ចំណាយ​ផ្សេងៗ​ចំនួន​១១៦,៧៣៤.០៥​ដុល្លារ​។​



​របាយការណ៍​ដដែល​បានបង្ហាញ​ដែរ​ថា ក្នុង​រយៈពេល​៤​ឆ្នាំនេះ NOCC រកចំណូលបាន​ចំនួន​១,៦២៩,៨២៥.១៦​ដុល្លារ​។ ចំណូល​ទាំងនេះ ទទួលបាន​ពី​ហិរញ្ញប្បទាន​រដ្ឋបាល​ចលនា​អូឡាំពិក​ប្រចាំឆ្នាំ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) និង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​(OCA)​ចំនួន ៥២​ម៉ឺន​ដុល្លារ​, ហិរញ្ញប្បទាន​គម្រោង​ក​ម្ម​វិធី​អង្គការ​សាមគ្គី​អូឡាំពិក​(OS) ៩២២,៣៨១.៤០​ដុល្លារ និង​ចំណូល​ពី​ប្រភព​ផ្សេងៗ​ក្រៅ​ចលនា​អូឡាំពិក​ចំនួន ១២៨,០២០.៩៩​ដុល្លារ​។

​ក្រោយ​ការទូទាត់​ចំណាយ​ចំណូល​ក្នុង​អាណត្តិ​ទី​៦​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅសល់​ថវិកា​ចំនួន​១៩,២៤៦.៦៣​ដុល្លារ​ដើម្បី​ប្រើប្រាស់​ក្នុងការ​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ក្នុង​អាណត្តិ​ទី​៧ ដែល​ទើប​បន្ត​សុពលភាព​។​

​ដើម្បី​ជួយ​បង្កើន​ប្រាក់ចំណូល​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ក្នុង​ការជួយ​លើកស្ទួយ​ដល់​ការអភិវឌ្ឍ​ចលនា​កីឡា​អូឡាំពិក​ឲ្យ​កាន់តែ​រីកចម្រើន​ទាំង​បរិមាណ​និង​គុណភាព​។ ក្នុង​អាណត្តិ​ថ្មី​នេះ NOCC បានដាក់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មួយចំនួន​រួមមាន NOCC នឹងដាក់​សំណើរ​សុំ​ថវិកា​បន្ថែម​ពី​អង្គការ​សាមគ្គី​អូឡាំពិក​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៨, ប្តេជ្ញា​ប្រើប្រាស់​ថវិកា​ពី IOC និង OCA ឲ្យ​បាន​ត្រឹមត្រូវ​, ខិតខំ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​, ខិតខំ​ស្វែងរក​វិភាគទាន​ពី​សមាជិក ក្រុមប្រឹក្សា NOCC, បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​សប្បុរសជន ជាពិសេស​លើកសំណើរ​សុំ​ថវិកា​ប្រចាំឆ្នាំ​ពី​រាជរដ្ឋាភិបាល​ដើម្បី​ថែរក្សា ការពារ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​៕


Tag:
 NOCC
  លី កុសល
© រក្សាសិទ្ធិដោយ thmeythmey.com