កីឡាជាតិ
ជាតិ
កីឡាករ​កម្ពុជា​បន្ត​ជាប់​ជម្រើស​ដំបូង​នៅ​ម៉ាឡេស៊ី ខណៈ Negeri របស់​ឧ​ត្ត​ម បាន​បី​ពិន្ទុ​នៅ​សប្តាហ៍​ទី​ពីរ​
08, Feb 2018 , 3:46 pm        
រូបភាព
ដោយ:
​មិន​ខុសពី​សប្តាហ៍​ទី​១​ឡើយ​ទាំង​កីឡាករ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង និង ធា​រី ចន្ថា​ប៊ី​ន សុទ្ធតែ​បានបង្ហាញ​ខ្លួន​លើ​ទីលាន​ក្នុង​សប្តាហ៍​ទី​២​នៃ​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល Malaysia Premier League 2018​។ តែ​ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំងនេះ កែវ សុខ​ផេង ជា​កីឡាករ​កម្ពុ​ជាទី​១​ដែល​រកបាន​គ្រាប់​បាល់​ជូន​ក្រុម​។



​កីឡាករ​កម្ពុជា​៤​រូប​ដែល​ទៅ​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​រួមមាន ចាន់ វឌ្ឍនាកា លេង​ឲ្យ Pahang FA F.C, កែវ សុខ​ផេង PKNP F.C, ប្រាក់ មុន្នី​ឧ​ត្ត​ម Negeri Sembilan F.C និង ធា​រី ចន្ថា​ប៊ី​ន លេង​ឲ្យ Terengganu F.C សុទ្ធតែ​បានបង្ហាញ​ខ្លួន​លើ​ទីលាន​ក្នុង​ក្លិប​រៀងៗ​ខ្លួន​។ លើសពីនេះ ពួកគេ​សុទ្ធតែ​ជាប់​ជម្រើស​ដំបូង​សម្រាប់​ការប្រកួត​នេះ​។

​សម្រាប់​ការប្រកួត​ក្នុង​សប្តាហ៍​ទី​២​កាលពី​ថ្ងៃទី​៦ កុម្ភៈ ក្រុម PKNP F.C របស់​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បាន​ចាញ់​ក្រុម Johor Darul Ta’zim F.C ក្នុង​លទ្ធផល ៣-០ មុន​តទល់​ជាមួយ​ក្រុម Kedah F.C នា​រសៀល​ថ្ងៃទី​១១ កុម្ភៈ នៅ​កីឡដ្ឋាន Negeri Pulau Pinang Stadium​។



​ជាមួយគ្នានេះ​ក្រុម Terengganu F.C របស់ ធា​រី ចន្ថា​ប៊ី​ន ក្រោយ​ស្មើ ២-២ ជាមួយ PKNS F.C ក្នុងជំនួប​បើ​ឆាក បាន​បន្ត​ស្មើ ១-១ ជាមួយ Kelantan FA F.C​។ ក្រុម​នេះ​ត្រូវ​តទល់​ជាមួយ​ក្រុម Selangor F.C នា​រាត្រី​ថ្ងៃទី​១០ កុម្ភៈ នៅ​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium​។ 



​ការប្រកួត​នៅ​កីឡដ្ឋាន Shah Alam Stadium កាលពី​ថ្ងៃទី​៧ កុម្ភៈ ក្រុម Pahang FA F.C របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា បន្ត​មិន​ស្គាល់​ជ័យជម្នះ​ដោយ​ចាញ់​ក្រុម PKNS F.C ក្នុង​លទ្ធផល ១-០ មុន​ប្រជែង​ជាមួយ​ក្រុម Kelantan F.C នា​រាត្រី​ថ្ងៃទី​១០ កុម្ភៈ នៅ​កីឡដ្ឋាន Darul Makmur Stadium សម្រាប់​សប្តាហ៍​ទី​៣​។



​នៅ​កីឡដ្ឋាន Tuanku Abdul Rahman Stadium ក្រុម Negeri Sembilan F.C របស់​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​យកឈ្នះ​ក្រុម Kuala Lumpur F.C ក្នុង​លទ្ធផល ២-០ មុន​តទល់​ជាមួយ​ក្រុម Melaka F.C នា​រាត្រី​ថ្ងៃទី​១១ កុម្ភៈ នៅ​កីឡដ្ឋាន Hang Jebat Stadium​។​



​ក្រោយ​ឆ្លងកាត់​ការប្រកួត​ពីរ​សប្តាហ៍​ក្រុម Negeri Sembilan F.C របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ឈរលើ​គេ​ក្នុងចំណោម​ក្រុម​ទាំង​៤​ដែល​កីឡាករ​កម្ពុជា​កំពុង​ប្រកប​អាជីព​។ ក្នុងនោះ​ក្រុម មុន្នី​ឧ​ត្ត​ម ឈរ​លេខ​រៀង​ទី​៥​ដោយមាន​៣​ពិន្ទុ រីឯ​ក្រុម​របស់ សុខ​ផេង ឈរ​លេខ​៧​ដោយមាន​៣​ពិន្ទុ​ដូចគ្នា​។ ចំណែក​ក្រុម ធា​រី ចន្ថា​ប៊ី​ន ឈរ​លេខ​រៀង​ទី​៨​ដោយមាន​២​ពិន្ទុ ខណៈ​ក្រុម ចាន់ វឌ្ឍនាកា ឈរ​លេខ​រៀង​ទី​១០​ដោយមាន​១​ពិន្ទុ​។

​ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប មានតែ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ម្នាក់​ប៉ុណ្ណោះ ដែល​បាន​សាង​កំណត់ត្រា​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី តាមរយៈ​រក​គ្រាប់​បាល់​ជ័យជម្នះ ១-០ សម្រាប់ PKNP F.C ក្នុងជំនួប​បើកឆាក​។ ប៉ុន្តែ​កីឡាករ ចាន់ វឌ្ឍនាកា ទោះបី​មិនអាច​រក​គ្រាប់​ជូន​ក្រុម តែ​រូបគេ​បាន​ដើរ​យ៉ាងសំខាន់​ក្នុង​ក្រុម តាមរយៈ​បញ្ជូន​បាល់​ល្អៗ​ឲ្យ​មិត្ត​រួម​ក្រុម ការទា​ត់បាល់​ពិន័យ និង​ការ​តាមបិទ​ពី​គូប្រជែង​ជាដើម​៕    

 

Tag:
 បាល់ទាត់​
  Malaysia Premier League 2018
© រក្សាសិទ្ធិដោយ thmeythmey.com