ជាតិ
រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​អាស៊ាន​ផ្តោត​ការពិភាក្សា​លើ​ការវិនិយោគ​ធនធាន​យុវជន​
08, Feb 2018 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ជួបប្រជុំគ្នា​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ផ្សេងៗ ក្នុងនោះ​រួមមាន ការតាមដាន​សេចក្តីសម្រេច​នៃ​ថ្នាក់ដឹកនាំ​អាស៊ាន​កាលពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ អាទិភាព​របស់​សិង្ហ​បុរី​ដែលជា​ប្រធាន​អាស៊ាន និង​ទំនាក់ទំនង​ខាងក្រៅ​តំបន់​របស់​អាស៊ាន​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កិច្ចប្រជុំ​ចង្អៀត​នេះ ក៏បាន​លើកឡើង​ពី​តួនាទី​យុវជន​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ផងដែរ​។​



​នា​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​៤-៦ ខែកុម្ភ​: នេះ នៅ​សិង្ហ​បុរី លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ឲ្យ​ដឹងថា កម្ពុជា​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ក្នុងការ​ដោះស្រាយ​ការប្រកួតប្រជែង ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ សមាហរណកម្ម​តំបន់ និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​អាស៊ាន​។



​លោក​បាន​បន្ថែមថា កិច្ច​ប្រជុំបាន​ផ្តោតលើ​សារសំខាន់​ក្នុងការ​វិនិយោគ​លើ​យុវជន នឹង​នាំមក​នូវ​លទ្ធផល​ដ៏​ធំ​សម្បើម ដែល​ពួកគេ​អាច​ទាញយក​ឱកាស​បាន​ពី​ការបង្កើត​បច្ចេកវិទ្យា​ថ្មី និង​គំនិត​បង្កើត​ថ្មី​។ ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើកទឹកចិត្ត​ចំពោះ​សហគ្រិនភាព និង​សហគ្រាស​ធុន​តូច មធ្យម នឹង​ផ្លាស់ប្តូរ​អាស៊ាន​ទៅជា​តំបន់​មួយ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​នវានុវត្តន៍​។​

​ជាមួយគ្នានេះ​ផងដែរ ប្រមុខ​ការទូត​បណ្តារ​ដ្ឋ​អាស៊ាន​បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ក្នុងនោះ​ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​រដ្ឋ​រ៉ា​ខា​ញ និង​ទស្សនទាន​បឋម​ស្តីពី «​និម្មាបនកម្ម​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​»​។ ចំពោះ​បញ្ហា    សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទស​កម្ពុជា បាន​សម្ដែង​នូវ​ការ ពេញចិត្ត​ចំពោះ​ការវិវឌ្ឍ​ជា​វិជ្ជមាន​ដែល​សម្រេចបាន​ដោយ​អាស៊ាន និង​ចិន កាលពី​ឆ្នាំ​កន្លងទៅ​៕


Tag:
 កិច្ចប្រជុំ​អាស៊ាន​
 ​ សិង្ហ​បុរី​
 ​ ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com