ជាតិ
តុលាការ​កំពូល ឲ្យ​លោក អ៊ុំ សំអាន ​ជាប់ឃុំ​ពីរ​ឆ្នាំកន្លះ ដដែល
09, Feb 2018 , 2:57 pm        
រូបភាព
សមត្ថកិច្ច ដឹកលោក អ៊ុំ សំអាន ចេញពីតុលាការកំពូល ទៅពន្ធនាគារព្រៃសរវិញ ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨
សមត្ថកិច្ច ដឹកលោក អ៊ុំ សំអាន ចេញពីតុលាការកំពូល ទៅពន្ធនាគារព្រៃសរវិញ ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ  តុលាការ​កំពូល ក៏​ប្រកាស​សាលដីកា​ភ្លាមៗ ដោយ​ឲ្យ​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ​ដដែល ដូច​អ្វីដែល​តុលាការ​ជាន់​ទាប​បានសម្រេច​។ តុលាការ​កំពូល យល់ថា ការសម្រេច​របស់​តុលាការ​ជាន់​ទាប​នាពេល​កន្លងមក គឺ​សម​ហេតុផល និង​ត្រឹមត្រូវ​តាម​នីតិវិធី​។



​លោក អ៊ុំ សំអាន ដែលមាន​ទោស ដោយសារ​ការរិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​ពន្ធនាគារ​វិញ បន្ទាប់ពី​តុលាការ​កំពូល ប្រកាស​សាលដីកា​រួច​។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​បណ្តឹងសាទុក្ខ​របស់​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ ដើម្បី​សុំ​ប្រឆាំងនឹង​តុលាការ​ជាន់​ទាប ដែល​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ​។

​មុននឹង​ឈានទៅដល់​តុលាការ​កំពូល លោក អ៊ុំ សំអាន ដែលមាន​ជំនាញ​ផ្នែក​ព្រំដែន ធ្លាប់​ពឹង​មេធាវី ឲ្យ​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​រួម​មកហើយ ដើម្បី​សុំ​ប្រឆាំងនឹង​ការដាក់ទោស​លើ​រូបលោក​។ ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​ច្រានចោល​។ ហេតុផល​របស់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល គឺ​ដូចគ្នា​។

​សូម​រម្លឹកថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២0១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​លោក អ៊ុំ សំអាន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំកន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​បួន​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការបញ្ចេញ​ទស្សនៈ​ពី​បញ្ហា​ព្រំដែន​តាម​ហ្វេ​ស​ប៊ុ​ក​។ មកដល់ពេលនេះ លោក បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​ជាមួយ​ឆ្នាំកន្លះ​ហើយ​៕


Tag:
 តុលាការ​
  មេធាវី​
  អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com