ជាតិ
ក្រសួង​អប់រំ ឲ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ជួយ​ទប់ស្កាត់​ភាពមិនប្រក្រតី នៅ​ថ្ងៃ​១៤ កុម្ភៈ​
10, Feb 2018 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ បានចេញ​សេចក្តីណែនាំ​មួយ ប្រាប់​ដល់​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ ឲ្យ​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ ពី​អត្ថន័យ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ថ្ងៃទី​១៤ កុម្ភៈ ដល់​សិស្សានុសិស្ស​របស់ខ្លួន​។​


​ការណែនាំ​នេះ ធ្វើឡើង​ដោយសារតែ​ក្រសួង​អប់រំ​សង្កេតឃើញថា សិស្សានុសិស្ស​មួយចំនួន​យល់ច្រឡំ​ថា ថ្ងៃទី​១៤ កុម្ភៈ គឺជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គូស្នេហ៍ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ទិវា​នេះ​បានធ្វើ​ឲ្យ​យុវវ័យ​ខ្លះ​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់ខ្លួន ដោយ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​។​
 
​ក្រៅតែពី​ការពន្យល់​ពី​អត្ថន័យ​ថ្ងៃ ១៤ កុម្ភៈ ក្រសួង​អប់រំ​ក៏​ណែនាំ​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ឲ្យ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ម៉ឺងម៉ាត់ ពិសេស​ការគ្រប់គ្រង​សីលធម៌ វិន័យ និង​តាមដាន​អវត្តមាន​សិស្ស​។ គ្រឹះស្ថាន​អប់រំ ត្រូវ​ជំរុញ​ដំណើរ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។ បើ​តា​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ដោយ​បន្តទៀតថា គ្រប់​គ្រឹះស្ថាន​អប់រំ ក៏​ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​សិស្ស ដើម្បី​សហការគ្នា​អប់រំ ណែនាំ និង​កែលម្អ​សិស្ស​៕

Tag:
 ក្រសួង​អប់រំ​
  បុណ្យ​នៃ​ក្ដី​ស្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com