ជាតិ
​បច្ចេកវិទ្យា
នៅ​កម្ពុជា រៀបចំ​ការប្រកួត​រ៉ូ​បូត​ថា្នក់​ជាតិ​លើក​ទី​១ នៅ​ដើមខែ​មីនា​
10, Feb 2018 , 9:19 pm        
រូបភាព
ដោយ:
​កម្មវិធី​ប្រកួត​រ៉ូ​បូត​ថា្នក់​ជាតិ​លើក​ទី​១ នៅ​កម្ពុជា នឹង​រៀបចំឡើង នៅ​ដើមខែ​មីនា​ខាងមុខនេះ​។ ការប្រកួត​នេះ ជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​ជាច្រើន​ទៀត ដែល​នឹង​បង្ហាញខ្លួន នៅក្នុង​«​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វករ​កម្ពុជា​» លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១ ដល់ទី​៣ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​



«​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វករ​កម្ពុជា​» ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​អង្គការ​ស្ទែ​ម​កម្ពុជា ក្នុង​បំណង​ជំរុញ​ឲ្យ​សិស្ស និស្សិត យុវជន អ្នកគ្រូ​លោកគ្រូ គ្រឹះស្ថានសិក្សា និង ស្ថាប័ន​ពាក់ព័ន្ធ យកចិត្តទុកដាក់​លើ​ការសិក្សា ការអប់រំ ការងារ​អាជីព វិជ្ជាជីវៈ ការប្រកួតប្រជែង ការស្រាវជ្រាវ និង​នវានុវត្តន៍ លើ​មុខជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វិស្វកម្ម និង​គណិតវិទ្យា (​ស្ទែ​ម​) ដែលជា​មុខជំនាញ​ដ៏​មាន​សក្តានុពល  ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​កម្ពុជា​។ 
 
​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ក្រៅតែពី​ការប្រកួត​រ៉ូ​បូត​ថា្នក់​ជាតិ​លើក​ទី​១​នៅ​កម្ពុជា នៅមាន​សកម្មភាព​សំខាន់ៗ​ជាច្រើន​នឹងត្រូវ​រៀបចំឡើង​ក្នុង​«​មហោស្រព​វិទ្យាសាស្ត្រ និង​វិស្វករ​កម្ពុជា​»​រយៈពេល​៣​ថ្ងៃ​នេះដែរ ដែល​រួមមាន ពិព័រណ៍​ស្ទែ​ម ការបង្ហាញ​គម្រោង​ស្ទែ​ម​ដែល​ផតល់ឱកាស​ឲ្យ​ពិសោធន៍​ផ្ទាល់ និង​អនុវត្ត​ជាក់ស្តែង​ដោយ​ខ្លួនឯង ការបង្ហាញ​យុទ្ធនាការ​ផ្សព្វផ្សាយ «​ស្ទែ​ម​ដើម្បី​អនាគត​ខ្ញុំ ស្ទែ​ម​ដើម្បី​កម្ពុជា​» សិក្ខាសាលា និង​ការប្រកួត​ជើងឯក​ស្ទែ​ម ការប្រកួតប្រជែង​គណិត​វិទ្យា និង​មានការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ស្ទែ​ម​ដើម្បី​អនាគត​ខ្ញុំ​៕

Tag:
 ក្រសួង​អប់រំ​
 ​ រ៉ូ​បូត​
 ​ ស្ទែ​ម
© រក្សាសិទ្ធិដោយ thmeythmey.com