ជាតិ
ប្រតិភូ​កុមារ​កម្ពុជា​២​រូប ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ប្រចាំ​តំបន់ ស្តីពី​ការកេងប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​
10, Feb 2018 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
​ក្មេងប្រុស និង​ក្មេងស្រី​កម្ពុជា​២​រូប​តំណាងឱ្យ​ប្រទេស បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​កុមារ​ក្នុង​តំបន់​អាស៊ាន ដើម្បី​កំណត់​ការឆ្លើយតប​រួមគ្នា​របស់​ជាតិ ក្នុងការ​បញ្ឈប់​ការកេងប្រវ័ញ្ច និង​ការរំលោភ​ផ្លូវភេទ​លើ​កុមារ នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​បណ្តា​រដ្ឋ​ជា​សមាជិក​ក្នុង​តំបន់​។ កិច្ចប្រជុំ​នេះ ធ្វើឡើង ពីថ្ងៃ​ទី ៧ ដល់ទី​៨ ខែកុម្ភៈ​កន្លងទៅ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី  រៀបចំឡើង​ដោយ​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​អាស៊ី (Child Rights Coalition Asia) ដែលមាន​ការគាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ (UNICEF)​។

 
​ប្រតិភូ​កុមារ​កម្ពុជា អម​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ​មកពី​ប្រទេស​ពីរ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត កំពុង​រៀបចំ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​មួយ ជាមួយ​តំណាង​ប្រហែល ១០០​នាក់ មកពី​ស្ថាប័ន​រាជ      រដ្ឋាភិបាល ភ្នាក់ងារ អង្គការសហប្រជាជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ក្រុមហ៊ុន​ឯកជន និង​ស្ថា​ប័​ន្ធ​អនុវត្ត​ច្បាប់​បរទេស​។  


 
​កុមារ​ទាំង​២ គឺ​ក្មេងប្រុស បុប្ផា អាយុ​១៧​ឆ្នាំ មកពី​ខេត្តស្វាយរៀង និង​ក្មេងស្រី​ឈ្មោះ វៃ អាយុ​១៧ ឆ្នាំ មកពី​ខេត្តព្រៃវែង​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan International)​ប្រចាំ​ប្រទេស​កម្ពុជា កុមារ​ទាំង​២ គឺជា​អ្នកដឹកនាំ​បណ្ដាញ​តស៊ូ​មតិ​កុមារ និង​មានបទពិសោធន៍​ច្រើន​ទាក់ទង​នឹង​កិច្ចការពារ​កុមារ និង​បញ្ហា​សិទ្ធិ​កុមារ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់ថា វា​គឺជា​ភាព​វិជ្ជមាន​ដែឡ​ល​បរិបទ​ជាក់លាក់ នៃ​ករណី​ក្នុងប្រទេស​កម្ពុជា នឹងត្រូវ​បាន​គេ​ដឹងឮ និង​យកមក​ពិចារណា តាមរយៈ​វត្តមាន​របស់​គណៈប្រតិភូ​កុមារ​កម្ពុជា​២​រូប ។​


 
​តាម​លោក ហោ កុសល មន្ត្រី​កិច្ចការពារ​កុមារ នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ ដែល​អមដំណើរ​កុមារ​កម្ពុជា​ទៅ​ចូលរួម​កិច្ចពិភាក្សា  កុមារ​ដែល​មកពី​តំបន់​អាស៊ីអាគ្នេយ៍ នឹងត្រូវ​បានស្នើ​សុំឱ្យ​ផ្តល់​អនុសាសន៍ និង​សំណូមពរ​នានា នៅក្នុង​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​បញ្ហា​កិច្ចការពារ​កុមារ នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាពិសេស ដោយសារ​កុមារ គឺជា​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់ និង​ប្រឈម​នឹង​ហានិភ័យ​ទាក់ទង​នឹង​អំពើហិង្សា​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ 
 
​ការសិក្សា​ដែល​ត្រូវបាន​លើកឡើង ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការ​ភ្លែ​ន​អន្តរជាតិ បាន​បង្ហាញថា   កុមារ និង​មនុស្ស​វ័យក្មេង បាន​បង្កើន និង​ចូលរួម​ញឹកញាប់ នៅក្នុង​សកម្មភាព​ជាច្រើន​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​ការរីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​ជា​សកល​កំពុងតែ​រីក​រាលដាល​នោះ​។  ការរីកចម្រើន​នៃ​បច្ចេកវិទ្យា មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​កុមារ​ក្នុងការ​ទទួលបាន​ព័ត៌មាន ការប្រាស្រ័យ​ទាក់ទង ការកម្សាន្ត និង​ព័ត៌មាន​ទាក់ទង​នឹង​វប្បធម៌​ដែល​អាចជួយ​ការអភិវឌ្ឍ​របស់​ពួកគេ  តែ​ស្របពេល​ជាមួយគ្នា​នោះ វា​ក៏បង្ក​ហានិភ័យ​ជាច្រើន ដោយសារតែ​ទំនាក់ទំនង​ទាំងនេះ បើកឱកាស​ថ្មីៗ​សម្រាប់​ការបន្ត​អំពើហិង្សា​ប្រឆាំងនឹង​កុមារ​។     


 
​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តំបន់​អាស៊ីអាគ្នេយ៍ បានក្លាយ​ទៅជា​ចំណុចក្តៅ​គគុក​មួយ ដែល​កំពុងតែ​កើតមានឡើង​ករណី​រំលោភបំពាន និង​ការកេងប្រវ័ញ្ច​លើ​កុមារ​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​។  ការបញ្ជាក់​ចំពោះ​និន្នាការ​នេះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) បានកំណត់​កិច្ចប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ជា​អាទិភាព​មួយ​សម្រាប់​តំបន់​ដូចដែល​បានបង្ហាញ​នៅក្នុង​ផែនការ​សកម្មភាព​តំបន់​អាស៊ាន  ស្តីពី​ការលុបបំបាត់​អំពើហិង្សា​លើ​កុមារ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ចំពោះ​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៅ​ឆ្នាំ​២០៣០៕









Tag:
 កុមារ​
 ​ កេងប្រវ័ញ្ច​
 ​ អ៊ីនធឺណិត​
© រក្សាសិទ្ធិដោយ thmeythmey.com