ជាតិ
សង្គមជាតិ
ស្ថាប័ន​គ្រប់គ្រង​ចរាចរណ៍​ផ្លូវគោក ប្រាប់​ឲ្យ​អ្នកបើកបរ ប្រុងប្រយ័ត្ន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​
11, Feb 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ គោរព​ច្បាប់​ចរាចរណ៍ ក្នុងការ​បើកបរ ដូចជា គោរព​សិទ្ធិ​អាទិភាព​គ្នា​, ពាក់​ខ្សែក្រវាត់​ការពារ​, ពាក់​មួយ​សុវត្ថិភាព​, បើកបរ​ក្នុង​ល្បឿន​កំណត់ និង​មិន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ជាដើម​។ សេចក្ដីអំពាវនាវ​ខាងលើ ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២0១៨​។​


​សេចក្ដីអំពាវនាវ​ខាងលើ បន្តថា អ្នកបើកបរ ត្រូវ​ដឹកទំនិញ ឬ​អ្នកដំណើរ​តាមច្បាប់​កំណត់ ព្រមទាំង​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច និង​យោគយល់​គ្នា​។ សេចក្តីអំពាវនាវ បានបញ្ជាក់​បែបនេះ​ថា​៖«​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ខាងមុខនេះ អ្នកប្រើប្រាស់​ផ្លូវ ត្រូវគោរព​ច្បាប់​»​។ 
 
​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​កត់សម្គាល់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក តែងតែមាន​កំណើន​ខ្ពស់ រាល់​ឱកាស​ពិធីបុណ្យ​ផ្សេងៗ ដែល​បណ្ដាល​ឲ្យ​មាន​កំណើន​ជន​គ្រោះ និង​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​។ តាមរយៈ​សេចក្តីអំពាវនាវ ស្ថាប័ន​គ្រប់គ្រង​ចរាចរណ៍​ផ្លូវគោក​នេះ បាន​លើកឡើងថា​៖«​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាលមកពី​បើក​យានយន្ត​មិន​គោរ​ច្បាប់ ឬ​ធ្វេសប្រហែស ដូចជា បើកបរ​លើស​ល្បឿន​កំណត់ ក្នុងស្ថានភាព​ស្រវឹង មិន​គោរព​សិទ្ធិ​អាទិភាព មិន​ពាក់មួក​សុវត្ថិភាព ការ​វ៉ា​ប្រជែង​ទាំង​ប្រថុយប្រថាន ការដឹក​ទំនិញ ឬ​អ្នកដំណើរ​លើស​កំណត់​ជាដើម​»​។ 
 
​ស្រម​គ្នា​នេះ​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​សេចក្ដីណែនាំ ស្ដីពី កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម និង​កូរ៉េ ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១៥ ដល់​១៨ ខែកុម្ភៈ ឆ្នាំ​២0១៨​។ 
 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ក្នុង​សេចក្តីណែនាំ​ថា ប្រធាន​នាយកដ្ឋាន ប្រធាន​អង្គភាព និង​ស្នងការ​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​នូវ​វិធានការ ដើម្បី​ធានា​ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​។ អគ្គស្នងការ​នគរបាល​ជាតិ ណែនាំ​ដូច្នេះ​ថា​៖«​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ ហើយ​និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតមាន​ជាយថាហេតុ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​»៕

Tag:
 ស ខេង​
 ​ ចូលឆ្នាំ​ចិន​
  ​ចរាចរណ៍​
 ​ នេ​ត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com